ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំចរចាជាមួយភាគសហរដ្ឋអាមេរិក និងព្រមបញ្ចុះអត្រាពន្ធគយលើទំនិញនាំចូលពីអាមេរិកចំនួន១៩មុខឬផលិតផល ពីអត្រា៣៥ភាគរយ មកត្រឹម៥ភាគរយ បន្ទាប់ពីអាមេរិកបានចុះហត្ថលេខាលើបទបញ្ជាមួយយកពន្ធលើទំនិញនាំចូលពីកម្ពុជាដល់ទៅ៤៩ភាគរយ។
លិខិតរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានផ្ញើទៅលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ។
ក្នុងលិខិតបញ្ជាក់ថា ជាការឆ្លើយតបទៅនឹងការប្រកាសរបស់ប្រធានាធិបតី ត្រាំ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ក្នុងការដាក់អនុវត្តនូវអត្រាពន្ធនាំចូល ៤៩% លើទំនិញនាំចូលសហរដ្ឋអាមេរិករបស់កម្ពុជា ចាប់ពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះកម្ពុជាស្នើសុំឱ្យមានកិច្ចចរចាជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងពេលលឿនបំផុតតាមដែលអាចធ្វើទៅបាន។ បន្ថែមពីនេះ នាយករដ្ឋមន្ត្រីកម្ពុជាក៏បានស្នើ រដ្ឋាភិបាល លោក ដូណាល់ ត្រាំ ឱ្យពន្យារការអនុវត្តអត្រាពន្ធនាំចូលទំនិញរបស់កម្ពុជានេះ ដោយក្តីអនុគ្រោះថែមទៀតផង។
លិខិតលោកនាយករដ្ឋមន្ត្រីលើកឡើងថា៖ «ខ្ញុំសូមជម្រាបជូនឯកឧត្តមប្រធានាធិបតីថា អត្រាពន្ធនាំចូលខ្ពស់បំផុតដែលកម្ពុជាកំពុងអនុវត្តជាទូទៅមានត្រឹមតែ ៣៥% ប៉ុណ្ណោះ។ ក្នុងគោលបំណងបង្ហាញនូវសុឆន្ទៈ និងក្នុងស្មារតីនៃការពង្រឹង ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរបស់យើង កម្ពុជាប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញការនាំចូលទំនិញពីសហរដ្ឋអាមេរិក ជាមួយនឹងការបន្ថយភ្លាមៗនូវអត្រាពន្ធនាំចូលទំនិញ ១៩ ប្រភេទ ពីអត្រាអតិបរមា ៣៥% មកត្រឹមអត្រា ៥%»។
លិខិតរបស់នាយករដ្ឋមន្ត្រីដដែលលើកឡើងថា កម្ពុជាប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តកិច្ចសន្ទនា ក្នុងន័យស្ថាបនា និងប្រកបដោយវិជ្ជមាន ជាមួយរដ្ឋាភិបាលអាមេរិក ដើម្បីធ្វើយ៉ាងណាឱ្យទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅបន្ថែមទៀត ក្នុងទិសដៅឱ្យប្រជាជាតិ និងប្រជាជនទាំងពីរ អាចទទួលបានផលប្រយោជន៍ជាក់ស្តែង ពីទំនាក់ទំនងពាណិជ្ជកម្មដ៏អស្ចារ្យនេះ។
ភ្លាមៗនេះផងដែរ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា អ្នកស្រី ចម និម្មល នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ បានផ្ញើលិខិតទៅកាន់លោកឯកអគ្គរដ្ឋទូត Jamieson Greer ប្រធានតំណាងសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក ដោយបង្ហាញជំហរស្នើចរចាជុំវិញវិធានការដំឡើងអត្រាពន្ធគយរបស់សហរដ្ឋអាមេរិក មកលើទំនិញនាំចូលពីកម្ពុជាពេលនេះ។
ក្នុងន័យស្រដៀងគ្នាទៅនឹងលិខិតរបស់នាយករដ្ឋមន្ត្រី លិខិតរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក៏បានបញ្ជាក់ពីការបញ្ចុះអត្រាពន្ធនាំចូលលើទំនិញអាមេរិក១៩មុខ ឬ១៩ផលិតផល ដែលកាលពីមុនយកអត្រាពន្ធ៣៥ភាគនោះ គឺត្រូវបានបញ្ចុះមកនៅ៥ភាគរយប៉ុណ្ណោះ។
ការឆ្លើយតបពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសេនាធិការរបស់ខ្លួននៅពេលនេះ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ បានចុះហត្ថលេខាលើបទបញ្ជាថ្មីមួយទៀត ដោយកំណត់ពន្ធគយ លើទំនិញនាំចូលពីកម្ពុជាចំនួន៤៩% ដើម្បីជាការសងសឹក ខណៈកម្ពុជាយកពន្ធនាំចូលទំនិញ ពីសហរដ្ឋអាមេរិកវិញក្នុងកម្រិត ៩៧%។ ក្រៅពីកម្ពុជាក៏នៅមានប្រទេស និងតំបន់ជាង១០០ផ្សេងទៀតនៅលើពិភពលោក ក៏ត្រូវបានកំណត់យកពន្ធចន្លោះពី១០ភាគរយ រហូតដល់ក្រោម៥០ភាគរយ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ មានប្រសាសន៍ថា ការឆ្លើយតបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកពេលនេះ ជាចំណុចវិជ្ជមានមួយដើម្បីបង្ហាញពីកិច្ចសហការគ្នាលើវិស័យពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ បន្ថែមពីនេះ ក៏ជាការដាក់ចេញនូវគោលនយោបាយមួយដើម្បីដោះស្រាយភាពជាប់គាំងដែលដាក់ចេញដោយអាមេរិក។
យ៉ាងណាការបញ្ជាក់ជំហររបស់កម្ពុជានេះ នៅមិនទាន់ដឹងពីលទ្ធផលវិជ្ជមានឬយ៉ាងណានោះទេ ដ្បិតលិខិតស្នើសុំចរចានេះនៅមិនទាន់ដល់ដៃរបស់លោក ដូណាល់ ត្រាំ ឬរដ្ឋបាលរបស់លោកនៅឡើយ ហើយអាមេរិកក៏មានសិទ្ធិក្នុងការពិចារណាលើសំណើរបស់កម្ពុជាថា ត្រូវទទួលយក ឬបដិសេធផងដែរ។
លោក សេក សុជាតិ បន្ថែមដូច្នេះថា៖ «អ្វីដែលសំខាន់ប្រទេសដែលត្រូវចរចាជាមួយសហរដ្ឋអាមេរិកត្រូវពិចារណាដែរនៅក្នុងការរៀបចំខ្លួនក្នុងការដោះស្រាយបញ្ហា ដូចជា ការគោរពសិទ្ធិកម្មករ ការផ្តល់តម្លៃ និងសេចក្តីថ្លៃថ្នូរ។ ជាមួយនឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ហើយត្រូវធ្វើការងារជាមួយសហរដ្ឋអាមេរិកដោយ លុបបំបាត់ចោលនូវបញ្ហាផ្សេងៗតាមសំណូមពរ»។
លោក សុជាតិ លើកឡើងទៀតថា ក្នុងករណីអាមេរិកព្រមតាមសំណើរបញ្ចុះអត្រាពន្ធគយដល់កម្ពុជាជារឿងជោគជ័យមួយ ប៉ុន្តែបើអាមេរិកមិនព្រមទេ កម្ពុជានឹងរងផលប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យនាំចេញផលិតឧស្សាហ៍កម្មកាត់ដេរនៅកម្ពុជា ពិសេសការខាតបង់ផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាប្រាកដជាធំជាងអាមេរិក។ ជាជំហានបន្តដែលកម្ពុជាត្រូវធ្វើ គឺត្រូវស្វែងរកទីផ្សារដែលមានសក្តានុពលប្រហាក់ប្រហែលអាមេរិក ដើម្បីមកជំនួសទីផ្សារអាមេរិក ដូចជាសហភាពអឺរ៉ុប ឬបណ្តាប្រទេសអ្នកមានមួយចំនួននៅលើពិភពលោក។ លោកនិយាយថា បញ្ហានេះ ដែលទាមទារឱ្យកម្ពុជាពិចារណាក្នុងការធ្វើការងារនេះឱ្យបានដិតដល់ និងម៉ត់ចត់ជាទីបំផុត។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានចេញរបាយការណ៍កាលពីចុងឆ្នាំ២០២៤ បង្ហាញថា ក្នុងឆ្នាំ២០២៤ កម្ពុជានាំចេញទៅអាមេរិកក្នុងទឹកប្រាក់ជិត១ម៉ឺនលានដុល្លារ(៩,៩២ ពាន់លានដុល្លារ) កើន ១១,៤ ភាគរយ។ ចំណែកទំនិញអាមេរិកនាំចូលវិញ មានចំនួនជាង២០០លានដុល្លារ( ២៦៤,១៥ លានដុល្លារ) កើន ២,៧ ភាគរយ។ ភាគច្រើនលើសលប់នៃទំនិញកម្ពុជានាំទៅទីផ្សារអាមេរិក រួមមានផលិតផលសម្លៀកបំពាក់ កាបូបធ្វើដំណើរ និងស្បែកជើងជាដើម៕
………………………………………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ