តុលាការកំពូល បានបដិសេធសំណើសុំដោះលែងឱ្យមានសេរីភាពពីសំណាក់សកម្មជនចលនាមាតាធម្មជាតិ ៥នាក់ ក្រោយពេលដែលមានសវនាការសុំនៅក្រៅឃុំរបស់ពួកគេកាលពីដើមខែមេសា។
អង្គការការពារសិទ្ធិមនុស្សលីកាដូ បានលើកឡើងនៅថ្ងៃពុធនេះថា តុលាការកំពូលបានបដិសេធសំណើរនៅក្រៅឃុំរបស់សកម្មជនមាតាធម្មជាតិហើយនៅថ្ងៃទី៣០ មេសា ដោយតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ភ្នំពេញកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ទុកជាបានការដដែល។
អង្គការលីកាដូលើកឡើងថា៖ «សកម្មជនបរិស្ថានបីរូបដែលមានវត្តមាននៅតុលាការកំពូលព្រឹកនេះ ត្រូវបាននាំទៅកាន់ពន្ធនាគារផ្សេងៗវិញ បន្ទាប់ពី តុលាការកំពូលបានប្រកាសសាលដីកា»។
ទំព័រហ្វេសប៊ុករបស់មាតាធម្មជាតិបានលើកឡើងបន្ថែមថា សំណើសុំនៅក្រៅឃុំរបស់អ្នកទាំង៥ ត្រូវបានបដិសេធដោយតុលាការកំពូលនាព្រឹកនេះ ក្រោមហេតុផលថា ការស្នើសុំក្រៅឃុំរបស់សកម្មជនបរិស្ថានទាំង៥នាក់មិនសមហេតុផលឡើយ។
ដោយឡែកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) បានលើកឡើងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ថា តុលាការកំពូលបានសម្រេចបដិសេធសំណើសុំដោះលែងឱ្យមានសរីភាពរបស់សកម្មជនបរិស្ថាននៃក្រុមមាតាធម្មជាតិចំនួនប្រាំនាក់ ដោយតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ភ្នំពេញកាលពីខែកុម្ភៈ ឆ្នាំ២០២៥ ទុកជាបានការដដែល។
ប្រភពដដែលបន្តថា នៅក្នុងបន្ទប់សវនាការនៅព្រឹកនេះ មានវត្តមានសកម្មជនតែបីនាក់ប៉ុណ្តោះ គឺលោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និងលោក លី ចាន់ដារ៉ាវុត ដែលបានស្ដាប់សេចក្ដីសម្រេចរបស់តុលាការ។ ចំណែកកញ្ញា ឡុង គន្ធា និងលោក យីម លាងហ៊ី ពុំឃើញមានវត្តមាននោះទេ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលើកឡើងថា៖ «តុលាការនៅមិនទាន់កំណត់កាលបរិច្ឆេទសវនាការលើបណ្ដឹងឧទ្ធរណ៍ទៅនឹងសាលក្រមករណីរបស់ពួកគេដែលបានប្រកាសកាលពីខែកក្កដា ឆ្នាំ២០២៤ នៅឡើយ» ។
ដោយឡែក ភរិយារបស់លោក ថុន រដ្ឋា គឺ អ្នកស្រី ប៉ាត់ រស្មី ដែលបានតាមដាននីតិវិធីរបស់តុលាការកំពូលនោះ បានសម្ដែងការខកចិត្តទៅនឹងការសម្រេចបដិសេធចំពោះសំណើសុំដោះលែងរបស់សកម្មជនបរិស្ថានទាំងប្រាំរូប។ អ្នកស្រីបញ្ជាក់ថា ទោះបីស្វាមីរបស់គាត់ជាប់ពន្ធនាគារ គាត់នៅតែជំរុញឱ្យយុវជនមានភាពក្លាហាន ខិតខំពុះពារក្នុងការការពារធនធានធម្មជាតិ និងកុំបាក់ទឹកចិត្តដោយសារការជាប់ពន្ធនាគាររបស់គាត់។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ មានប្រសាសន៍ថា ការសម្រេចបដិសេធសំណើសុំនៅក្រៅឃុំរបស់សកម្មជនមាតាធម្មជាតិ ជាសិទ្ធិសម្រេចរបស់តុលាការកំពូល ក៏ប៉ុន្តែការសម្រេចនេះនឹងធ្វើឱ្យគេមើលឃើញថា ជាការសម្រេចពាក់ព័ន្ធរឿងនយោបាយ ហើយនឹងធ្វើឱ្យមានការរិះគន់លើប្រព័ន្ធតុលាការពីសំណាក់សហគមន៍ជាតិនិងអន្តរជាតិ។ លោក សុជាតិ និយាយទៀតថា ការសម្រេចបន្តឃុំខ្លួនសកម្មជនដែលធ្វើការងារលើរឿងបរិស្ថាន ធនធានធម្មជាតិ មិនពាក់ព័ន្ធរឿងនយោបាយសោះនោះ នឹងធ្វើឱ្យសង្គមជាតិ និងរាជរដ្ឋាភិបាលខាតបង់ទៅវិញទេ។
លោក សេក សុជាតិ បានបន្ថែមថា៖ «ខ្ញុំយល់ថា វាជាការខាតបង់មួយដ៏ធំសម្រាប់រាជរដ្ឋាភិបាល ហើយក៏អាចបង្ហាញឱ្យឃើញពីការធ្វើទុក្ខបុកម្នេញទៅលើអ្នកដែលស្រលាញ់ការងារសង្គម។ ដូច្នេះបញ្ហាទាំងអស់នេះ វាមិនបានធ្វើឱ្យមានផលចំណេញទេ ប៉ុន្តែវាបែជាធ្វើឱ្យទទួលបាននូវការរិះគន់ ហើយនិងការមើលឃើញពីចេតនាមិនល្អរបស់រដ្ឋាភិបាលចំពោះក្រុមយុវជនដែលជាអ្នកបន្តវេនសម្រាប់អនាគតជាតិអីចឹងជាដើម»។
លោក យល់ថា នៅក្នុងស្ថានភាពនេះ ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាល ព្រមទាំងតុលាការគួរតែបង្ហាញនូវការលើកទឹកចិត្ត និងវិនិច្ឆ័យដោយឈរនៅលើគោលការណ៍យុត្តិធម៌ជាមូលដ្ឋាន។ លោកថា ដើម្បីជាការលើកទឹកចិត្តដល់យុវជន ក៏ដូចជាពលរដ្ឋមានការចូលរួមកាន់តែសកម្មក្នុងកិច្ចការពារបរិស្ថាន ធនធានធម្មជាតិ និងសង្គម រដ្ឋាភិបាល និងតុលាការគប្បីមានការផ្តល់តម្លៃ ឬទឹកចិត្តដល់ពួកគាត់ មិនមែនជាការធ្វើទុក្ខបុកម្នេញ ឬការដាក់ទណ្ឌកម្មតាមប្រព័ន្ធច្បាប់ទៅលើពួកគេនោះឡើយ។
សកម្មជនបរិស្ថាន កញ្ញា ឡុងគន្ធា លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា និងលោក យីម លាងហ៊ី បានស្នើសុំដោះលែងឱ្យមានសេរីភាព ខណៈសំណុំរឿងផ្តន្ទាទោសរបស់ពួកគេកំពុងស្ថិតនៅដំណាក់កាលនៃនីតិវិធីសាលាឧទ្ធរណ៍ ។ សកម្មជនបរិស្ថានទាំង៥នាក់ត្រូវបានដាក់ពន្ធនាគារ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ នៅពេលដែលពួកគេត្រូវបានផ្តន្ទាទោស និងជាប់ពន្ធនាគារដោយសាលាដំបូងរាជធានីភ្នំពេញ ចោទពីបទ រួមគំនិតក្បត់ ជាមួយនឹងសមាជិកចលនាមាតាធម្មជាតិ ៥ នាក់ផ្សេងទៀត ។ បន្ថែមពីនេះទៀត លោក លាងហ៊ី និងសមាជិកពីរនាក់ទៀតនៃចលនាមាតាធម្មជាតិ ដែលមិនត្រូវបានឃុំខ្លួន ត្រូវបានផ្តន្ទាទោសពីបទ ប្រមាថចំពោះអង្គព្រះមហាក្សត្រ ។
បើតាមអង្គការលីកាដូអះអាងថា សកម្មជនចលនាមាតាធម្មជាតិបានប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញ ការគំរាមកំហែង និងការចោទប្រកាន់ពីបទព្រហ្មទណ្ឌចំពោះសកម្មភាពនិយមផ្នែកបរិស្ថាន ដែលរួមមានការតស៊ូមតិការពារឧទ្យានជាតិគិរីរម្យ និងព្រៃឈើនៅឧទ្យានជាតិបូកគោក្នុងខេត្តកំពត និងកោះកុងក្រៅ និងផ្លូវទឹកក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ។ សកម្មជនបីនាក់ក្នុងចំណោមអ្នកទាំងប្រាំ កញ្ញា កែវរស្មី គន្ធា និងលោក រដ្ឋា ធ្លាប់ត្រូវបានផ្តន្ទាទោសពីបទ ញុះញង់ កាលពីឆ្នាំ២០២១ ចំពោះភាពសកម្មនិយមរបស់ពួកគេ។
ប្រភពដដែលថា សកម្មជនមាតាធម្មជាតិទាំងនោះ ឋិតក្នុងចំណោមមនុស្សចំនួន ៧១ នាក់ ដែលបច្ចុប្បន្នកំពុងជាប់ឃុំដោយការប្រើប្រាស់សិទិ្ធរបស់ខ្លួននៅកម្ពុជាតាមរយៈការបញ្ចេញមតិ ឬសកម្មភាពការពារសិទិ្ធមនុស្ស ។ មនុស្សទាំង ៧១ នាក់ ត្រូវបានអាជ្ញាធរចាត់ថ្នាក់ជាជនជាប់ចោទនៃបទល្មើសព្រហ្មទណ្ឌ ៕
………………………………………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ