ក្រុមអង្គការសង្គមស៊ីវិល និងយុវជន បន្តថ្កោលទោសចំពោះអំពើនិទណ្ឌភាពដែលបន្តមាននៅក្នុងករណីឧក្រិដ្ឋកម្មប្រឆាំងសកម្មជនបរិស្ថាន លោក ឈុត វុទ្ធី និងសកម្មជនផ្សេងទៀត ដោយពួកគេអំពាវនាវឱ្យអាជ្ញាធររដ្ឋ ធ្វើការស៊ើបអង្កេតដោយឯករាជ្យ និងតម្លាភាព ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។
កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២៥ ក្រុមអង្គការសង្គមស៊ីវិល និងយុវជនប្រមាណ ៣០ នាក់ បានជួបជុំគ្នានៅសហភាពផ្ទះសាមគ្គី ដើម្បីធ្វើពិធីបង្សុកូល និងរំឭកខួប ១៣ ឆ្នាំនៃមរណភាពលោក ឈុត វុទ្ធី ដែលជាសកម្មជនការពារព្រៃឈើ ដែលបានស្លាប់ដោយការបាញ់សម្លាប់ នៅខេត្តកោះកុង។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការធ្វើខួបដើម្បីរំឭកការស្លាប់របស់ លោក ឈុត វុទ្ធី ជារៀងរាល់ឆ្នាំនេះ គឺដើម្បីទាមទារយុត្តិធម៌ពិតប្រាកដ ដោយលោកចាត់ទុកការស៊ើបអង្កេត និងស្វែងរកយុត្តិធម៌ជូនលោក ឈុត វុទ្ធី របស់សមត្ថកិច្ចនាពេលកន្លងមក ហាក់នៅមានភាពស្រពេចស្រពិលជាច្រើន នៅពីក្រោយឃាតកម្មនេះ ក្នុងនោះគឺការចេញរបាយការណ៍ខុសគ្នារបស់សមត្ថកិច្ច ជុំវិញការធ្វើឃាតសកម្មជនការពារព្រៃឈើរូបនេះ។
លោកមានប្រសាសន៍ថា៖ « ដោយសារតែមានភាពស្រពិចស្រពិល នៃការស៊ើបអង្កេត ដូច្នេះ យើងនៅតែទាមទារដើម្បីស្វែងរកយុត្តិធម៌ ជូនលោក ឈុត វុទ្ធី មកដល់ពេលនេះយើងចាត់ទុកថា និទណ្ឌភាពនៅតែបន្ត យុត្តិធម៌ពេញលេញសម្រាប់លោក ឈុត វុទ្ធី មិនទាន់កើតមាននៅឡើយទេ » ។
ប្រធានកម្មវិធីការងារនៃ អង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ មានប្រសាសន៍ថា នៅពេលដែលអាជ្ញាធរមិនបានធ្វើការស៊ើបអង្កេតឱ្យបានត្រឹមត្រូវ និងផ្តន្ទាទោសលើឧក្រិដ្ឋកម្មជាក់លាក់ណាមួយ ជាពិសេសករណីឃាតកម្មលើ លោក ឈុត វុទ្ធី នេះជាសារមួយបង្ហាញថាឧក្រិដ្ឋកម្មបែបនេះត្រូវបានអនុញ្ញាត។
លោកបានកត់សម្គាល់ថា ក្រៅពីករណីឃាតកម្មលើ ករណីឃាតកម្មផ្សេងទៀត ដូចជាឃាតកម្មលើអ្នកការពារសិទ្ធិកម្មករលោក ជា វិជ្ជា និងអ្នកវិភាគនយោបាយលោក កែម ឡី នៅមិនទាន់ឃើញពន្លឺយុត្តិធម៌នៅឡើយ។
ការណ៍នេះ លោកថា បង្កឲ្យមានឥទ្ធិពលអាក្រក់លើសង្គម ជាពិសេសគឺការបាត់បង់ជំនឿចិត្តរបស់ពលរដ្ឋលើប្រព័ន្ធយុត្តិធម៌កម្ពុជា និងឧបសគ្គក្នុងការលុបបំបាត់អំពើនិទណ្ឌភាព។
លោកមានប្រសាសន៍ថា៖ « វប្បធម៌និទណ្ឌភាព គឺជាឧបសគ្គធំសម្រាប់សង្គមយើង ជាពិសេសការលើកកម្ពស់នីតិរដ្ឋ […] យុត្តិធម៌សំខាន់ណាស់ ហើយយុត្តិធម៌កាន់តែសំខាន់ទៀតនៅពេលដែលជនដែលប្រព្រឹត្តបទឧក្រិដ្ឋយកមកផ្តន្ទាទោសចំពោះមុខច្បាប់ ដែលទាំងនេះនាំឱ្យមានការបង្កើតជំនឿទុកចិត្តលើប្រព័ន្ធតុលាការ » ។
ជាមួយគ្នានេះ លោកបានជំរុញឱ្យរាជរដ្ឋាភិបាល ធ្វើការស៊ើបអង្កេតដោយតម្លាភាព ដើម្បីស្វែងរកអ្នកប្រព្រឹត្តិបទឧក្រិដ្ឋ មកផ្តន្ទាទោសចំពោះមុខច្បាប់។
ចំណែក លោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្តាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍន៍ មានប្រសាសន៍ថា ទាំងក្រុមគ្រួសារ និងអ្នកគាំទ្រ លោក ឈុត វុទ្ធី ដែលជាវីរជនការពារបរិស្ថាន នៅតែទទូចឱ្យមានការស្វែងរកយុត្តិធម៌ពិតប្រាកដជូន លោក ឈុត វុទ្ធី។
លោកមានប្រសាសន៍ថា៖ « វីរជនរបស់យើងដែលបានពលីជីវិត មិនថាបណ្ឌិត កែម ឡី លោក ជា វិជ្ជា ឬអ្នកណានោះទេ ឱ្យតែគាត់បានលះបង់កម្លាំងកាយចិត្តលះបង់ជីវិតជូនជាតិមាតុភូមិ យើងនៅតែចងចាំ នៅគំរូភាព វីរភាព ជាពិសេស នៅតែបន្តឱ្យអាជ្ញាធររដ្ឋ ផ្តល់យុត្តិធម៌ជូនពួកគាត់ ក៏ដូចជាក្រុមគ្រួសារ និងអ្នកគាំទ្រទាំងមូល ព្រោះនៅក្នុងសម័យទំនើបនេះ អ្នកទាំងគ្នា សុទ្ធតែយល់អំពីសារៈសំខាន់ នៃសេរីភាព សិទ្ធិមនុស្ស គុណតម្លៃនៃជីវិតមនុស្សម្នាក់ៗ ដូច្នេះយើងមិនអាចបណ្តែតបណ្តោយឱ្យនរណាម្នាក់ទទួលរងនូវភាពអយុត្តិធម៌ ឬស្លាប់បាត់បង់ជីវិតទទេៗ នោះទេ យើងត្រូវតែរួមគ្នាបង្កើតជាសំឡេង ដើម្បីស្វែងរករយុត្តិធម៌ជូនពួកគាត់ » ។
សកម្មជនបរិស្ថាន លោក គឹម ជីលីន បានលើកឡើងដែរថា វីរៈភាពរបស់ លោកឈុត វុទ្ធី ដែលលះបង់ជីវិតដើម្បីការពារធនធានធម្មជាតិ និងបរិស្ថាន គឺជាគំរូមួយសម្រាប់យុវជនជំនាន់ក្រោយ ដើម្បីបន្តបេសកកម្មរបស់គាត់។
លោកថា៖ « យុត្តិធម៌ដែលផ្តល់ដោយប្រព័ន្ធតុលាការ វាពិតជាមិនដូចបំណងរបស់យើងមែន ប៉ុន្តែយុត្តិធម៌មួយទៀតដែលយើងអាចផ្តល់ជូនលោកពូ ឈុត វុទ្ធី គឺអ្វីដែលយើងកំពុងធ្វើនៅពេលនេះ គឺការគោរពវីរភាពរបស់គាត់ និងបន្តសកម្មភាពរបស់គាត់ » ។
នៅមុនថ្ងៃខួបគម្រប១៣ឆ្នាំនៃការស្លាប់របស់ លោក ឈុត វុទ្ធី មួយថ្ងៃ លោក ឆឺយ ឧត្តមរស្មី ដែលត្រូវជាកូនប្រុសលោក ឈុត វុទ្ធី ក៏បានបង្ហោះនៅលើបណ្តាញសង្គមដែរថា យុត្តិធម៌សម្រាប់ឪពុករបស់លោក នៅមិនទាន់មាននៅឡើយ។
លោកបង្ហោះសារក្នុងន័យដើមថា៖ « ខួបមរណភាព១៣ឆ្នាំ លោកឪពុក យុត្តិធម៌នៅឆ្ងាយសែនឆ្ងាយដូចជើងមេឃ »។
ជុំិវញករណីនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា បដិសេធឆ្លើយតប ដោយលោកថា កំពុងជាប់បេសកកម្មការងារនៅក្រៅប្រទេស។
លោក ឈុត វុទ្ធី ដែលជាសកម្មជនព្រៃឈើមួយរូប ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងខេត្តកោះកុង កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ខណៈពេលដែលគាត់កំពុងចុះស៊ើបអង្កេត និងថតសកម្មភាពបទល្មើសព្រៃឈើ នៅតំបន់ជួរភ្នំក្រវាញ ជាមួយអ្នកកាសែតពីរនាក់។
បើតាមរបាយការណ៍ស៊ើបអង្កេតរបស់សមត្ថកិច្ចកន្លងមក លោក ឈុត វុទ្ធី ត្រូវបានកម្លាំងអាវុធហត្ថម្នាក់ គឺលោក អ៊ិន រតនា បាញ់ស្លាប់ បន្ទាប់ពីមានជម្លោះប្រកែកគ្នារឿងដែលកងកម្លាំងចង់រឹបអូសអង្គចងចាំនៃកាមេរ៉ា ដែលក្រុមលោកបានថតនៅឯទីតាំងរបស់ក្រុមហ៊ុន Timber Green ដែលទទួលបានការអនុញ្ញាតឱ្យកាប់រានដីព្រៃ និងពង្រាបបាតអាង ក្នុងការសាងសង់ទំនប់វារីអគ្គិសនីឫស្សីជ្រុំ ភាគខាងជើងខេត្តកោះកុង។
មន្ត្រីអាវុធហត្ថឈ្មោះ អ៊ិន រតនា ក៏បានស្លាប់នៅក្នុងហេតុការណ៍ឈ្លោះប្រកែកគ្នានោះផងដែរ។ អាជ្ញាធរបានធ្វើសេចក្ដីសន្និដ្ឋានផ្សេងគ្នា មុននឹងចេញការសន្និដ្ឋានចុងក្រោយថា សន្តិសុខម្នាក់របស់ក្រុមហ៊ុន Timber Green ឈ្មោះរ៉ាន់ បូរ័ត្ន បានទៅដណ្ដើមកាំភ្លើងអាកា ពីមន្ត្រីអាវុធហត្ថឈ្មោះ អ៊ិន រតនា រហូតរេលកៃបណ្ដាលឱ្យស្លាប់មន្ត្រីអាវុធហត្ថរូបនេះ។
បើទោះបីជាសំណុំរឿងឃាតកម្មលើលោក ឈុត វុទ្ធី ត្រូវបានបិទបញ្ចប់កាលពីចុងឆ្នាំ២០២១រួចហើយក៏ដោយ ប៉ុន្តែមន្ត្រីសិទ្ធិមនុស្ស សកម្មជនព្រៃឈើ ព្រមទាំងសមាជិកគ្រួសារជនរងគ្រោះ នៅតែចាត់ទុកថាដំណើរស្វែងរកយុត្តិធម៌ចំពោះ លោក ឈុត វុទ្ធី មិនបានពេញលេញ និងបន្តទាមទារឱ្យមានការស៊ើបអង្កេតបន្ថែមទៀតដោយតម្លាភាព៕
…………………………………..
អត្ថបទដោយ៖ សោម សុធារី