CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី គម្រោងលើកកម្ពស់សិទ្ធិ (ARC)

ស្រ្តីខ្មែរ​២​នាក់​ដែល​ឈ្មួញលក់​ទៅការប្តី​នៅប្រទេសចិន​ត្រូវបាន​ជួយ​សង្រ្គោះ​ឱ្យ​មក​​កម្ពុជា​​វិញ

Admin ដោយ Admin
January 4, 2023
ក្នុង គម្រោងលើកកម្ពស់សិទ្ធិ (ARC), យែនឌ័រ
0
ស្រ្តីខ្មែរ​២​នាក់​ដែល​ឈ្មួញលក់​ទៅការប្តី​នៅប្រទេសចិន​ត្រូវបាន​ជួយ​សង្រ្គោះ​ឱ្យ​មក​​កម្ពុជា​​វិញ

(រូបតំណាង) នារីម្នាក់យកដៃទាំងសងខាងតោងចម្រឹងបង្អួច។ (ហ៊ុយ ឧស្សាហ៍)

0
ចែករំលែក
163
ចំនួនមើល

អាជ្ញាធរកម្ពុជា​បានជួយ​សង្គ្រោះស្ត្រីខ្មែរ​២នាក់​បងប្អូន​បង្កើត​ដែល​ត្រូវ​ឈ្មួញ​លក់​ទៅ​ប្រទេសចិន ក្រោមរូបភាព​រៀបការ​ប្ដី​ចិន ឱ្យ​វិលត្រលប់​មក​កម្ពុជា​វិញ​កាលពី​ចុងខែធ្នូ កន្លង​ទៅ បន្ទាប់​ពីសមត្ថកិច្ច​ចិន​បាន​ឃុំខ្លួន​អស់រយៈពេល​៥​ខែ។

អ្នកស្រី តាណា (ឈ្មោះអ្នកសារព័ត៌ដាក់ឱ្យ) ជាបងស្រី វ័យ១៩ឆ្នាំ ផ្តល់បទសម្ភាសន៍តាមទូរសព្ទថា ពួកនាងបានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ហើយបច្ចុប្បន្ន កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមណ្ឌលចត្តាឡីស័កមួយកន្លែង ស្ថិតនៅជាយរាជធានីភ្នំពេញ។ ប្រភពដដែលបន្តថា នាងមានស្រុកកំណើតនៅខេត្តក្រចេះ បានទៅប្រទេសចិនដោយខុសច្បាប់ ដើម្បីរៀបការប្ដីជាជនជាតិចិន កាលពីអំឡុងឆ្នាំ២០១៨ និង២០១៩ ក្រោមការរៀបចំរបស់ឈ្មួញជាជនជាតិខ្មែរ។ ស្ត្រីរូបនេះបន្តថា នាងបានទៅរស់នៅប្រទេសចិនជាច្រើនឆ្នាំ ប៉ុន្តែដោយសារការនឹករលឹកដល់ស្រុកកំណើត និងឪពុកម្តាយផង នាងបានស្នើសុំប្តីមកលេងប្រទេសកម្ពុជាជាច្រើនដង។ ក៏ប៉ុន្តែ ប្ដីជាជនជាតិចិនរបស់នាង ពុំព្រមធ្វើលិខិត​ឆ្លងដែន ដើម្បីនាងបានវិលត្រលប់មកកម្ពុជាវិញទេ។ ចំណែកការរស់នៅប្រទេសចិនខុសច្បាប់ បានធ្វើឱ្យនាងពិបាករស់នៅ និងធ្វើដំណើរ ឬមិនអាចធ្វើការងារអ្វីបានឡើយ។ បន្ទាប់មក ពួកនាងបានសម្រេចចិត្តរត់គេចទៅឱ្យសមត្ថកិច្ចចិនជួយសង្គ្រោះ តែត្រូវសមត្ថកិច្ចចិនឃុំខ្លួនអស់រយៈពេល៥ខែ មុនពេលបញ្ជូនមកកម្ពុជា។

អ្នកស្រី តាណា (ឈ្មោះអ្នកសារព័ត៌ដាក់ឱ្យ) បានថ្លែងថា៖ «រត់មកខ្មែរដោយសារប៉ាម៉ាក់ខ្ញុំគាត់ឈឺ។ គាត់ (ប្ដីចិន) ថាអត់មានលុយគ្រប់គ្រាន់សម្រាប់ឱ្យខ្ញុំមកចឹង សូមច្រើនដងដែរហើយ។ នៅស្រុកគេខុសច្បាប់ រឿងពិបាក យើងដើរទៅណាអត់កើត ប៉ូលិសចាប់ប៉ូលិសអីចឹង ខ្ញុំអត់អាចធ្វើការបាន»។

អ្នកស្រី តាណា រៀបរាប់ថា ក្នុងបន្ទប់ឃុំឃាំងដែលនាងរស់នៅក្នុងប្រទេសចិន គឺមានទទឹង៥ម៉ែត្រ និងបណ្ដោយ៨ម៉ែត្រ ដោយមានគ្រែដែកចំនួន៧ជាប់ៗគ្នា។ ក្នុងបន្ទប់នោះ មានស្រ្តីចំនួន ៨នាក់ ស្នាក់នៅ រួមគ្នា ដោយរួមមានជនជាតិខ្មែរ៧នាក់ និងជនជាតិឡាវម្នាក់។ ពួកគេ សុទ្ធតែរស់នៅខុសច្បាប់ ដោយត្រូវឈ្មួញលក់យកទៅរៀបការប្ដីចិន ហើយចង់វិលត្រលប់មកប្រទេសកំណើតវិញ។

នៅពេលជាប់ឃុំនៅប្រទេសចិន សមត្ថកិច្ចចិនបានផ្ដល់អាហារបែបចិនចំនួន៣ពេល និងសាប៊ូសម្រាប់ប្រើប្រាស់ ហើយពួកគេអាចងូតទឹកបាន២ដងក្នុងមួយថ្ងៃ។ ចំណែកខោអាវ អាចស្លៀកពាក់បានធម្មតា ប៉ុន្តែតម្រូវឱ្យស៊កអាវពណ៌ខៀវពីខាងក្រៅ។ ក្រៅពីក្នុងបន្ទប់ ពួកគេអាចត្រឹមចេញទៅបរិវេណខាងក្រៅត្រឹមតែ១ម៉ែត្រ ដើម្បីហាលខោអាវប៉ុណ្ណោះ។

ស្ត្រីដដែលបាននិយាយថា៖ «ខ្ញុំឃុំតាំងពីថ្ងៃទី០៧​ ​ខែ០៧ រហូតដល់ថ្ងៃទី២៧ ខែ១២ ទើបខ្ញុំបានចេញមក។​ គេ (សមត្ថកិច្ចចិន) ប្រាប់ដែរថា យើងខុសច្បាប់ គេយកមកឃុំហ្នឹង ដំបូងគេប្រាប់ខ្ញុំថាឃុំតែប៉ុន្មានថ្ងៃទេ»។

លោក ភារុន ដែលត្រូវជាឪពុករបស់ក្មេងស្រីទាំង២នាក់នេះ បាននិយាយថា លោកចង់ឱ្យកូនរៀនកុំព្យូទ័រ និងភាសាបរទេសបន្ថែម ដើម្បីអាចធ្វើការនៅក្នុងប្រទេស ហើយមិនឱ្យពួកគេវិលត្រលប់ទៅប្រទេសចិនវិញឡើយ។

លោក និយាយថា៖ «ដាច់ខាតមិនឱ្យទៅវិញ បើថាធ្វើលិខិតឆ្លងដែនចង់ទៅលេងកូនបាន វាទៅលេងទៅ បើឱ្យទៅនៅណុងទៀតខ្ញុំឈប់ឱ្យទៅហើយ»។

លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង​អំពើជួញដូរ​មនុស្សនៃក្រសួងមហាផ្ទៃបានថ្លែងថា សមត្ថកិច្ចចិនទំនងជាឃាត់ខ្លួនពួកគេ ដើម្បីស្រាវជ្រាវឱ្យបានច្បាស់លាស់ មុននឹងបញ្ជូនមកកម្ពុជា។

លោកស្រី ប៊ុនអេង និយាយថា៖ «គេស្រាវជ្រាវទុកឱ្យសមត្ថកិច្ចធ្វើការ ជាមួយបែបបទរឿងគ្រួសារអីចឹង កាលណាគាត់ទៅមានគ្រួសារ ចឹងវាត្រូវទាក់ទងជាមួយច្បាប់គ្រួសារគេមួយទៀត។ គេត្រូវស្រាវជ្រាវតាមគ្រួសារទៀត គេអត់ទាន់ជឿយើងភ្លាមទេ»។

អ្នកស្រី ម៉ៅ ម៉ាប់ ប្រធានផ្នែកសិទ្ធិស្រ្តីនិងកុមារនៃសមាគមអាដហុក ឱ្យដឹងថា នៅមានស្រ្តីខ្មែរជាច្រើននាក់ទៀត ដែលចាញ់បោកមេខ្យល់ យកលក់នៅប្រទេសចិន។ ចំណែកឯប្រទេសចិនក៏ពុំទាន់មានការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្សនៅឡើយដែរ។

អ្នកស្រី និយាយថា៖ «នៅចិន គេអត់កំណត់អត្តសញ្ញាណជនរងគ្រោះដោយករណីជួញដូរទេ។ យើងទៅអត់មានឯកសារត្រឹមត្រូវគឺការរស់នៅដោយខុសច្បាប់ហើយ»។

យោងតាមរបាយការណ៍របស់សមាគមអាដហុក ឱ្យដឹងថា ក្នុងឆ្នាំ២០២១ ការជួញដូរផ្លូវភេទទៅកាន់ប្រទេសចិនមានចំនួន ៥២ករណី ក្នុងនោះខេត្តក្រចេះមានចំនួន៥ករណី។ ចំណែកក្នុងឆ្នាំ២០២២ គិតត្រឹមខែតុលា ឆ្នាំ២០២២នេះ មានចំនួន៣៩ករណី ក្នុងនោះខេត្តក្រចេះមានចំនួន៨ករណី។

របាយការណ៍​ស្តីពី​ការជួញដូរ​មនុស្ស​ឆ្នាំ២០២២ របស់​ក្រសួងការបរទេស​អាមេរិក ទើបនឹង​ចេញផ្សាយ​កាលពី​ថ្ងៃទី១៩ ខែកក្កដា បាន​ទម្លាក់​ចំណាត់ថ្នាក់​កម្ពុជា​មក​កម្រិត​ទី៣​អាក្រក់​បំផុត ពុំ​ធ្លាប់​មាន​តាំងពី​ឆ្នាំ២០១៥​មក និង​ក្រោយពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​កម្រិតទី២​ក្រោម​ការ​ឃ្លាំមើល​អស់​រយៈ​ពេល​៣ឆ្នាំ​ជាប់ៗគ្នា​ចាប់តាំងពី​ឆ្នាំ២០១៩​មក។ របាយការណ៍​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា​ពុំបាន​គោរព​តាម​ពេញលេញ​នូវ​ស្តង់ដារ​អប្បបរមា​ដើម្បី​លុប​បំបាត់​នូវ​អំពើ​ជួញ​ដូរ​មនុស្ស និង​ពុំបាន​ខិតខំ​ប្រឹងប្រែង​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញ​ដូរ​មនុស្ស​ឡើយ៕

…………………………………..

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក វ៉ា សុភានុត

អត្ថបទមុន

ឧទ្ធរណ៍​កាត់​តម្រឹម​ទោស​លោក រាជ សីម៉ា សកម្មជន​​ដីធ្លី​​នៅ​​ឡពាង​​ឱ្យ​​ជាប់ពន្ធនាគារ​​១០​​ខែ​​និង​​២៧​​ថ្ងៃ

អត្ថបទបន្ទាប់

ម្ចាស់​ផ្ទះ​ដែល​បាក់​ចូលក្នុង​ទន្លេតូច ស្នើ​សុំ​ឱ្យ​​អាជ្ញាធ​​ជួយ

អត្ថបទបន្ទាប់
ម្ចាស់​ផ្ទះ​ដែល​បាក់​ចូលក្នុង​ទន្លេតូច ស្នើ​សុំ​ឱ្យ​​អាជ្ញាធ​​ជួយ

ម្ចាស់​ផ្ទះ​ដែល​បាក់​ចូលក្នុង​ទន្លេតូច ស្នើ​សុំ​ឱ្យ​​អាជ្ញាធ​​ជួយ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង