CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

មានការយល់ឃើញផ្សេងគ្នា ជុំវិញ​​ការ​​រៀប​ចំ​​ឡើង​​វិញ​នូ​វ​​ក្រុម​​ជំនុំ​​ព្រះ​​ត្រៃបិដក

CJs khmer ដោយ CJs khmer
March 29, 2025
ក្នុង ព័ត៌មាន, សង្គម
0
មានការយល់ឃើញផ្សេងគ្នា ជុំវិញ​​ការ​​រៀប​ចំ​​ឡើង​​វិញ​នូ​វ​​ក្រុម​​ជំនុំ​​ព្រះ​​ត្រៃបិដក

សកម្មភាពក្បួនដង្ហែព្រះត្រ័យរតន៍ក្នុងថ្ងៃទិវាបុណ្យរំឭកព្រះឧបការគុណ សម្ដេច ព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរលើកទី១៤ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នៅវត្តរាជបូណ៌ ខេត្ត/ក្រុងសៀមរាប។ រូបថត៖ ក្រសួងធម្មការនិងសាសនា

0
ចែករំលែក
46
ចំនួនមើល

ក្រុម​ជំនុំ​​​ព្រះ​ត្រៃ​បិដក​ថ្មី ដែល​​មាន​​តួនាទី​​​​ផ្ទៀង​​ផ្ទាត់​​​គម្ពីរ​​ព្រះត្រៃបិ​ដក​ខ្មែរ និង​ប្រែ​អដ្ឋកថា​ដីកា និង​​យោជនា បាន​​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​វែក​ញែក​យ៉ាងផុល​ផុស​ នាពេល​ថ្មីៗនេះដែល​​មាន​​ទាំង​អ្នក​គាំទ្រ​ និង​មិន​គាំទ្រ​​​​ បន្ទាប់ពី​រដ្ឋាភិបាល​​​​អនុញ្ញាត​​ឱ្យ​រៀប​ចំក្រុម​ជំនុំ​ព្រះត្រៃបិដក​ឡើង​វិញ​។

មជ្ឈដ្ឋាន​ខ្លះ ជឿ​ថា​ ការរៀប​ចំ​ឡើងវិញ​​នូវ​ក្រុមជំនុំព្រះត្រៃបិដក​​ ​​គឺជា​ការ​​ចាំ​បាច់ ​ដើម្បី​​បំពេញ​នូវ​​ចំណុច​ខ្វះ​ខាត ប៉ុន្តែ​មជ្ឈដ្ឋាន​ខ្លះទៀត​​ បានសម្តែង​ការ​ព្រួយ​​​បារម្ភ​ថា ការ​ធ្វើ​បែបនេះ អាច​ធ្វើ​​​ឱ្យ​ប៉ះពាល់​ដល់កេរ្តិ៍​​​ឈ្មោះ ​និង​​តម្លៃ​នៃ​ស្នាដៃ​របស់​​បុព្វបុរស​​ជំនាន់​មុន​ ​ដោយ​ពួកគាត់​​លើកជា​​សំណួរ​ថា តើ​ខ្លឹមសារ​ដើម​នៃឯកសារជា​ប្រវត្តិ​សាស្ត្រនេះ​ ​​នឹងត្រូវ​បានថែរក្សា​តាម​របៀបណា​។

ឆ្លើយ​ត​ប​នឹងការ​​ខ្វែង​គំនិត​គ្នា​នេះ ក្រសួង​ធម្មការ​ និង​សាសនា​​ បាន​ចេញ​សេចក្តី​ប្រកាស​​ព័ត៌​មាន​​មួយ ​កាល​ពី​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០២៥​ ថា ការ​រៀប​ចំឡើងវិញ​នូវ​​ក្រុម​ជំនុំ​ព្រះត្រៃបិដក​ គឺ​មិន​​មាន​​ចេតនា​លុប​បំបាត់​​គុណូបការៈ និង​ស្នា​ព្រះហស្ត ឬស្នាដៃរបស់​ក្រុម​ជំនុំ​ព្រះត្រៃបិដក​ជំនាន់​​ដើម​នោះទេ​ ផ្ទុយ​ទៅវិញ គឺ​ក្នុង​គោល​បំណង​ ដើម្បីបន្ត​ថែ​រក្សា​នូវ​គុណតម្លៃ​ព្រះត្រៃ​បិដក​ខ្មែរ ​និង​​សមិទ្ធផល​របស់​ក្រុម​ជំនុំ​ព្រះត្រៃ​បិដក​ជំនាន់​ដើម​។

សម្តេចព្រះឧត្តម​ចរិយា​ ​បណ្ឌិត ឈឹង ប៊ុន​ឈា ព្រះ​អនុ​ប្រធាន​ថេរសភា ​នៃ​ព្រះ​ពុទ្ធ​សាសនា នៅ​​ព្រះរាជាណាចក្រ​កម្ពុជា ​​បាន​មាន​ថេរដីកា​​កាលពីសប្តាហ៍​មុន​ថា ការ​បង្កើត​ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក​ឡើង​វិញ ​ពិត​ជា​មាន​សារៈ​សំខាន់​សម្រាប់​ព្រះ​ពុទ្ធ​សាសនា ​និង​មាន​ប្រយោជន៍​ដ៏​ធំ​ធេង​​សម្រាប់​ខ្មែរ​​​ជំនាន់​នេះ ​ក៏ដូច​ជា​ជំនាន់​ក្រោយ​ ដើម្បី​បាន​សិក្សា​រៀន​សូត្រ​ ស្រាវ​ជ្រាវ​បន្ត​។

ព្រះ​អង្គ​មាន​ថេរដីកា​ថា៖ « អាត្មា​គាំ​ទ្រ​ចំពោះ​ការ​បង្កើត​ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក​ឡើង​វិញ​ ដើម្បី​បន្ត​វេន​ពី​បុព្វ​បុរស​ជំនាន់​មុន​។ បើ​សិន​ជា​យើង​អត់​ធ្វើ​បាន​ន័យ​ថា​ នៅ​តែ​ត្រឹម​ហ្នឹង​ អត់​មាន​ការ​រីក​ចម្រើន​តទៅទៀត»​។

ព្រះអង្គមាន​ថេរដីកា​បន្ត​ថា គម្ពីរ​ព្រះត្រៃបិដក​មាន​ហើយ​ និង​បាន​បក​ប្រែពីបាលី​មក​ភាសាខ្មែរ​ដោយ​​អ្នក​ប្រាជ្ញជំនាន់មុន​ ប៉ុន្តែនៅមាន​គម្ពីរ​ច្រើន​ទៀត​ ដែល​មិន​បាន​បកប្រែ​មក​ជា​ភាសាខ្មែរ ដូចជាគម្ពីរអដ្ឋកថា​ ​គម្ពីរដីកា​ គម្ពីរយោជនា គឺ​ជា​សេចក្តី​ពន្យល់​ខ្លឹម​សារ​ទៅ​លើ​ព្រះ​ត្រៃ​បិដក​ដែល​ពន្យល់​ដោយ​ព្រះ​អរហន្ត​។​

ការ​បា​រម្ភ​​អំពីគុណតម្លៃ​នៃ​​ស្នាដៃ​​បុព្វបុរ​ស​

ទោះបីជា​មាន​សេចក្តី​​បំភ្លឺ ​និង​ការ​បកស្រាយ​ពន្យល់​ទំាង​នេះក៏ដោយ​ ក៏​នៅ​មាន​ព្រះសង្ឃ អ្នក​សិក្សា​ ​និង​ពុទ្ធបរិស័ទ​មួយ​ចំនួន​ នៅ​មិន​​យល់​ស្រប​ចំពោះ​ការ​បង្កើតឡើងវិញ នូវ​​ក្រុម​ជំនុំព្រះ​ត្រៃ​បិដកនេះ ដោយបារម្ភ​ថា ការ​កែសម្រួល​ណាមួយ​អាចនាំឱ្យ​បាត់​បង់​ខ្លឹម​សារដើម​។​​

ព្រះសច្ចរង្សី សាស្រ្តាចារ្យ​ ផុន ភក្តី ជា​ព្រះសង្ឃមួយ​អង្គ​ ដែលសកម្ម​នៅក្នុង​ការ​អប់រំ​​ផ្នែក​​ព្រះពុទ្ធសាសនា​ដល់​ពុទ្ធបរិស័ទ​ខ្មែរផងដែរនោះ​​ បាន​ធ្វើ​ការ​រិះគន់​​ជា​ចំហ​តាម​បណ្តាញ​សង្គម​មុន​គេ​ កាល​ពីថ្ងៃទី​១៣​ ខែ​មីនា ក្រោយ​ពី​ទីស្តីការ​គណៈរដ្ឋមន្ត្រី សម្រេច​អនុញ្ញាតឱ្យ​រៀប​ចំឡើងវិញ​​នូវ​ក្រុមជំនុំព្រះត្រៃបិដក​ ដោយ​ព្រះអង្គ​សម្តែង​ការ​ព្រួយ​បារម្ភ​ថា ការ​ធ្វើ​បែបនេះនឹង​ប៉ះពាល់​​ដល់​តម្លៃ​​របស់​វីរៈបុរស​ជា​តិ។​​

ព្រះអង្គមាន​ថេរដីកា​ប្រាប់ Newsroom Cambodia តាម​តេឡេក្រាម កាល​ពី​ថ្ងៃ១៩ ខែមីនា ​ឆ្នាំ២០២៥ ​ថា​​បុព្វ​បុរស​ខ្មែរ​ខិត​​ខំ​លះបង់​ពេញ​មួយ​ជីវិត​ ដើម្បី​បង្កើត​ព្រះត្រៃបិ​ដក​ ហើយ​បាន​​ផ្ទៀង​​​​​ផ្ទាត់​​រួច​រាល់​អស់​ហើយ ដោយ​បាន​ចំណាយ​ពេល​​៤០​ឆ្នាំ​ ​មុន​សម្រេច​បោះពុម្ពផ្សាយ​។​ ព្រះ​អង្គ​មានថេរដីកា​ថា ​​ការ​ធ្វើ​បែប​នេះ នឹង​ធ្វើ​ឱ្យ​តម្លៃដើម ​និងស​ភាព​ដើម​​នៃ​ព្រះត្រៃបិដក ​ប្រែ​ប្រួល​​ទៅ​​តាម​មនុស្ស​ពីជំនាន់​មួ​យ​ទៅ​ជំនាន់​មួយ​។

ព្រះអង្គមាន​ថេរដីកា​​​ថា៖ «បើ​បង្កើត​ក្រុម​ជំនុំ​ថ្មី ឈ្មោះ​តែមួយ​ហើយ​ផ្ទៀង​ផ្ទាត់​រួច ​នឹង​បញ្ចូល​ឈ្មោះ​អ្នកជំនាន់​នេះ​ចូល​ទៅ​ក្នុង​ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក ​និង​សៀវភៅ​ធ្វើ​ឱ្យ​ក្មេង​កើត​មក​ក្រោយៗ ​​លែងស្គាល់​ស្នាដៃ​បុព្វបុរស​ដើម​ពិត​ប្រាកដ»។

ព្រះអង្គ​មាន​ថេរដីកា​បន្ត​ថា​៖ «មិន​គួរដាក់​ឈ្មោះ​មនុស្ស​ជំនាន់​នេះ ​ឬ​ជំនាន់​ក្រោយ ​ចូល​ក្នុង​ក្រុម​បុព្វបុរស​ទេ ព្រោះ​​​បិដក​លោក​បាន​ធ្វើ​រួច​ស្រេច​អស់​ទៅ​ហើយ»។

មិន​ខុស​គ្នា​ប៉ុន្មាន​​ពី​ព្រះអង្គ​ ផុន ភក្តី ព្រះតេជគុណ អិត ខែម ជា​​សមណ​និស្សិតគង់​នៅ​ខេត្ត​បាត់ដំបង មាន​សង្ឃ​ដីកា កាលពីថ្ងៃទី១៨ ខែ​មីនា ឆ្នាំ​២០២៥ថា​ ព្រះអង្គ​មិន​ជំទាស់​នឹង​​ការ​រៀប​ចំក្រុមជំនុំព្រះត្រៃបិដក​ឡើង​វិញនោះ​​ទេ ​ប៉ុន្តែថា គួរ​ប្រើ​​ឈ្មោះ​ផ្សេង​ខុស​ពី​ក្រុម​ជំនុំ​ព្រះត្រៃបិដក​ជំនាន់​ដើម​​​។

ព្រះ​តេជគុណ​មាន​សង្ឃដីកា​ថា​៖ «​បើអ្នក​ប្រាជ្ញ​របស់​យើង​លោក​រៀប​រៀង​ មើល​អក្ខរាវិរុទ្ធ​មើល​អត្ថរស​អស់​ហើយ​។ បើ​សិន​ជា​ការ​ផ្ទៀង​ផ្ទាត់​ ដើម្បី​តែ​កែ​អក្ខរាវិរុទ្ធ​ក៏​យក​មក​កែ​ទៅ​ ចាំ​បាច់​អី​ដាក់​ថា ​បង្កើត​ក្រុម​ជំ​នុំ​ព្រះ​ត្រៃ​បិដក​ សរសេរ​​​សមាស​ភាព​មាន​គណៈ​កម្មការ​ពហុ​សូត្រ​ក្នុង​ហ្នឹង​ដាក់​ធ្វើអី»​។

និស្សិត​ផ្នែកគ្រប់គ្រងម្នាក់​នៅសាកលវិទ្យាល័យមួយ​ក្នុង​រាជធានី​​ភ្នំពេញ​ ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ​បាន​ឱ្យ​ដឹង​ថា ​​​រូបគាត់​​គាំ​ទ្រឱ្យមានការរៀប​ចំ​​ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក​ឡើង​វិញ ប៉ុន្តែ​​ត្រូវ​មាន​ឈ្មោះ​ផ្សេងពី​ម្ចាស់​ដើម​ និង​មាន​អ្វី​ជា​របក​គំហើញ​​ថ្មី​ ដែល​មិន​ប៉ះ​ពាល់​ដល់​ឈ្មោះ​​ឬ​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ​។

​និស្សិត​វ័យ​២៤ឆ្នាំ​រូបនេះ ​និយាយ​​ថា៖ «​មិន​ចង់​បង្ហាញឆន្ទៈ​អ្វីបន្ថែមទៀតទេ ព្រោះ​ពេល​នេះ​អ្វីៗ​ក៏​បាន​ស្រប​ទៅ​ហើយ ម្យ៉ាង​ក៏​មិនចង់​ឱ្យ​​រឿង​នេះ ​ហាក់​បី​ដូចជា​ជម្លោះ​រវាង​អ្នក​កាន់​សា​ស​នា​​ផង​ដែរ។ សុំ​ត្រឹម​ដាក់​ថា ក្រុម​ជំនុំ​បក​ប្រែ​អដ្ឋក​​ថា​​ជំនាន់​​ថ្មី ដែល​នៅ​សល់​តែប៉ុណ្ណឹង​គឺគ្រប់​គ្រាន់​ហើយ។ មូល​ហេតុ​ដោយសារ​តែ​ខ្ញុំ​យល់​ឃើញថា បើដាក់​ឈ្មោះ​ក្រុម​ជំនុំ​​​ព្រះ​ត្រៃបិដក​ជំនាន់ថ្មី អាច​នឹង​អ្នក​ជំនាន់​ក្រោយ​មាន​ការ​យល់​ច្រឡំ​ឈ្មោះ​មកលើ​ក្រុម​ថ្មី​នេះ»។

​សមត្ថភាពនៃ​​ក្រុមជំនុំព្រះត្រៃបិដក​

ចំណុច​​សំខាន់​មួយ​ទៀត​​នៃ​ការជជែក​វែក​ញែកផងដែរ​ ​គឺ​សមត្ថភាព​នៃក្រុម​ជំនុំ​ព្រះត្រៃបិដក​ថ្មី​នេះ។ ក្រុមជំនុំ​ព្រះត្រៃបិដក​ដំបូង ​ត្រូវ​បាន​បង្កើត​ឡើង​នៅក្នុង​ឆ្នាំ​១៩២៩ ប្រមូល​ផ្តុំ​និង​ដឹកនាំ​ដោយ​​បញ្ញវន្ត​សង្ឃ​កំពូលៗ ដូច​ជា សម្តេចព្រះសង្ឃរាជ ជួន ណាត​​ ជាដើម ដែល​មាន​ចំណេះជំនាញ​​ជ្រៅជ្រះខាង​ភាសា​បាលី សំស្ក្រឹត និង​ភាសា​ខ្មែរ​។ ក្រុម​ជំនុំព្រះត្រៃបិដក​មាន​តួនាទី​សំ​ខាន់​ក្នុង​ការ​បក​​ប្រែពីភាសាបាលី​មក​ជា​ភាសាខ្មែរ ​​និង​បោះពុម្ពព្រះត្រៃបិដក​ ពី​បាលី​ដើម​ក្នុង​ព្រះ​ត្រៃបិដក។

ក្រុម​អ្នក​រិះគន់​​លើក​ជា​សំណួរ​ថា តើ​សមាសភាពនៃក្រុម​ជំនុំ​ព្រះត្រៃបិដក​ ដែល​នឹង​ត្រូវ​រៀប​ចំ​ឡើង​វិញ​​នេះ មាន​ចំណេះជំនាញជ្រៅជ្រះ​ខាង​​ភាសា​បាលី​ សំស្ក្រឹត ​និង​ភាសាខ្មែរ ដូច​ក្រុម​ជំនុំ​ព្រះត្រៃបិដក​ជំនាន់មុន​ដែរឬទេ ដែលបញ្ហា​​នេះ ​នាំឱ្យ​មាន​ការ​បារម្ភ​ថា អាច​​បកប្រែ​ខុស​ន័យ​សេចក្តី​​ពី​​ដើម​​​។

ព្រះតេជគុណ អិត ខែម មាន​សង្ឃដីកា​ថា ការ​រៀប​ចំឡើងវិញ​​​អាច​​មាន​ផលវិជ្ជមាន​ និង​អវិជ្ជ​មាន​ ហើយ​​ថា បើ​អ្នក​​ប្រាជ្ញ​​សម័យ​នេះ​ខ្លាំង​ភាសា​បាលី​​ និង​ចំណេះ​ដឹង​ទូ​ទៅ​ខ្លាំង​ជាង​អ្នក​ប្រាជ្ញ​ជំនាន់​​បុរាណ​នោះ​ ការ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​នឹង​មាន​ភាព​ល្អ​ប្រសើរ​។

ព្រះ​តេជគុណមាន​សង្ឃ​ដី​កា បន្ត​ថា​៖ «កាលណា​យើង​ទៅ​កែ​ ដែល​យើង​ជា​អ្នក​ចេះ​តិច​តួច​មិន​ខុស​អី​ពី​មូល​បង្កាច់​ពុទ្ធ​ដី​កា​​ទេ​ ខុស​ពុទ្ធ​ដី​កា​​នៅ​សម័យ​កាល​បុរាណ​​យើង ​ដែល​លោក​បាន​ចង​ក្រង​និង​តាក់​តែង​»។

លិខិត​បំភ្លឺរបស់​គណៈសង្ឃនាយក ​កាលពី​ថ្ងៃទី​១៤ ខែ​មីនា បាន​បញ្ជាក់​​ថា បច្ចុប្បន្ន​​នេះ ពុទ្ធសាសន​​មណ្ឌល​ខ្មែរ​ មាន​ធនធាន​មនុស្ស​ទាំង​បព្វជិត​និង​គ្រហស្ថ​ ដែ​លមាន​សមត្ថភាព​ជំនាញ​ ភាសាបាលី សំស្ក្រឹត​និង​ភាសាបរទេស​ជា​ច្រើន ​អាច​បន្ត​វេន​ក្នុង​ការ​ធ្វើ​កិច្ច​ការ​នេះ​បាន​។

លោក​ ហ៊ួរ ហាំ គ្រូ​បង្រៀន​ភាសាបាលីនៅ​សាលាពុទ្ធិកបឋម​សិក្សា​វត្ត​ស្លាកែត នៅខេត្ត​បាត់​ដំ​បង​​​​ បាន​ប្រាប់​ Newsroom Cambodia នៅ​ថ្ងៃ​២៧ ខែ​មីនា​ ឆ្នាំ២០២៥ នេះ​ថា​ ការ​បក​ប្រែ​ភាសា​បា​លី​មាន​បញ្ហា​ប្រឈម​ទាំង​ផ្នែក​​អក្ខរាវិរុទ្ធ​ និង​វេយ្យាករ​ណ៍​​ ហើយ​ទាម​ទារ​ឱ្យ​មាន​ចិត្ត​អំណត់​ព្យាយាម​ជាដើម​។

លោក​ថ្លែង​​​ថា៖ «ភាសាបាលី គឺ​ជា​ភាសាមួយ​លំបាក ក្បួន​ខ្នាតស្កេក​ស្កះ​​ បញ្ហា​នេះ​ហើយ​បាន​ព្រះ​អរហន្ត​ដែល​ជា​អ្នក​ជំនាញ​ចំណាន​ លោក​ឃើញ​បញ្ហា​ក្នុង​ភាសា​បាលី ​គឺ​ជា​​​ភាសា​ដែល​លំបាក​។ អ៊ីចឹង​ដំបូង​ត្រូវ​រើស​ពាក្យ​ក្នុង​ពុទ្ធ​វចនៈ​ ពាក្យ​ក្នុង​ព្រះ​ត្រៃ​បិដក​ទាំង​អស់​មក​សរសេរ​ចង​ក្រង​ជា​វេយ្យាករណ៍​»។

លោកបញ្ជាក់​​​ថា​ វេយ្យាករណ៍​ជា​រឿង​មួយ​សំខាន់ ​ក្នុង​ការ​បក​ប្រែ​ភាសា​បាលី​ និង​ព្រះ​ត្រៃ​បិដក​ជា​ដើម​។ បើ​កាល​ណា​វេយ្យាករណ៍​​ខ្សោយ​ ការប្រែ​មាន​ការ​លំបាក​​ ប៉ុន្តែ​បើមាន​​ជំនាញ​វេយ្យា​ករណ៍ ​គឺមាន​ភាពងាយ​ស្រួល​និង​រហ័ស​។ លោក​បាន​ប្រៀប​ធៀប​ពី​ការ​រៀន​ភាសាបាលីសំស្រ្កឹត​​​ទៅ​នឹង​រូប​មន្ត​​ធរណី​មាត្រ​ បើ​កាល​ណា​មិន​ចាំ​រូ​បមន្ត ​គឺ​​លំបាក​ធ្វើ​លំហាត់​​និង​រក​ផ្លូវ​ចេញ​ពុំ​ឃើញ​ឡើយ​​។

លោក​ថ្លែង​ថា៖ «យ៉ាង​ណា​មិញ​ ភាសាបាលី​ក៏​ដូច​គ្នា​ បើ​យើង​មិន​ច្បាស់​វេយ្យាករណ៍​អាន​ដាក់​ជាប់ៗ​តែ​ម្តង​។ តែ​បើ​យើង​ច្បាស់​វេយ្យាករណ៍​ហើយ ​ទៅបក​​​ប្រែ មិន​មាន​បញ្ហា​ទេ»។

លោក​បាន​លើក​យក ​៣​ចំណុច ​ដែល​​អាច​បក​ប្រែ​ភាសា​បាលី​​បាន​ គឺ​ទី​១ ​ត្រូវ​ចេះ​វេយ្យា​ករណ៍​ ​ទី​​២ គឺ​សព្ទ ​[វេវចនៈ] និង​ទី៣ ការ​ប្រែ​សំនួន​ខ្មែរ​។ បើ​មិន​សូវ​ពូកែ​សំនួន​ខ្មែរ ពេល​ប្រើ​ប្រាស់​ជា​ភាសា​​បាលី​រាង​ពិបាក​ស្តាប់​ជាពិសេស​ពល​រដ្ឋ​សាមញ្ញ​។

មក​ដល់ពេលនេះ មិន​ទាន់​មាន​ការ​ប្រកាស​ជាផ្លូវ​ការណ៍​ ​អំពី​សមាសភាព​នៃ​ក្រុម​ជំនុំព្រះត្រៃបិដក​ថ្មីនេះ​នៅឡើយ​ទេ ខណៈ​ក្រុម​ការ​ងារ​​មក​ពី​​គណៈសង្ឃ និង​ក្រសួង​ធម្មការ បាន​និងកំពុង​រៀបចំ​ដំណើរ​ការ​ក្រុម​ជំនុំព្រះត្រៃបិដក​ ដែល​មាន​សមាសភាព​ពី​៣០​ ទៅ​៤០​អង្គ/នាក់ ក្នុង​នោះ ​​មាន​ទាំង​ព្រះសង្ឃនិង​គ្រហស្ថ ​ដែល​សុទ្ធតែ​ជា​អ្នក​មាន​សមត្ថភាព​ខ្ពស់​ផ្នែក​​ភាសាបាលី​សំស្រ្កឹត ​និង​ភាសា​ដទៃ​ទៀត​។ នេះ​បើយោង​តាម​ថេរដីកា​របស់​សម្តេច​ព្រះឧត្តម​ចរិយា ឈឹង ប៊ុនឈា។

ភាពចាំបាច់តម្រូវ​ឱ្យ​មាន​ក្រុម​ជំនុំ​ព្រះត្រៃបិដក​

បើ​តាមលិខិត​បំភ្លឺ​ចុះថ្ងៃទី​១៤ ខែ​មីនា របស់​គណៈសង្ឃនាយក​ បាន​ឱ្យ​ដឹង​ថា ​​ការ​ថតចម្លងនិង​បោះ​ពុម្ព​ខុស​អក្ខាវិរុទ្ធ និង​​មាន​បាត់​ទំព័រខ្លះ នា​ពេល​កន្លងមក​ និង​បច្ចុប្បន្ន ​​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ខ្លឹម​សារពុទ្ធវចនៈដើម​ ហើយ​ហេតុ​នេះ ចាំ​បាច់​តម្រូវ​ឱ្យ​មាន​ក្រុម​ជំនុំ​ព្រះត្រៃបិដក​ឡើងវិញ ដើម្បី​​ជាយន្តការ​រៀបចំនីតិវិធីសម្រាប់​ការ​បោះពុម្ពឱ្យ​បាន​ត្រឹម​ត្រូវ​ តាម​ព្រះត្រៃបិដក​ច្បាប់​​ដើម​។​​

សម្តេច ឈឹង ប៊ុនឈា មាន​ថេរដីកា​​ថា​ ការ​ផ្ទៀង​ផ្ទាត់​ឡើង​វិញ​មិនមែន​មាន​ន័យ​ថា ​ទៅ​កែ​ឬដូរ​ព្រះ​ត្រៃ​បិដក​ទេ​ ប៉ុន្តែ​ការ​ពិនិត្យ​និង​ផ្ទៀងផ្ទាត់ គឺ​​ដោយសារ​​ព្រះ​ត្រៃ​បិដក​ដើម ​ត្រូវ​បាន​យក​ទៅ​វាយ​កុំ​ព្យូទ័រ​ឡើងវិញ ​​មាន​ខុសឆ្គង​អក្ខរាវិរុទ្ធ​ជា​ដើម ​និង​រៀប​ចំទំព័រ​មិន​បាន​ត្រឹម​ត្រូវ​នៅពេល​បោះពុម្ព​។

ព្រះ​អង្គមានថេរ​ដីកា​​ថា​៖ «មុន​នឹង​វាយ​ឡើង​វិញ​ ត្រូវ​ឆ្លង​កាត់​ក្រុមជំនុំ​ព្រះ​ត្រៃ​បិដក​នេះ​សិន ពិនិត្យ​ឱ្យ​ច្បាស់​លាស់​​តាម​ច្បាប់​ដើម​ ទើប​​អនុញ្ញាត​ឱ្យ​បោះ​ពុម្ព។​ ពេល​បោះ​ពុម្ព​រួច​ហើយ​​ត្រូវ​ពិនិត្យ​ឡើង​វិញ​ទៀត​ថា ​បោះ​ត្រូវ​តាម​ភាគ​ តាម​ទំព័រ​ដូច​ច្បាប់​ដើម​ឬអត់​។ ពុំ​មែន​មានន័យ​ថា ​ទៅ​កែ​ខ្លឹម​សារ​ឬ​ពិនិត្យ​​ស្នា​ដៃ​បុព្វ​បុរស​ខ្មែរ​ថា​ខុស​ថា​ត្រូវ​នោះ​ទេ​»។

​ព្រះ​បញ្ញាមុនី​ញាណ​ ហាក់ សៀង​ហៃ នាយក​ប្រតិបត្តិ​អង្គការ​ព្រះ​ពុទ្ធ​សាសនា​ ដើម្បី​អប់​រំ​នៅ​កម្ពុជា មាន​ថេរដីកាថា ​អ្នក​ខ្លះ​យក​ព្រះ​ត្រៃ​បិដក​ទៅ​បក​ប្រែ​ បោះ​ពុម្ព​ ទៅ​កែច្នៃផ្សេងៗ​ដែល​មិន​​មាន​អ្នក​ពិនិត្យ​ ឬ​តាមដាន​និង​ជួយមើល​ជាដើម។​ នេះបើ​យោងតាម​វីដេអូរបស់​ព្រះអង្គ​ ​ដែល​ត្រូវ​​បាន​ចែក​ចាយ​​ជា​ទូទៅ​​កាល​ពីពេល​ថ្មីៗនេះ​។

ព្រះអង្គមានថេរដីកា​​បន្ត​​ថា ការណ៍​​នេះ ​ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក​លោក​មាន​ភារកិច្ចថែរក្សា​ អភិរក្ស​​និង​អភិវឌ្ឍកិច្ចការ​ងារ ​គម្ពី​ ក្បួន​ខ្នាត​ក្នុង​ពុទ្ធ​សាសនា​។

ព្រះអង្គមាន​ថេរដីកាថា៖ «​ការ​បង្កើត​នេះ​មិនមែន​កែ​ប្រែ​បិដក​ឯណា​ គឺ​ដើម្បីក្រុម​​អ្នក​ប្រាជ្ញ​ពុទ្ធ​សាសនា​ គេ​ពិនិត្យ​ទៅ​លើ​គម្ពី​រ​ក្បួន​ខ្នាត​ថ្មីៗ​បន្ថែម​ទៀត​»។

កញ្ញា ចុល្ល បណ្ឌិតា មាន​អាយុ​២៣ឆ្នាំ​ ជានិស្សិត​ឆ្នាំ​ទី​៤នៃ​សកល​វិទ្យាល័យ​ច្បាប់​ និង​និតិសាស្រ្ត​ បាន​ឱ្យ​ដឹង​ថា​ ការ​រៀប​ចំ​ក្រុម​ជំ​នុំ​​ព្រះ​ត្រៃ​បិដក​ឡើង​វិញ គឺ​ជា​ការ​ល្អ​ប្រសើរ​ និង​គាំទ្រ​ព្រោះ​​បាន​ជា​ប្រយោជន៍​សម្រាប់​ព្រះ​សង្ឃ និង​ពុទ្ធ​សាសនិក​ទាំង​អស់​ផង​ដែរ​។

កញ្ញា​និយាយ​​ថា​៖ «​​ការ​រៀប​ចំ​នេះ​ ជា​ការងារ​របស់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ ក្នុង​ការ​បង្កើត​នូវ​ក្រុមជំនុំ​ព្រះ​ត្រៃបិដក​នេះ​ គឺ​គ្រាន់​តែ​ជា​ការ​រៀបចំ​នូវគម្ពី ក្បួន​​ ច្បាប់​ សម្រាយ​​ពន្យល់​អម​បន្ថែម​ទៅ​តាម​​ពុទ្ធឱវាទ​​ ដែល​​មាន​​បិដក​ជាគោល​ ដើម្បី​សម្រាប់​​ពុទ្ធ​សាសនិក​សិក្សា​រៀន​សូត្រ​បន្ថែម​តែប៉ុណ្ណោះ​​។ ហើយ​ខ្ញុំ​គាំទ្រ​ក្នុងការ​ឱ្យ​មាន​ការ​រៀប​ចំ​ឡើង​វិញ​ នូវការ​ជំនុំនេះ ព្រោះ​វា​ប្រយោជន៍​ក្នុងសាសនា​រួម»។

យោងតាម​លិខិតចុះថ្ងៃទី​១១ ខែ​មីនា ឆ្នាំ២០២៥ ​ដែល​មាន​ចុះ​ហត្ថលេខា​ដោយ​ លោក​ ប៊ុន សំបូរ រដ្ឋ​លេខាធិការ​ ទីស្តីការ​គណៈរដ្ឋ​មន្ត្រីក៏បាន​ឯកភាព​ឱ្យមាន​ការ​រៀប​ចំឡើងវិញ​នូវ​ក្រុម​ជំនុំ​ព្រះត្រៃបិដក​ ដើម្បី​ផ្ទៀងផ្ទាត់​គម្ពីរ​ព្រះត្រៃបិ​​ដក​ខ្មែរ និង​ប្រែ​អដ្ឋកថាដីកា និងយោជនា​ រៀបចំ​ពិធី​សូធ្យ​គម្ពីរ​ព្រះត្រៃបិដក​រៀប​រាល់៥​ឆ្នាំ​ម្តង​ និង​កំណត់​យក​ថ្ងៃទី​១ ខែមេសា​ ឆ្នាំ​២០២៥​ ដើម្បីរៀបចំពិធី​បុណ្យ​ខួប​ទី​៥៦​ឆ្នាំ​ នៃ​ការ​បក​ប្រែ​គម្ពីរ​ព្រះត្រៃបិដក​ខ្មែរ​។

ព្រះ​ត្រៃបិដក គឺ​​ជា​ឃ្លាំង​ផ្ទុក​នូវ​ពុទ្ធ​វចនៈ​ទាំង​ឡាយ ​ដែល​ព្រះ​សម្មាសម្ពុទ្ធ​សម្តែង​មាន​ចំនួន​ទាំង​​អស់​ ៨៤០០០​ធម្ម​ក្ខន្ធ​។ ព្រះ​ត្រៃ​បិដក​ចែក​ចេញ​ជា​បី​គម្ពីរ​ ទី​មួយ គឺ​​វិន័យ​បិដក មាន១៣ភាគ មាន ២១០០០ ធម្មក្ខន្ធ​ ទី​ពីរ​គឺ​សុត្តន​បិដក មាន ៦៤ភាគ មាន២១០០០ ធម្មក្ខន្ធ ទី​បី​អភិធម្ម​បិដក មាន ៣៣ភាគ និង​មាន ៤២០០០ ធម្មក្ខន្ធ​។ គម្ពីរ​នីមួយៗ​មាន​លក្ខណៈ​ខុសគ្នាៗ៕

អត្ថបទ​ដោយ៖​ ណឺ មិនា​

អត្ថបទមុន

បទយកការណ៍៖ យុវជន​​​​​​មួយ​​​​ចំនួន​​​​នៅ​​​​តំបន់​​​​ព្រៃ​ការ​ពារ​ចំនួន​២ ​​​​​​ស្នើឱ្យ​ចាត់​វិធាន​ការ​លើ​បទ​ល្មើស​ព្រៃ​ឈើ​​​ឱ្យ​មាន​ប្រសិទ្ធ​ភាព

អត្ថបទបន្ទាប់

ជនជាតិដើមភាគតិចពូនងនៅភូមិចម្រើនខេត្តក្រចេះត្អូញត្អែពីកង្វះទឹកប្រើប្រាស់ក្នុងរដូវប្រាំង 

អត្ថបទបន្ទាប់
ជនជាតិដើមភាគតិចពូនងនៅភូមិចម្រើនខេត្តក្រចេះត្អូញត្អែពីកង្វះទឹកប្រើប្រាស់ក្នុងរដូវប្រាំង 

ជនជាតិដើមភាគតិចពូនងនៅភូមិចម្រើនខេត្តក្រចេះត្អូញត្អែពីកង្វះទឹកប្រើប្រាស់ក្នុងរដូវប្រាំង 

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង