សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ ស៊ីខៅឌូ បានបញ្ចប់កិច្ចសន្យាការងារជាមួយ លោក អាត់ ធន់ ដែលមានតួនាទីជាអនុប្រធាន ដោយចោទប្រកាន់ថា បានប្រព្រឹត្តអំពើញុះញង់ និងបំបែកបំបាក់សាមគ្គីភាព រួមទាំងការមិនអនុវត្តតាមបទបញ្ជាផ្ទៃក្នុង។
យោងតាមលិខិតរបស់ ស៊ីខៅឌូ ដែលជម្រាបមកកាន់ លោក អាត់ ធន់ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ឱ្យដឹងថា ស៊ីខៅឌូ បានសម្រេចបញ្ចប់កិច្ចសន្យាការងារជាមួយ លោក ធន់ ចាប់ពីថ្ងៃចេញលិខិតនេះតទៅ និងហាមប្រាមក្នុងការចេញចូលការិយាល័យស៊ីខៅឌូទៀតផង។
លិខិតនោះ បានគូសបញ្ជាក់ថា ការបញ្ចប់កិច្ចសន្យាការងារនេះ ក្រោយរកឃើញថា ចាប់តាំងពីមហាសន្និបាតលើកទី៨ កាលពីឆ្នាំ២០២៣ លោក អាត់ ធន់ មិនបានអនុវត្តបទបញ្ជាផ្ទៃក្នុង និងញុះញង់សហជីពមូលដ្ឋានឱ្យឈប់បង់ភាគទាន និងគ្រោងរៀបចំបង្កើតសហព័ន្ធសហជីពថ្មីមួយ រួមទាំងរាយការណ៍ទៅម្ចាស់ជំនួយ ដែលជាចេតនានាំឱ្យកាត់ជំនួយមួយចំនួន ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការទ្រទ្រង់ស្ថាប័ន។
លោក គង់ អាទិត្យ ប្រធានសហជីពស៊ីខៅឌូ មានប្រសាសន៍ថា លោកមានភស្តុតាងគ្រប់គ្រាន់ចំពោះការចោទប្រកាន់លើលោក អាត់ ធន់ តែលោកបដិសេធក្នុងការផ្ដល់អត្ថាធិប្បាយលម្អិត ក្រោមហេតុផលថា ជាកិច្ចការផ្ទៃក្នុង។
លោកបញ្ជាក់ថា៖ «ខ្ញុំមិនអត្ថាធិប្បាយលម្អិតទេ ព្រោះជារឿងផ្ទៃក្នុងស្ថាប័ន»។
កាលពីខែសីហា ឆ្នាំ២០២៣ លោក អាត់ ធន់ ត្រូវបានសមាជិក ស៊ីខៅឌូ បោះឆ្នោតផ្ដល់ការទុកចិត្ត តាមរយៈមហាសន្និបាតលើកទី៨ ឱ្យជាប់ជាអនុប្រធាន និងលោកគង់ អាទិត្យ ជាប្រធានសហជីព។ ការងារ លោក អាត់ ធន់ នឹងផុតអាណត្តិនៅឆ្នាំ២០២៧ ខាងមុខ។
លោក អាត់ ធន់ ដែលពីមុនក៏ជាធ្លាប់ជាប្រធានសហជីព ស៊ីខៅឌូ និងបច្ចុប្បន្នជាអនុប្រធានសហជីពដដែលនេះ ថ្លែងថា ការចោទប្រកាន់មកលើរូបលោកបែបនេះ គឺជារឿងប្រឌិត។ លោកបានប្រឆាំងនឹងការបញ្ចប់កិច្ចសន្យាការងារនេះ ហើយថា ប្រធានសហជីពស៊ីខៅឌូ លោក គង់ អាទិត្យ មិនមានសិទ្ធិក្នុងការធ្វើរឿងនេះតែឯងនោះទេ។
លោកបន្តថា៖ «យើងអត់ទទួលស្គាល់ទេ យើងនឹងបន្តនីតិវិធីយើងទៅគណៈកម្មការប្រតិបត្តិ ក្រុមប្រឹក្សា ឬក៏ទៅក្រសួង ទៅស្ថាប័នពាក់ព័ន្ធ។ គ្រាន់តែការធ្វើរបស់គាត់ (គង់ អាទិត្យ) វាអត់ត្រូវ គាត់អត់មានសិទ្ធិនៅក្នុងការធ្វើចឹងទេ»។
លោក អាត់ ធន់ អះអាងថា ប្រធានសហជីព ស៊ីខៅឌូ តែងតែប្រឌិតរឿង ហើយអ្នកមិនអនុវត្តតាមបទបញ្ជាផ្ទៃក្នុងមានតែខ្លួនគាត់ប៉ុណ្ណោះ។ លោកបន្តអះអាងថា កាលពីពេលកន្លងទៅ មន្រ្តីហិរញ្ញឹក ក៏ត្រូវបានបញ្ចប់កិច្ចសន្យាការងារផងដែរ ក្រោយស្នើសុំពិនិត្យមើលរបាយការណ៍ហិរញ្ញវត្ថុតាមគោលការណ៍របស់ស្ថាប័ន។
លោក យ៉ាន សារ៉ាន់ សមាជិកសហជីពស៊ីខៅឌូ ចោទថា លោក គង់ អាទិត្យ អនុវត្តការងារតាមតែអំពើចិត្ត ដោយពុំបានឆ្លងកាត់ការប្រជុំជាមួយគណៈកម្មការប្រតិបត្តិផ្សេងទៀតនោះទេ។ ជាក់ស្ដែង លោក សារ៉ាន់ ផ្ទាល់ ក៏ត្រូវបានលោក គង់ អាទិត្យ បញ្ឈប់ការងារពីសហភាពការងារកម្ពុជាផងដែរ កាលពីឆ្នាំមុន ក្រោយលោក អាទិត្យ ជាប់ឆ្នោតជាប្រធាន។
លោកនិយាយថា៖ «ខ្ញុំគិតថា ការបញ្ឈប់គាត់មិនត្រឹមត្រូវទេ រកលេសកំណត់ហេតុនេះ យកលេសកំណត់ហេតុនោះ យកលេសពីការព្យួរភាគទានបង់ចូលស៊ីខៅឌូ និងលិខិតលាឈប់ពីស៊ីខាឌូ ថា លោក អាត់ ធន់ អ្នកញុះញង់ចឹង។ ព្រោះគាត់ដឹកនាំដោយបុគ្គលម្នាក់ឯង ធ្វើអីដោយបុគ្គលម្នាក់ឯង មិនយកគណៈកម្មការប្រតិបត្តិ ធ្វើអីក៏មិនប្រជុំគណៈកម្មការប្រតិបត្តិ ខ្លួនឯងរំលោភលក្ខន្តិកៈ»។
អ្នកស្រី អ៊ុក ផល្លា កម្មការិនីបម្រើការងារនៅរោងចក្រកាត់ដេរមួយកន្លែង ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្ហាញអារម្មណ៍សោកស្ដាយ នៅពេលឮដំណឹងថា លោក អាត់ ធន់ ត្រូវបានបញ្ឈប់ពីការងារ ជាថ្នាក់ដឹកនាំសហជីពស៊ីខៅឌូ។
អ្នកស្រី ផល្លា ដែលជាអតីតសមាជិកសហជីពស៊ីខៅឌូនៅមូលដ្ឋាន ធ្លាប់ធ្វើការជាមួយលោក អាត់ ធន់ បានរយៈពេល២ឆ្នាំដែរនោះ បានលើកឡើងថា៖ «ធ្វើការមួយគាត់ (លោក អាត់ ធន់)ធម្មតា តែបើរឿងផ្ទៃក្នុងគាត់ម៉េចអត់ដឹងដែរ។ កាលខ្ញុំនៅ [លោក អាត់ ធន់ ដូច ] អត់មានការ[ញុះញង់]បំបែកបំបាក់ចឹង»។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន ចាត់ទុកករណីនេះ ជាកិច្ចការផ្ទៃក្នុង ហើយលោកថា ក្រសួងការងារ ក៏ទើបទទួលបានដំណឹងពីការបញ្ឈប់ការងារលោក អាត់ ធន់ នេះផងដែរ។
លោកបន្តថា៖ «ករណីមានពាក្យបណ្តឹងណាមួយមកក្រសួង យើងនឹងពិនិត្យដោះស្រាយទៅតាមផ្លូវច្បាប់ និងលក្ខខណ្ឌដែលកំណត់ក្នុងលក្ខន្តិកៈរបស់អង្គការវិជ្ជាជីវៈ»។
នៅមហាសន្និបាតអាណត្តិទី៥ របស់សហភាពការងារកម្ពុជា ហៅកាត់ថា CLC បានរៀបចំឡើងនៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។ ក្នុងមហាសន្និបាតនោះ លោក គង់ អាទិត្យ ត្រូវបានជាប់ឆ្នោតជាប្រធានថ្មីរបស់ CLC ជំនួសលោក អាត់ ធន់ ដែលបានកាន់តួនាទីនេះអស់រយៈពេល១៨ឆ្នាំ គិតតាំងពីបង្កើតមក។
លោក អាត់ ធន់ ដែលមិនបានជាប់ឆ្នោតជាថ្មី សម្រាប់អាណត្តិទី៥ បានលើកឡើងថា លោកនៅតែបន្តការងារលើកកម្ពស់សិទ្ធិការងារ នៅក្នុងតួនាទីរបស់លោក ក្នុងនាមជាអនុប្រធានសហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU)៕
…………………………
អត្ថបទដោយ៖ វ៉ា សុភានុត