ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានលើកឡើងថា ប្រទេសចិន នឹងបើកទីផ្សារដ៏ធំសម្រាប់ទំនិញកម្ពុជា ហើយគ្រោងនឹងនាំចូលផលិតផលកសិកម្ម ដែលមានគុណភាពខ្ពស់ពីកម្ពុជាផងដែរ ខណៈអ្នកវិភាគសេដ្ឋកិច្ច អំពាវនាវឱ្យមានការសិក្សា និងវិនិយោគរួមគ្នា រវាងកម្ពុជា-ចិន ដើម្បីធានាថា កសិផលកម្ពុជាផលិតឡើងស្របតាមស្ដង់ដារបស់ចិន។
នេះបើតាមការចុះផ្សាយលើគេហទំព័រក្រសួងការបរទេសនៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលបានស្រង់ប្រសាសន៍របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក្នុងអំឡុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នៅឯរាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះ។
ប្រភពដដែលបានស្រង់សម្តីលោក ស៊ី ជីនពីង បន្តថា លោកនឹងជំរុញឲ្យសហគ្រាសចិនកាន់តែច្រើនមកវិនិយោគនៅកម្ពុជា និងរក្សាទីផ្សារដ៏ធំរបស់ខ្លួនសម្រាប់កម្ពុជា ដោយអនុញ្ញាតឱ្យ នាំចូលផលិតផលកសិកម្ម ដែលមានគុណភាពខ្ពស់ពីប្រទេសកម្ពុជាផងដែរ។
ប្រធានាធិបតីចិន លោក ស៊ី ជីងពីន បានមកបំពេញទស្សនៈកិច្ចនៅកម្ពុជាក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ និង១៨ ខែមេសានេះ ដែលជាការបំពេញទស្សនៈកិច្ចផ្លូវរដ្ឋរបស់លោកមកកាន់តំបន់អាស៊ីអាគ្នេយ៍ រួមមាន វៀតណាម ម៉ាឡេស៊ី និងកម្ពុជា។
Newsroom មិនអាចសុំការអត្ថាធិប្បាយបន្ថែមជុំវិញករណីនេះ ពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សន្ទរី និងអ្នកនាំពាក្យក្រសួងកសិកម្ម លោក ឃឹម ហ្វីណង់ រួមទាំង អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានទេ។
ចំណែក អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា សុំមិនធ្វើអត្ថាធិប្បាយ ដោយប្រាប់ថា កម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានរួចហើយពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិនរួចហើយ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី១៧ ខែមេសា បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន នៅកម្ពុជានេះ ភាគីទាំងពីរ បានប្តេជ្ញាយ៉ាងម៉ឹងម៉ាត់ក្នុងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ផ្អែកលើច្បាប់បើកចំហ តម្លាភាព បរិយាប័ន្ន និងគ្មានការរើសអើង ខណៈរួមគ្នាលើកកម្ពស់ការរីកចម្រើនជាបន្តបន្ទាប់នៃច្បាប់ពាណិជ្ជកម្មពិភពលោក ក៏ដូចជាសេរីភាវូបនីយកម្មពាណិជ្ជកម្ម ការវិនិយោគ និងការសម្របសម្រួល។
ក្រសួងការបរទេសកម្ពុជា បន្តថា ភាគីទាំងពីរ ក៏បានឯកភាពធ្វើការរួមគ្នា ដើម្បីកសាងច្រវាក់ផ្គត់ផ្គង់ និងឧស្សាហកម្មប្រកបដោយសុវត្ថិភាព និងស្ថិរភាព ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍតំបន់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មស្តង់ដាខ្ពស់ ក៏ដូចជាលើកកម្ពស់ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ រួមមាន ប្រព័ន្ធដឹកជញ្ជូន បណ្តាញថាមពល ខ្សែកាបអុបទិក ឃ្លាំងស្តុកទំនិញ និងភស្តុភារកម្ម។
ប្រភពដដែលបន្តទៀតថា ភាគីចិនបានបញ្ជាក់ជាថ្មីនូវការគាំទ្រការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ និងបានសន្យាលើកទឹកចិត្តសហគ្រាសចិនដែលមានសមត្ថភាពកាន់តែច្រើនមកបណ្ដាក់ទុននៅកម្ពុជា។ ភាគីចិន ក៏បានសម្តែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជំរុញគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោផងដែរ។
លោក ចាន់ សុផល នាយកនៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយ ចាត់ទុកការបើកទីផ្សារដ៏ធំរបស់ចិនសម្រាប់កម្ពុជា ជាដំណឹងល្អសម្រាប់កសិករខ្មែរ។ ជាមួយគ្នានេះ លោកថា បើទោះបីជាកម្ពុជាមានសក្ដានុពលក្នុងការផលិតទំនិញកសិកម្មក៏ដោយ រដ្ឋាភិបាលក៏គួរតែមានវិធានការក្នុងការពង្រីក និងបង្កើនទិន្នផលទៅចិនបន្ថែមទៀត តាមរយៈការសិក្សា និងវិនិយោគរួមគ្នា រវាងក្រុមហ៊ុនចិននិងខ្មែរ ដើម្បីធានាថា កសិផលកម្ពុជាស្របតាមស្ដង់ដាដែលចិនតម្រូវ។
លោកនិយាយថា៖ «ចិនមានតម្រូវការខ្ពស់អនាម័យ តែបើមានក្រុមហ៊ុនចិន ចូលមករួមគ្នាវិនិយោគជាមួយក្រុមហ៊ុនខ្មែរ ប្រហែលជាដំណោះស្រាយមួយដែរ»។
បើតាម លោក ចាន់ សុផល កន្លងមក កម្ពុជា ក៏បាននាំចេញកសិផលជាច្រើនទៅកាន់ទីផ្សារចិនផងដែរ រួមមាន ស្វាយកែវមៀត កៅស៊ូ ម្រេច ស្វាយចន្ទី តែភាគច្រើនតាមច្រកវៀតណាម។
ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បង្ហាញថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ការនាំចេញទំនិញរបស់កម្ពុជា ទៅចិនមានទំហំទឹកប្រាក់ ៣៤៨,១៩ លានដុល្លារ ធ្លាក់ចុះ ៤,៩ ភាគរយ ចំណែកឯការនាំទំនិញចូលមកវិញ មានទំហំទឹកប្រាក់ ៣,៧២ ពាន់លានដុល្លារ កើន ៣០,៨ ភាគរយ។
ចំណែក របាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងចិន មានទឹកប្រាក់សរុប ១៥,១៩ ពាន់លានដុល្លារ ក្នុងនោះ ទំនិញចិននាំមកកម្ពុជា មានចំនួន ១៣,៤៤ ពាន់លានដុល្លារ ចំណែកទំនិញកម្ពុជានាំទៅប្រទេសចិន ១,៧៥ ពាន់លានដុល្លារ។
ទំនិញសំខាន់ដែលកម្ពុជានាំចេញទៅទីផ្សារចិននៅឆ្នាំ២០២៤ មានភាគច្រើនជាផលិតផលកសិកម្ម ដូចជា អង្ករ ស្វាយ ចេក ផ្លែមៀន និងផលិតផលជលផលមួយចំនួន។ ដោយឡែក ទំនិញដែលកម្ពុជានាំចូលពីចិន មានភាគច្រើនគឺជាវត្ថុធាតុដើម បម្រើក្នុងវិស័យឧស្សាហកម្មកាត់ដេរ ឧស្សាហកម្មយានយន្ត និងសំណង់ជាដើម។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ថ្នាក់ដឹកនាំកំពូលចិននេះដែរ កម្ពុជានិងចិន បានចុះហត្ថលេខាលើឯកសារចំនួន៣៧ ពាក់ព័ន្ធនឹងការអភិវឌ្ឍធនធានមនុស្ស កសិកម្ម ឧស្សាហកម្ម សុខាភិបាល ទេសចរណ៍ និងប្រព័ន្ធផ្សព្វផ្សាយជាដើម។
ក្រៅពីនោះ ភាគីកម្ពុជា និងចិន ក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ការពង្រឹងការការពារបរិស្ថាន ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងវប្បធម៌ និងការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងសកល រួមនិងបញ្ហាផ្សេងៗទៀតផងដែរ៕
អត្ថបទ៖ វ៉ា សុភានុត