ចំណងជើងសៀវភៅដែលដាក់លើក្របថា «ជីវិតកូនថ្លៃ កូនត្រូវតែរស់ » គឺជាស្នាដៃដែលឆ្លុះបញ្ចាំងពីខ្សែជីវិតរបស់ប្រជាជនកម្ពុជា ដែលធ្លាប់ហែលឆ្លងកាត់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដ៏លំបាកលំប៉ិន ទម្រាំនឹងមានដូចថ្ងៃនេះ។ តាមរយៈវណ្ណកម្មនេះ ចង់បញ្ជាក់ពីស្នាដៃរបស់អ្នកនិពន្ធ ដែលបានលាតត្រដាងពីសោកនាដកម្មដ៏សែនជូរចត់ ដោយប្រើជីវិតធ្វើជាដើមទុន នៅក្នុងរបបខ្មែរក្រហម អស់រយៈពេលប្រមាណ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។
តាមពិតទៅ ស្នាដៃសៀវភៅដ៏ល្អឯកនេះ គឺប្រសូត្រចេញពីទឹកដៃ ផ្សាភ្ជាប់ទៅនឹងជីវិតរស់នៅ នៅក្នុងរបបវាលពិឃាត ដែលចាយពេលអស់ជាង៣ទស្សវត្ស។ លោក ពិន យ៉ាថៃ ជាអ្នករួចរស់ជីវិតម្នាក់ពីរបបខ្មៅងងឹតខ្មែរក្រហម និងជាអតីតវិស្វករសម័យសង្គមរាស្រ្តនិយម បានត្រលប់មកកម្ពុជាជាថ្មី កាលពីខែមីនា ឆ្នាំ២០២៥ ដើម្បីរំឭករឿងវ៉ាវ ៥០ឆ្នាំនៃការចងចាំ តាមរយៈសៀវភៅរបស់លោកគឺ «ជីវិតកូនថ្លៃ កូនត្រូវតែរស់»។ លោកថា ត្បិតពេលវេលាកន្លងទៅ និងឆ្លងកាត់ការផ្សះផ្សាផ្លូវចិត្ត ការស្វែងរកយុត្តិធម៌ជូនអ្នកស្លាប់ និងជនរងគ្រោះក៏ពិតមែន ប៉ុន្ដែរឿងរ៉ាវខ្មែរក្រហម នៅតែជាសុបិន្តដ៏អាក្រក់ តាមលងបន្លាចប្រជាជនខ្មែរ និងរូបលោកមិនដែលលោះឡើយ។
លោកមានប្រសាសន៍យ៉ាងដូច្នេះ៖ «រយៈពេលវា៥០ឆ្នាំមកហើយ ខ្ញុំក៏ចាស់ ការចងចាំក៏វាតាមហ្នឹង អ៊ីចឹងហើយទើបពេលរួចពីអាពតភ្លាមៗ ខ្ញុំសរសេរសៀវភៅ ព្រោះជាពេលខ្ញុំមានការចងចាំល្អ ហើយបើខ្ញុំស្លាប់បាត់ ក៏សៀវភៅនៅរហូត ឱ្យគេដឹង គេចងចាំថាមានរឿងអីកើតឡើងនៅប្រទេសយើង»។
ការរៀបរាប់ក្នុងសៀវភៅរបស់លោក ឱ្យដឹងថា ក្នុងរបបខ្មែរក្រហម លោក និងក្រុមគ្រួសារ ក៏មិនខុសពីប្រជាជនផ្សេងទៀតដែរ គឺត្រូវពួកខ្មែរក្រហមជម្លៀសឱ្យទៅធ្វើការតាមមូលដ្ឋាន និងត្រូវលាក់អត្តសញ្ញាណដើម្បីរស់ ដែលកាលនោះគ្រួសារលោកត្រូវឆ្លងកាត់ខេត្តកណ្ដាល តាកែវ និងចុងក្រោយពួកខ្មែរក្រហមបញ្ជូនទៅតំបន់ជួរភ្នំក្រវាញ និងស្រុកវាលវែង នៃខេត្តពោធិ៍សាត់។
ទីនេះហើយដែលទុក្ខវេទនានានាបានកើតឡើងលើគ្រួសារ លោក យ៉ាថៃ ដែលបណ្ដាលឱ្យសមាជិកគ្រួសារស្លាប់ម្ដងម្នាក់ៗ។ លោក យ៉ាថៃ បានប្រថុយរត់គេចពីរបបគុកឥតជញ្ជាំង ដោយក្នុងដំណើរដ៏មហាគ្រោះថ្នាក់នោះ លោកបានបង្ខំចិត្តទុកកូនប្រុសពៅរបស់លោកចោលនៅវាលវង់ ហើយក៏ត្រូវវង្វេងបាត់ប្រពន្ធម្នាក់ទៀតនៅតាមផ្លូវ។ ទោះយ៉ាងណា លោកបានទៅដល់ជំរុំក្នុងប្រទេសថៃតែម្នាក់ឯងគត់ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៧៧។
លោក ពិន យ៉ាថៃ និយាយថា៖ «អត់មានអីទេ ចេញទៅមានតែខ្លួនទទេទេ អត់រលីងគ្រប់យ៉ាង ប៉ុន្ដែមានមួយដែលសំខាន់ គឺមានសញ្ញាបត្រ(វិស្វករ)មកពីស្រុកគេ ដែលខ្ញុំរៀនបានពីស្រុកកាណាដា។ សញ្ញាបត្រហ្នឹង ជួយយើងឱ្យឆាប់រកបានការងារធ្វើ(នៅស្រុកបារាំង)»។
លោក ពិន យ៉ាថៃ បានទទួលសិទិ្ធជ្រកកោន និងទៅដល់ប្រទេសបារាំងក្នុងខែតុលា ឆ្នាំ១៩៧៧។ គ្រានោះហើយ ដែលសៀវភៅប្រវត្តិជូរជត់ នៃគ្រួសារលោកបានតាក់តែងឡើង ព្រមជាមួយដំណើរធ្វើសន្និសីទកាសែតនៅប្រទេសនានា ដូចគ្នាប្រទេសនៅអឺរ៉ុប អាម៉េរិក និងកាណាដា ដើម្បីរកជំនួយមករំដោះប្រជាជនកម្ពុជា ដែលកាលនោះកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់របប ប៉ុល ពត ពេញទី ប៉ុន្តែប្រទេសទាំងនោះពុំបានជួយកម្ពុជាឡើយ ដែលការនោះត្រូវ លោក ពិន យ៉ាថៃ លើកឡើងថា៖ «ពពួករដ្ឋបស្ចឹមប្រទេសមានតែទ្រឹស្ដី»។
២៧ឆ្នាំបន្ទាប់ពីរបបវាលពិឃាតខ្មែរក្រហមផុតរលត់ទៅ កម្ពុជាដែលត្រូវឆ្លងកាត់ព្រឹតិ្តការណ៍ប្រវត្តិសាស្ត្រ និងការររៀបចំប្រទេសក្នុងរបបដឹកនាំថ្មី នៅទីបំផុតទៅបានបង្កើតសាលាក្ដីមួយកាត់ទោសពួកខ្មែរក្រហមឡើង នៅក្នុងឆ្នាំ២០០៦ ដើម្បីស្វែរកយុត្តិធម៌ដល់ជនរងគ្រោះ។ ជាថ្មីម្ដងទៀត លោក ពិន យ៉ាថៃ បានក្លាយជាដើមបណ្ដឹងរដ្ឋប្បវេណី និងជាសាក្សីម្នាក់ក្នុងចំណោមសាក្សីជាច្រើននាក់ទៀត ដែលធ្លាប់ឆ្លងកាត់របបអាវខ្មៅនេះ។
លោក ពិន យ៉ាថៃ ឱ្យដឹងយ៉ាងដូច្នេះ៖ «ខ្ញុំរស់មកហ្នឹង គឺថាករណីកិច្ចធំធ្វើម៉េចឱ្យគេដឹងនូវរឿងអស់យើង អ៊ីចឹងបានខ្ញុំសរសេរសៀវភៅ ជីវិតកូនថ្លៃ កូនត្រូវតែរស់»។
លោកបន្ថែមយ៉ាងដូច្នេះ៖ «យើងរស់មកដើម្បីអី បើយើងរស់មក យើងអត់ធ្វើអីសោះ ក៏វាមិនកើតដែរ។ គ្រួសារខ្ញុំ ១៧នាក់ស្លាប់ទៅ ខ្ញុំត្រូវតែធ្វើអ្វីមួយដើម្បីឧទ្ទិសកុសលដល់គ្រួសារខ្ញុំ ដល់ប្រជាជនយើងទាំងអស់គ្នា»។
ក្រោមការឧបត្ថម្ភពីម្ចាស់ជំនួយអន្តរជាតិផ្សេងៗ សាលាក្ដីកូនកាត់មួយនេះ ប្រើពេលប្រមាណ ១៦ឆ្នាំ នៃដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ និងចំណាយប្រាក់ជាង៣៣០លានដុល្លារអាមេរិក ព្រមទាំងទទួលភ័ស្តុតាងពីជនរងគ្រោះជាង ១០,៣០០នាក់ បានចេញសេចក្តីសម្រេចជាង១,៣៤៥ និងបានបង្កើតកំណត់ហេតុតាមផ្លូវតុលាការ និងប្រវត្តិសាស្ត្រសម្រាប់កម្ពុជាចំនួន ៣លានទំព័រ។ ក្នុងនោះក៏មានការកាត់ទោសមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ចំនួនបីរូបទៀត គឺមានលោក កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតប្រធានគុកទួលស្លែង និងមេដឹកនាំ លោក នួន ជា ដែលបានស្លាប់។ ក្រៅពីនោះ ក៏មានអតីតមេដឹកនាំផ្សេងទៀត ដូចជាអ្នកស្រី អៀង ធីរិទ្ធ និងលោក អៀង សារី បានស្លាប់ ក្នុងអំឡុងពេលដំណើរការ នៃសវនាការរបស់តុលាការខ្មែរក្រហម។
សម្រាប់លោក ពិន យ៉ាថៃ កម្ពុជាមានសាលាក្ដីខ្មែរក្រហម គ្រាន់បើជាងអត់ ព្រោះជនរងគ្រោះទាំងឡាយបានទៅចូលរួមផ្តល់សក្ខីកម្ម ហើយបើកចំហសម្រាប់សាធារណជន។ លោកបញ្ជាក់ថា ទោះបីការកាត់ក្ដី មិនបានគ្រប់គ្រាន់ក៏ដោយ ក៏វាជានិមិត្តរូបតំណាងយុត្តិធម៌ ធ្វើឱ្យខ្មែរយើងដឹងរឿង ធ្វើឱ្យខ្មែរយើងអស់ចិត្តខ្លះដែរ ជាជាងអត់សោះ។
លោក យ៉ាថៃ បន្ថែមថា៖ «បើអត់មានសាលាក្ដីខ្មែរក្រហម គ្មានអ្នកណា ដឹងរឿងយើងដោយលម្អិតទេ មានសាលាក្ដីខ្មែរក្រហម យើងមានសក្ខីភាពដ៏លម្អិត ឱ្យដឹងច្បាស់ អ្នកណាខុសអ្នកណាត្រូវ»។
ទោះយ៉ាងណា លោកថា ការកាត់ក្ដីខ្មែរក្រហមប្រើពេលយូរពេក ដែលជនរងគ្រោះខ្លះស្លាប់ មុនបានឃើញយុត្តិធម៏ ហើយអ្នកទទួលទោសនោះក៏ស្លាប់បន្ទាប់ ដូចជា លោក អៀង សារី និងប្រពន្ធគាត់ជាដើមបានស្លាប់ មុនការកាត់ក្ដីជាដើម ប៉ុន្ដែក៏នៅមានការកាត់ក្ដីមេដឹកនាំខ្មែរក្រហមធំៗ ដូចជា ខៀវ សំផន និងនួន ជា ជាដើម។
គិតមកដល់ពេលនេះ កម្ពុជាបានបិទ «ទំព័រប្រវត្តិសាស្រ្តដ៏ខ្មៅងងឹត» ដោយប្រកាសសាលដីកាស្តីពីការកាត់ទោសមេដឹកនាំខ្មែរក្រហមចុងក្រោយតែម្នាក់គត់គឺ លោក ខៀវ សំផន អតីតប្រមុខរដ្ឋក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត កាលពីខែកញ្ញា ២០២២។
លើសពីនេះ សភាកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២៥ថ្មីៗនេះ បានអនុម័ត ច្បាប់ស្ដីពីការប្រឆាំងមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃការគ្រប់គ្រងដោយរបបកម្ពុជា ប្រជាធិបតេយ្យ។ អ្នកមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហមនឹងជាប់ពន្ធនាគារចន្លោះពី១ឆ្នាំទៅ៥ឆ្នាំ ព្រមទាំងពិន័យជាប្រាក់ថែមទៀត។ បន្ថែមពីនេះ ក្នុងការរំឭកដល់ខួប៥០ឆ្នាំ នៃការចងចាំ កម្ពុជាគ្រោងដាក់ទីតាំងបូជនីយដ្ឋានចងចាំចំនួនបីក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ។
ទីតាំងទាំងបី មានដូចជាអតីតមន្ទីរឃុំឃាំង១៣ ឬម១៣ (ស្ថិតនៅចន្លោះខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក (ស្ថិតនៅរាជធានីភ្នំពេញ)។
កន្លែងទាំងបីនេះ ដែលធ្លាប់ជាគុក កន្លែងធ្វើទារុណកម្ម និងសម្លាប់ ដែលបានកើតឡើងជាប្រព័ន្ធ និងមានការគ្រោងទុកជាមុន តាំងពីដើមទសវត្សឆ្នាំ១៩៧០ ជាពិសេសនៅគ្រាដែលបង្កើតមន្ទីរ១៣ រហូតដល់ចំណុចចាប់ផ្ដើមរបបកម្ពុជាប្រជាធិបតេយ្យ ដែលនាំឱ្យប្រជាជនកម្ពុជារងទុក្ខវេទនាអស់រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។
បច្ចុប្បន្ន ត្បិតរកមិនឃើញកូនប្រុស លោក ពិន យ៉ាថៃ ចាត់ទុកសៀវភៅ «ជីវិតកូនថ្លៃ កូនត្រូវតែរស់» ប្រៀបដូចកូនប្រុសរបស់លោកនៅតែរស់រានមានជីវិតនៅឡើយ និងភស្តុតាងប្រវត្តិសាស្ត្រមួយសម្រាប់មនុស្សជាតិ ចំពោះសោកនាដកម្មរបស់ខ្មែរ ក្រោមស្នាដៃរបស់ពួកខ្មែរក្រហម។
លោក យ៉ាថៃ និយាយថា៖ «អ្វីដែលត្រូវធ្វើ ខ្ញុំធ្វើអស់ហើយ! ហើយ(សៀវភៅ)ជីវិតកូនថ្លៃកូនត្រូវតែរស់ ជាសមាជិកគ្រួសារមួយធំណាស់ក្នុងជីវិតខ្ញុំ ទោះខ្ញុំស្លាប់ទៅ វានៅតែរស់បន្តទៅទៀត»។
សៀវភៅ «ជីវិតកូនថ្លៃ កូនត្រូវតែរស់» មានបកប្រែប្រមាណជាង ១០ភាសា ទូទាំងពិភពលោក ក្នុងនោះមានភាសាចិន និងរស្ស៊ីជាដើម។ លើសពីនេះ សៀវភៅនេះ ក៏ត្រូវបានផលិតករភាពយន្តអាមេរិកលោកស្រី Victoria Bousis បំឡែងជាខ្សែរឿងលើទម្រង់ថ្មី តាមរយៈបច្ចេកវិទ្យាក្នុងពិភពនិម្មិត ឬ Virtual Reality ដោយមានតម្កល់ទុកជាឯកសារនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬហៅកាត់ថា អ.វ.ត.ក. ដើម្បីសារធាណជន ចូលទៅទទួលបទពិសោធ និងសិក្សាស្វែងយល់អំពីប្រវត្តិដ៏ជូរជត់របស់កម្ពុជានាសម័យនោះ។
តាមពិតទៅ វណ្ណកម្មដែលដាក់ថា«ជីវិតកូនថ្លៃ កូនត្រូវតែរស់» នេះដែលប្រសូត្រចេញពី ប្រវត្តិដ៏ជូរចត់របស់លោក ពិន យ៉ាថៃ នៅក្នុងរបបវាលពិឃាតនេះ មិនមែនជាស្នាដៃទីមួយរបស់លោកនោះទេ។ ក្នុងន័យនេះ មានន័យថា លោកក៏ធ្លាប់បានសរសេរសៀវភៅមួយក្បាលរួចទៅហើយដែរ ក្រោយពេលលោក ពិន យ៉ាថៃ បានរួចជីវិតពីរបបខ្មែរក្រហមនេះ។ស្នាដៃជាលើកដំបូងរបស់លោក គឺ«មនោគមវិជ្ជា មហាឃាតករ » ដែលនិពន្ធឡើងនៅចុងឆ្នាំ១៩៧៩។ ឯកសារនេះ ត្រូវបានបោះពុម្ភជាភាសាបារាំង និងតាក់តែងឡើង ២ឆ្នាំក្រោយបន្ទាប់ពីលោក ពិន យ៉ាថៃ រត់រួចជីវិតចូលទៅដល់ទឹកដីថៃ និងប៉ុន្មានខែក្រោយ ក្នុងពេលរបបវាលពិឃាត ត្រូវដួលរលំនៅឆ្នាំ១៩៧៩។
យ៉ាងណាក៏ដោយចុះ សព្វថ្ងៃនេះ លោក ពិន យ៉ាថៃ បានចូលនិវត្ត និងរស់ជាមួយនិងភរិយាក្រោយរបស់លោក ព្រមទាំងកូនប្រុសបីនាក់ នាទីក្រុងបារីស៍ប្រទេសបារាំង។ ជាញឹកញាប់ លោក ពិន យ៉ាថៃ តែងប្រើប្រាស់វិសមកាលរបស់លោក មកសម្រាក និងលំហែកាយនៅប្រទេសកម្ពុជា ក្នុងពេលដែលប្រទេសបារាំងចូលដល់រដូវត្រជាក់៕
អត្ថបទដោយ៖ រ៉ាត់ ទី