រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម ឱ្យដឹងថា ក្រុមការងារអន្តរក្រសួង-ស្ថាប័នចំពោះកិច្ចកម្ពុជា និងភាគីសហរដ្ឋអាមេរិក នឹងបើកការចរចានាពេលឆាប់ៗខាងមុខ ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសព្យួរការអនុវត្តពន្ធគយបរដិការរបស់ខ្លួន មកនៅត្រឹមអត្រា ១០ភាគរយ ក្នុងរយៈពេល ៩០ថ្ងៃ សម្រាប់គ្រប់ប្រទេសដែលបានស្នើសុំចរចាជាមួយអាមេរិក។
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា អត្រាពន្ធគយរបស់កម្ពុជា មានតែ១០ភាគរយប៉ុណ្ណោះ សម្រាប់ទំនិញដែលនាំចូលទៅសហរដ្ឋអាមេរិក ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសព្យួរការអនុវត្តពន្ធគយរបស់ខ្លួន មកត្រឹម១០ភាគរយ ក្នុងរយៈពេល៩០ថ្ងៃ សម្រាប់ប្រទេសទាំងអស់ដែលបានសុំចរចាស្វែងរកដំណោះស្រាយ ក្នុងនោះមានកម្ពុជាផងដែរ។
ប្រភពដដែរ បន្តថា ក្រោយពីរដ្ឋាភិបាលកម្ពុជា បានដាក់លិខិតសុំបើកការចរចាស្វែងរកដំណោះស្រាយរួម និងបញ្ចុះពន្ធគយពីអត្រា ៣៥ភាគរយ មកត្រឹម៥ភាគរយ លើ ១៩ក្រុមមុខទំនិញរបស់សហរដ្ឋអាមេរិកនាំចូលមកកម្ពុជានោះ គឺកម្ពុជា បានទទួលចម្លើយជាវិជ្ជមានពីភាគីអាមេរិក ជុំវិញសំណើរសុំចរចានេះ។
ក្រសួងបានបញ្ជាក់ថា៖ «ក្រុមការងារអន្តរក្រសួង-ស្ថាប័នចំពោះកិច្ច ដឹកនាំឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីអាមេរិក នឹងបើកការចរចានាពេលខាងមុខឆាប់ៗខាងមុននេះ»។
Newsroom Cambodia មិនអាចសុំការបញ្ជាក់បន្ថែមជុំវិញករណីនេះ ពីអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច លោក មាស សុខសេនសាន និងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានទេនៅថ្ងៃនេះ។
សេតវិមាន កាលពីថ្ងៃពុធ ទី០៩ ខែមេសា ដែលត្រូវនឹងថ្ងៃព្រហស្បតិ៍នៅកម្ពុជា បានប្រកាសពន្យាពេលក្នុងការដាក់ពន្ធគយលើបណ្ដាប្រទេសទាំងអស់ ក្នុងនោះមានកម្ពុជាផងដែរ ក្នុងរយៈពេល៩០ថ្ងៃ ដោយការកំណត់បន្ទាត់ពន្ធនោះ ត្រូវបានកម្រិតមកត្រឹម១០ភាគរយស្មើគ្នា លើកលែងតែប្រទេសចិន ដែលការកណត់ពន្ធបានកើនឡើងបន្ថែមពី ៣៤ភាគរយ ទៅដល់ ១២៥ភាគរយ។
សេតវិមាន អះអាងថា ការសម្រេចនេះ ក្រោយមានប្រទេសចំនួន៧៥ បានសុំចរចាជាមួយសហរដ្ឋអាមេរិក ជុំវិញការដំឡើងពន្ធគយនេះ។
កាលថ្ងៃទី២ ខែមេសា ដែលត្រូវនឹងថ្ងៃទី៣ ខែមេសា នៅកម្ពុជានេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានចុះហត្ថលេខាលើគោលនយោបាយ «ពន្ធគយ» ដ៏ខ្លាំងក្លា ដែលបានដាក់លើប្រមាណ ១៦០ប្រទេស ជុំវិញពិភពលោក។
ក្រោមគោលនយោបាយពន្ធគយនេះ កម្ពុជាបានរងការដាក់ពន្ធធ្ងន់ជាងគេ បើប្រៀបធៀបប្រទេសក្នុងតំបន់ ពោលគឺ ៤៩ភាគរយ ខណៈអាមេរិកយកពន្ធនាំចូលពីប្រទេសឡាវ ៤៨ភាគរយ វៀតណាម៤៦ភាគរយ ភូមា៤៤ភាគរយ ប្រទេសថៃ៣៦ភាគរយ ឥណ្ឌូនេស៊ី៣២ភាគរយ។
ការរំកិលពន្ធគយមកលើទំនិញកម្ពុជារហូតដល់៤៩ភាគរយនេះ ដោយលោក ត្រាំ បានអះអាងថា ជាការឆ្លើយតបចំពោះកម្ពុជាដែលបានគិតពន្ធលើទំនិញនាំចូលពីសហរដ្ឋអាមេរិក ក្នុងកម្រិត ៩៧%។
យ៉ាងណា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោកស្រី ចម និម្មល បានថ្លែងក្នុងបទសម្ភាសន៍មួយកាលពីយប់ថ្ងៃទី០៣ ខែមេសា ដោយច្រានចោលការចោទថា កម្ពុជាបានយកពន្ធគយលើទំនិញរបស់អាមេរិក៩៧ភាគរយនោះ។
លោកស្រី បានបន្ថែមថា កម្ពុជានៅក្នុងនាមជាសមាជិក WTO ក៏ដូចគ្នាទៅនឹងសហរដ្ឋអាមេរិក និងប្រទេស ១៦៦ផ្សេងទៀតដែរ គឺមានការកំណត់នូវបន្ទាត់ពន្ធគយជាមួយគ្នាជារួម ក្នុងនោះកម្ពុជាបានកំណត់នៅក្នុងកាតព្វកិច្ចរបស់ខ្លួន តាមរយៈការយកពន្ធនៃផលិតផលនាំចូលក្នុងចន្លោះពី ០% រហូតដល់ខ្ពស់បំផុត ៣៥%។
ក្នុងឆ្នាំ២០២៤ ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកមានចំនួន ៩ ៩១៦លានដុល្លារ ខណៈការនាំចូលពីអាមេរិកមកកាន់កម្ពុជា មានតែ ២៦៤លានដុល្លារប៉ុណ្ណោះ។
លោក ឃុន ថារ៉ូ ប្រធានគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ យល់ថា វិស័យវាយនភណ្ឌ នៅតែរងផលប៉ះពាល់ខ្លាំង ហើយមុនគេ បើសិនជាបញ្ហាពន្ធគយរបស់អាមេរិកមិនមានដំណោះស្រាយទេនោះ។
លោកបន្ថែមថា កម្ពុជាទំនងត្រូវផ្លាស់ប្ដូរឥរិយាបថនយោបាយរបស់ខ្លួន ដើម្បីអាចលួងលោមចិត្តរបស់អាមេរិកនៅចំពោះមុខបញ្ហាពន្ធគយនេះ។
លោកថា៖ «ប្រសិនបើយើងអាចផ្លាស់ប្ដូរលើឥរិយាបថ ឬក៏ការបង្ហាញនូវឆន្ទៈផ្នែកនយោបាយណាមួយ ការតាំងចិត្តណាមួយដើម្បីឱ្យសហរដ្ឋអាមេរិកអាចជឿទុកចិត្តបាន ខ្ញុំគិតថា វាក៏ជាវិធីសាស្រ្តដើម្បីសម្រាលកុំឱ្យមានបញ្ហា ដែលយើងជួបប្រទះពន្ធនាំចូលសហរដ្ឋអាមេរិកនេះនៅក្នុងស្ថានភាពមួយដែលប្រសើរដែរ»។
សហគមន៍អាស៊ាននៅព្រឹកថ្ងៃទី១០ ខែមេសា ក៏បានបើកកិច្ចប្រជុំតាមអនឡាញមួយថ្នាក់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ជុំវិញដំណោះស្រាយចំពោះការដាក់ពន្ធគយរបស់អាមេរិកផងដែរ។
យោងតាមសេចក្ដីថ្លែងការណ៍រួមរបស់អាស៊ាន ឱ្យដឹងថា សហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍នេះ ប្ដេជ្ញានឹងមិនដាក់វិធានការសងសឹកណាមួយជាការឆ្លើយតបនឹងការយកពន្ធរបស់សហរដ្ឋអាមេរិកឡើយ ក្រោមហេតុផលថា ជាការបង្ហាញពីចេតនាក្នុងការចូលរួមក្នុងកិច្ចសន្ទនាដោយស្មោះត្រង់ និងស្ថាបនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយកង្វល់ទាក់ទងនឹងពាណិជ្ជកម្ម៕
……………………
អត្ថបទ៖ វ៉ា សុភានុត