CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

ខេមបូចា៖ ការយាយីតាមផ្លូវច្បាប់កើនឡើងជិត៩០ភាគរយលើអ្នកកាសែតក្នុងឆ្នាំ២០២៤

CJs khmer ដោយ CJs khmer
April 2, 2025
ក្នុង សង្គម, សិទ្ធិមនុស្ស
0
ខេមបូចា៖ ការយាយីតាមផ្លូវច្បាប់កើនឡើងជិត៩០ភាគរយលើអ្នកកាសែតក្នុងឆ្នាំ២០២៤

អ្នកសារព័ត៌មានមួយរូប កំពុងថតរូប និងវីដេអូ ដោយទូរសព្ទដៃ និងកាមេរ៉ា នៅ​ទីតាំងមួយកន្លែងក្នុងរាជធានីភ្នំពេញ។ ( រូបភាព៖ ខេមបូចា)

0
ចែករំលែក
78
ចំនួនមើល

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា រកឃើញថា ក្នុងឆ្នាំ២០២៤ មានការយាយីប្រឆាំងនឹងអ្នកកាសែតចំនួន៦៤នាក់ ដែលស្មើ៤១ករណី ក្រោមរូបភាព បំភិតបំភ័យផ្នែកច្បាប់ ការប្ដឹង ការឃុំខ្លួន ការចោទប្រកាន់​ និងការដកហូតអាជ្ញាប័ណ្ណ ខណៈការយាយីតាមផ្លូវច្បាប់កើនឡើងជិត៩០ភាគរយលើអ្នកកាសែត។

យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ខេមបូចា ដែលបានចុះផ្សាយកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ឱ្យដឹងថា ស្ថានភាព​ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា នៅតែបន្តធ្លាក់ចុះ ដោយអ្នកកាសែត​ប្រឈម​នឹង​ការ​គំរាម​កំហែងកាន់តែខ្លាំង និងការធ្វើទុក្ខបុកម្នេញតាមផ្លូវច្បាប់ រួមទាំងអំពើហិង្សាក្នុងការអនុវត្តការងាររបស់ពួកគេ។

ខេមបូចា បញ្ជាក់ថា យ៉ាងហោចណាស់ មានអ្នកកាសែតចំនួន៥នាក់ ត្រូវបានឃុំខ្លួនបណ្ដោះ​អាសន្ន​ ឬកាត់ទោស ពាក់ព័ន្ធនឹង​ការអនុវត្តការងាររបស់ខ្លួន។ ចំណែក ការប្រើហិង្សាលើអ្នកកាសែត មាន៦ករណី ក្នុងនោះមានការ​​គំរាមកំហែង វាយដំដោយ​​ឧបករណ៍ ការវាយប្រហារផ្ទាល់​ខ្លួន និង​​​សោកនាដកម្មសម្លាប់អ្នកកាសែត លោក ឈឿង ឆេង នៅខេត្តសៀមរាប កាលពីចុងឆ្នាំ២០២៤។

បើតាមខ្លឹមសារក្នុងរបាយការណ៍ ក្នុងចំណោមករណីដែលបានចងក្រងទាំង៤១នោះ ការរាយការណ៍អំពីការកាប់បំផ្លាញព្រៃឈើ និងបញ្ហាបរិស្ថាន បាន​រងការ​យាយី​ច្រើន​​ជាងគេ​ ពោលគឺមាន​១៦ករណី បន្ទាប់មកគឺអ្នកកាសែតដែល​​រាយការណ៍ពីវិវាទដីធ្លី ដែលមាន​ចំនួន៧ករណី។

របាយការណ៍ ក៏បានកត់សម្គាល់ដែរថា មានការកើនឡើង ២៨ភាគរយ នៃករណីដែលបានរាយការណ៍សរុបបើប្រៀបធៀបទៅនឹងឆ្នាំ ២០២៣ ដែលមានករណីបៀតបៀនតែ ៣២ករណី ពាក់ព័ន្ធនឹងអ្នកសារព័ត៌មានចំនួន ៥៩នាក់ និងកើនឡើងចំនួន ៨៧ភាគរយ ករណីនៃការយាយីផ្លូវច្បាប់លើអ្នកកាសែត។

លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា មាន​ប្រសាសន៍នៅថ្ងៃទី០២ ខែមេសា ឆ្នាំ​២០២៥នេះថា ការកើនឡើងករណីធ្វើទុកបុកម្នេញលើអ្នកកាសែត តាមរយៈយន្តការច្បាប់បានឆ្លុះបញ្ចាំងថា ច្បាប់មាននិយមន័យទូលំទូលាយ ជាពិសេសពាក់ព័ន្ធនឹងក្រមព្រហ្មទណ្ឌ ដែលលោកទាមទារឱ្យមានការធ្វើវិសោធនកម្មច្បាប់នេះឱ្យស្របតាមស្ដង់ដារសិទ្ធិមនុស្សអន្តរជាតិ។

លោកនិយាយថា៖ «ដំណោះស្រាយជុំវិញបញ្ហានេះ យើងគួរតែពិនិត្យមើលច្បាប់ពាក់ព័ន្ធដូចជា ក្រមព្រហ្មទណ្ឌ ច្បាប់ប៉ះពាល់ដល់អង្គព្រះមហាក្សត្រ និងច្បាប់ផ្សេងៗ ដែលកំពុងគំរាមកំហែងដល់ការងារអ្នកសារព័ត៌មាន។ ច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាននិងច្បាប់ស្ដីពីរបបសារព័ត៌មាន គួរតែអនុម័តនិងធ្វើវិសោធនកម្មឱ្យបានឆាប់រហ័ស។ ចំណែកច្បាប់ស្ដីពីក្រមព្រហ្មទណ្ឌអីហ្នឹង គួរតែយកមកធ្វើវិសោធនកម្មឡើងវិញធ្វើម៉េចឱ្យឆ្លើយតបរឿងស្ដង់ដារសិទ្ធិមនុស្សអន្តរជាតិ»។

អ្នកសារព័ត៌មានអនឡាញ HPN NEWS លោក សឿ សុជា និយាយថា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ លោកត្រូវបានតុលាការឃុំខ្លួនជាបណ្ដោះអាសន្ន ហើយដោះលែងវិញនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ​ដដែល ក្រោមបទចោទញុះញង់ និង​បរិហាកេរ្ត៍ តាមបណ្ដឹងអតីតប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ជុំវិញសេចក្ដីរាយការណ៍របស់លោកអំពីការកាប់បំផ្លាញព្រៃឈើនៅខេត្តនេះ។

លោក និយាយថា៖ «ប្ដឹងហ្នឹងករណីនឹងការយកព័ត៌មានរបស់ខ្ញុំ យកព័ត៌មានហើយរាយការណ៍ទៅអង្គភាពឱ្យចុះផ្សាយហើយគេប្ដឹង រឿងដែលប្រធានមន្ទីរ[បរិស្ថានខេត្តកំពង់ធំ]គាត់ប្ដឹងខ្ញុំគឺរឿងដែលយើងចុះយកព័ត៌មានករណីព្រៃឡង់ ករណីបំផ្លាញព្រៃឈើ គេថាយើងនិយាយមិនពិត តែបញ្ហាទាំងអស់ហ្នឹង ត្រូវបានតុលាការទម្លាក់បទចោទខ្លះ គាត់ចោទប្រកាន់ខ្លះ»។

ការប្តឹង​ផ្តល់​ដោយសារតែការ​រាយការណ៍​រឿង​បទល្មើស​ព្រៃឈើ​នេះ លោក​ចាត់ទុកថា ជាការ​ធ្វើ​ទុក្ខ​បុកម្នេញ​ និង​បំភិត​បំភ័យ​ដល់​អ្នកសារព័ត៌មាន​ដែលហ៊ានរាយការណ៍​ការពិត។

លោកថា៖ «វាជាការបំភិតបំភ័យដាក់សម្ពាធមកលើខ្ញុំ យកបញ្ហាតុលាការមកចោទប្រកាន់ដោយសារតែគេមានបក្សមានពួកមានខ្សែរចឹង គឺជាការបំភិតបំភ័យឱ្យយើងខ្លាច»។

ដោយឡែក លោក ធារ៉ា អ្នកសារព័ត៌មាននៅអង្គភាពសារព័ត៌មានហង្សតូច ក៏បានរៀបរាប់ដែរថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ លោកត្រូវបានកងរាជអាវុធហត្ថខេត្តមួយរូប ប្រើអំពើហិង្សាដោយវាយដំត្រូវមុខ និងធ្វើ​ឱ្យ​បែកទូរសព្ទ​មួយគ្រឿង ក្រោយលោកបដិសេធឈប់ឡាយវីដេអូព័ត៌មាន អំពីសកម្មភាពជនសង្ស័យម្នាក់កំពុងឡើងរបងផ្ទះពលរដ្ឋបម្រុងលួចសម្ភារៈ នៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។  

លោកនិយាយថា៖ «ចុះយកព័ត៌មានដោយមាន​សម្ពាធមួយសម្រាប់យើងអ្នកសារព័ត៌មាន ដែលគាត់ជាមន្រ្តីអនុវត្តច្បាប់ បែរជាគាត់អត់ដឹងពីកាតព្វកិច្ចរបស់អ្នកសារព័ត៌មាន ដែលចុះយក​ព័ត៌មានកន្លែងកើតហេតុការណ៍ដែលកើតឡើង ហាក់បីដូចជាចង់កាងកន្លែង គេហៅថាការពារចោរ ខ្ញុំទៅផ្សាយចោរបែរជាមករារាំង ព្យាយាម ឱ្យខ្ញុំលុបវីដេអូ តែខ្ញុំមិនលុប»។

អ្នកនាំពាក្យក្រសួង​ព័ត៌​មាន​ លោក​ ទេព អស្នារិទ្ធ មានប្រសាសន៍​នៅល្ងាចថ្ងៃទី០២ ខែមេសា ថា ដើម្បី​ឱ្យរបាយការណ៍​របស់ខេមបូចា អាច​ក្លាយជាធាតុចូល​ដ៏សំខាន់ ក្នុងការរកដំណោះស្រាយ​បញ្ហា​ដែល​ពាក់ព័ន្ធនឹងវិវាទ​របស់​អ្នកកាសែត ការចងក្រងរបាយការណ៍នេះ គួរតែមានការ​ចូលរួមពីអាជ្ញាធរមូលដ្ឋាន និងក្រសួងព័ត៌មាន។

លោកថ្លែង​ថា៖ «ខ្ញុំសូមលើកទឹកចិត្ត​ការរៀបចំរបាយការណ៍ទាំងពេលបច្ចុប្បន្ន និងរបាយការណ៍​នៅ​ពេល​ខាងមុខទៀត ធ្វើយ៉ាងណាស្វែងរកការសហការបន្ថែម ពីអាជ្ញាធរពាក់ព័ន្ធ​នៅក្នុងភូមិសាស្រ្ត ដែលមានហេតុការណ៍ ឬក៏អ្នកសារព័ត៌មានបានជួបបញ្ហានោះ។ បន្ថែមពីលើនោះ ត្រូវផ្ដល់របាយការណ៍ ក៏ដូចជាស្វែងការសហការឱ្យបានខ្លាំងជាមួយ​នឹងក្រសួងព័ត៌មានបន្ថែម ដើម្បីយើងរួមគ្នាស្វែងរកដំណោះស្រាយសមស្រប រាល់បញ្ហា ដោះស្រាយបញ្ហា និងវិវាទអ្នកសារព័ត៌មានយើងបានជួបប្រទះ»។

តែយ៉ាងណា កាលពីពេលកន្លងទៅ លោក ទេព អស្នារិទ្ធ ធ្លាប់បានលើកឡើងថា ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅកម្ពុជា មាន​ភាពវិជ្ជមាន​ច្រើន​ក្នុងឆ្នាំ​២០២៤ ខណៈសិទ្ធិ​ទទួល​បាន​​ព័ត៌មាន​របស់​ប្រជា​ពលរដ្ឋទំាងក្នុង និងក្រៅប្រទេស ក៏​មាន​លក្ខណៈ​ទូលំទូលាយ និងប្រកប​ដោយជំនឿទុកចិត្ត។​

បើតាមលោក អស្នារិទ្ធ​ ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ការ​ស្ទង់​មតិ​ អ្នក​សារព័ត៌មាន​ចំនួន​ ៧៩.៨%​ បានឆ្លើយ​​ថា​ សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​មានភាព​ល្អ​ប្រសើរ​ ខណៈ​អ្នក​សារព័ត៌មានប្រមាណ​៨០%​ បាន​អះអាង​ថា ខ្លួន​មាន​សេរីភាព​ពេញ​លេញ​ ក្នុង​ការប្រកប​អាជីព​ជា​អ្នក​សារព័ត៌មាន​ ដោយ​​អនុវត្ត​ការ​ងារ​ មាន​ភាព​ងាយ​ស្រួល​ មាន​សុវត្ថិភាព និង​ធ្វើការ​ដោយ​ឯករាជ្យភាព​។

អង្គការអ្នករាយការណ៍គ្មានព្រំដែន (Reporter without Border) បានទម្លាក់​ចំណាត់​ថ្នាក់សេរីភាពសារព័ត៌មានកម្ពុជាដល់ទៅ១៥១ ក្នុងចំណោម១៨០ប្រទេស នៅឆ្នាំ២០២៤នេះ ពោល​របូតអស់៤ពិន្ទុ បើធៀបនឹងឆ្នាំ២០២៣។ ឆ្នាំ២០២៣ កម្ពុជាឈរនៅលេខរៀង១៤៧ លើ១៨០។ តែនៅឆ្នាំ២០២៤នេះ កម្ពុជាឈរនៅពីមុខបណ្ដាប្រទេសអាស៊ានចំនួន៣ គឺភូមា វៀតណាម និងឡាវ។

ផ្អែកតាមរបាយការណ៍ខាងលើ ខេមបូចា បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការវាយប្រហារដែលកំពុងបន្តមាន​ ទៅ​​លើសេរីភាពសារព័ត៌មាន និងអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាចាត់​វិធានការជាបន្ទាន់ ដោយ​ស៊ើបអង្កេតរាល់ករណីនៃការយាយីប្រឆាំងនឹងអ្នកសារព័ត៌មាន ចាប់ជនល្មើសទទួលខុសត្រូវ និងធានាថាពួកគេប្រឈមមុខផ្លូវច្បាប់ និងបង្កើតបរិយាកាសសុវត្ថិភាព ដែលអ្នកសារព័ត៌មានអាចធ្វើការដោយគ្មានការភ័យខ្លាច ការបំភិតបំភ័យ អំពើហិង្សា ឬការសងសឹកតាមផ្លូវច្បាប់៕

………………………………
អត្ថបទដោយ៖ វ៉ា សុភានុត

អត្ថបទមុន

បទយកការណ៍៖ អ្នក​រើសអេតចាយ​ស្នើ​ឱ្យ​រដ្ឋ​​​ផ្តល់​​កិច្ច​គាំពារ​សង្គម​ដល់​ពួក​គេ​ ​ដើម្បី​​​ដោះ​ស្រាយជីវភាព

អត្ថបទបន្ទាប់

​សហរដ្ឋ​អាមេរិក​​​យក​​ពន្ធ​​ពី​​កម្ពុជា​៤៩%​​ដែល​ជា​ចំនួន​ច្រើន​ជាង​គេ​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​

អត្ថបទបន្ទាប់
លោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ បានលើកតារាងឬបញ្ជីឈ្មោះប្រទេសដែលលោកបានចុះហត្ថលេខាលើគោលនយោបាយ“ពន្ធគយ”នៅសេតវិមាន។ (រូបភាព ហ្វេសប៊ុក CNB NEWS)

​សហរដ្ឋ​អាមេរិក​​​យក​​ពន្ធ​​ពី​​កម្ពុជា​៤៩%​​ដែល​ជា​ចំនួន​ច្រើន​ជាង​គេ​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង