CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន វិវាទដីធ្លី

សហគមន៍មួយចំនួន​​នៅ​ភ្នំពេញ ស្នើក្រសួង​​ពន្លឿន​ការចុះបញ្ជីដីធ្លី ដើម្បីសុវត្ថិភាព

CJs khmer ដោយ CJs khmer
March 21, 2025
ក្នុង វិវាទដីធ្លី, សង្គម
0
សហគមន៍មួយចំនួន​​នៅ​ភ្នំពេញ ស្នើក្រសួង​​ពន្លឿន​ការចុះបញ្ជីដីធ្លី ដើម្បីសុវត្ថិភាព

ចក្រចូលសហគមន៍ពង្រសែនជ័យ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។ (រូបភាព៖ មាស ដា/វីអូអេ)

0
ចែករំលែក
67
ចំនួនមើល

ប្រជាពលរដ្ឋមកពីសហគមន៍មួយចំនួន​នៅរាជធានីភ្នំពេញ ស្នើរដ្ឋាភិបាល​​​​ពន្លឿន​​ការ​​ចុះ​​បញ្ជីដីធ្លី​​ពួក​គេ​ឆាប់​រហ័ស ដើម្បីធានាបាននូវសិទ្ធិលំនៅឋានរបស់ពួកគេ និងបង្កើនសុវត្ថិភាពក្នុងការកាន់កាប់ ក្រោយពួកគេ​បានរង់ចាំ​អស់រយៈពេលជាងមួយទស្សវត្សរ៍។

តំណាង​សហគមន៍កៅពីរ ស្ថិតនៅខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ អ្នកស្រី ស៊ី នួន បានលើកឡើងពីក្តីបារម្ភ​ថា ប្រជាពលរដ្ឋ​ជាង ១០០គ្រួសារ នៅក្នុងសហគមន៍​​នេះ នៅ​​​មិនទាន់​មាន​ប័ណ្ណ​​​​​​កម្ម​សិទ្ធិ​ដីធ្លីនៅឡើយ ដែល​​​​​ធ្វើ​ឱ្យ​ពួកគាត់​ជួប​បញ្ហាប្រឈម​​​មួយ​​ចំនួន ដូច​ជា​​បារម្ភពីកា​រ​បណ្តេញ​ចេញដោយ​បង្ខំ​ ដោយ​ការ​អភិវឌ្ឍ​ និង​​​មិន​​អាច​​ទទួល​​បាន​​​​កម្ចី​ពី​ធនាគារ​ដែល​មាន​ការ​ប្រាក់​ទាប។

អ្នកស្រីមានប្រសាសន៍ថា៖ «បើគ្មានប័ណ្ណកម្មសិទ្ធិដីទេ ទី១​ ពួក​យើង​ទាំង​អស់​គ្នា​មាន​ប័ណ្ណ​កម្មសិទ្ធិ យើង​អាចខ្ចីពីធនាគារបានអត្រាការប្រាក់ទាប ចំណែកមួយទៀតប្រសិនជាអត់មានប័ណ្ណ​កម្ម​សិទ្ធិ យើងនឹងរស់នៅមិនស្របច្បាប់ បើសិនជាយើងបណ្តេញអី [បើប័ណ្ណកម្មសិទ្ធិ] នឹងទទួល​បាន[គោល​]​នយោបាយ យើងដឹងថារដ្ឋក្រ ពេលប្រជាពលរដ្ឋចឹងទទួល[សំណង]បានប្រាក់តិចទេ។ [បើសិនមានការ​បណ្តេញចេញដោយ​បង្ខំ​] ចឹងពួកយើងបារម្មភ័យ​ខ្លាំងណាស់ ទី១ វាប៉ះពាល់ដល់សុខភាព ទី២ កុមារគ្មានអនាគតត្រូវគេបណ្ដេញ​ចេញ កុមារគ្មានអនាគតបាត់​ផ្ទះ​សម្បែង បាត់បង់ការសិក្សាធ្លាក់ខ្លួនក្រីក្រ និងមា​ន​ជំងឺ​គ្រប់ៗ​គ្នា»។

អ្នកស្រី ស៊ី នួន បានឱ្យដឹងថា តាំង​ពីបង្កើតសហគមន៍ឡើងក្នុងឆ្នាំ​២០១៣ ពួកគាត់បានយល់ដឹង អំពីអត្ថប្រយោជន៍របស់​ប័ណ្ណកម្មសិទ្ធិដីធ្លី ហើយ​ប្រសិន​បើ​មាន​ប័ណ្ណកម្ម​សិទ្ធិ នៅ​ពេល​ដែលរដ្ឋាភិបាល អនុញ្ញាតឱ្យវិស័យ​ឯកជន​ធ្វើការ​អភិវឌ្ឍ នោះនឹ​ង​មានគោលនយោបាយ​​ជា​សំណងទៅកាន់​​​​ពលរដ្ឋ។

លោកបន្តថា៖ «តាំងពីសហគមន៍បង្កើតមក តាំងពីសហគមន៍បង្កើតក្នុងឆ្នាំ២០១៣ យើងតែងតែចង់បានប័ណ្ណកម្មសិទ្ធិ ដោយសារយើងគិតថាមានប្លង់ទៅ មានការដំណោះស្រាយយុត្តិធម៍និង​សមរម្យ។ ការដោះស្រាយដោយយុត្តិធម៌  វាមានប៉ុន្មានចំណុចដូចជាសំណងជាមុខនិងយុត្តិធម៌  តម្លៃទីផ្សារ ចឹងយើងយកច្បាប់អាសានិករមកនិយាយ […] យើងដឹងថា ក្នុងនាមប្លង់កម្មសិទ្ធិហ្នឹងរដ្ឋដកបានដែរ លុះត្រាតែបម្រើផលប្រយោជន៍សាធារណៈ ដកហើយមានថវិកាក៏ត្រូវសងដែរ»។

បើតាមរបាយការណ៍របស់សមាគម​ធាងត្នោត អំពីសុវត្ថិភាពសហគមន៍ក្រីក្រនៅទីក្រុង ចេញផ្សាយ​កាលពីខែឧសភា ​ឆ្នាំ២០២៤ បានលើកឡើងថា សហគមន៍កៅពីរបានប្រឈមនឹងជម្លោះដីធ្លី ជាមួយក្រុមហ៊ុនចំនួន៣ ចាប់​តាំងពីឆ្នាំ​២០១៦​មក។ នៅឆ្នាំ២០១៦ ក្រុមហ៊ុនឧស្ម័នមួយ បាន​ប្រគល់​ដី​ជូន​សហគមន៍​វិញ​បន្ទាប់​ពីមាន​ជម្លោះ ប៉ុន្តែនៅឆ្នាំ២០២២ ក្រុមហ៊ុនចិន បានទាមទារ​ដី​ចំនួន​១៨ ប្លង់​ជាមួយ​សំណង ចំនួន​ចន្លោះ​ពី ៥០០០ ទៅ ១០០០០ដុល្លារ ក្នុងមួយគ្រួសារ។

បច្ចុប្បន្ន​ក្រុមហ៊ុនមួយ​ឈ្មោះ ចាំង ហ្សប ខមផានី (Junk Shop Company) កំពុង​ទាមទារយកដី​របស់​ប្រជាពលរដ្ឋចំនួន ៣៣គ្រួសារ។ សហគមន៍បានដាក់ពាក្យបណ្តឹងទៅសង្កាត់ និងខណ្ឌ ប៉ុន្តែគ្មានការឆ្លើយតបទេ។

ចំណែកឯតំណាងសហគមន៍ពង្រ​សែនជ័យ ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌ​​ពោធិ៍​សែន​ជ័យ អ្នក​ស្រី ថៃ ចាន់​ណា លើក​ឡើង​ថា ប្រជាសហគមន៍​ទួល​ពង្រ​ទាំង​មូលនិង​អ្នកស្រីផ្ទាល់តែងតែត្អូញត្អែរនូវការអូសបន្លាយពេល​​នូវការចេញប្លង់កម្មសិទ្ធិដីធ្លី ពីសំណាក់​អាជ្ញាធរ​អស់​រយៈពេលជាង១០ឆ្នាំមកហើយ។

អ្នកស្រីមានប្រសាសន៍ថា៖ «តាំងពីឆ្នាំ២០០៩ម្លេះ​ អ្នក​គ្រូ ២០០៩ ២០១០ និយាយទៅការស្នើរបស់​ប្រជាពលរដ្ឋ​វា​ហូរហែរ​រហូត​មក ចង់និយាយថា ការស្នើរសុំហ្នឹងរហូតមក ប៉ុន្តែវាអត់មានដំណោះស្រាយណាមួយជូនពួកគាត់»។

អ្នកស្រីថា ការរស់នៅដោយ​គ្មាន​ប្លង់កម្មសិទ្ធិ បាន​ធ្វើឲ្យ​ប្រជាសហគមន៍​ទួលពង្រ ជួប​ប្រទះ​នូវឧបសគ្គ​មួយ​ចំនួន ទាក់​ទង​ទៅនឹ​ង​ការ​ទទួល​បាន​ឯកសារ​សាធារណៈ​ផ្សេងៗ​ ដូចជា សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើតកូនៗរបស់ពួកគេជាដើម។

អ្នកស្រីនិយាយ​​ថា៖ «អាប្លង់ហ្នឹង​ ក៏វាជាបញ្ហាទៅដល់ការដែលធ្វើសៀវភៅស្នាក់នៅដែរ ហើយ​មិន​ត្រឹម​តែប៉ុណ្ណឹង​ ដូច​ជា អត្តស​ញ្ញាណ​ប័ណ្ណ​ ដូចជា​សំបុត្រកំណើត ឬច្បាប់ធ្វើការងារអីក៏វាមានផលលំបាកដែរ ដោយសារអីយើងអត់មានអាសៀវភៅស្នាក់នៅហ្នឹង វាពិបាកក្នុងការគេធ្វើឱ្យយើងចឹងហាស[…] និយាយទៅវាជួបប្រទះបញ្ហាច្រើនដែរ ទៅលើការរស់នៅរបស់ពួកយើងហ្នឹងគេមិនទទួលស្គាល់ចឹងហាស »។

តាមរបាយការណ៍សមាគម​ធាងត្នោតដដែលលើកឡើងថា សហគមន៍ពង្រសែនជ័យបានបង្កើត​ឡើងតាំងពីទស្សវត្សរ៍ឆ្នាំ២០០០ ហើយប្រឈមនឹងអសុវត្ថិភាពដីធ្លី ដោយសារការកាន់​កាប់​ដីសាធារណៈ​របស់​រដ្ឋ​លើ​ផ្លូវ​តូច​មួយ​ខ្សែ។ ទោះបីពួកគេមិនត្រូវបានបណ្តេញចេញជាផ្លូវការ ក៏ប៉ុន្តែអាជ្ញាធរមូលដ្ឋានបានគំរាមបណ្តេញចេញរួចទៅហើយ ដើម្បីយកសាងសង់ផ្លូវ។

សមាគមធាងត្នោត ក៏បញ្ជាក់ថា សហគមន៍​មិនមានសៀវភៅគ្រួសារ និងសំបុត្រកំណើតទេ។ ពួកគេ​បានស្នើសុំប័ណ្ណកម្មសិទ្ធិដីធ្លី និងជម្រើសធ្វើ​ផ្លូវឡើងវិញ ប៉ុន្តែសំណើទាំងនេះត្រូវបានច្រាន​ចោល។ មានការព្រួយបារម្ភ អំពីផលប៉ះពាល់នៃការអភិវឌ្ឍផ្លូវទៅលើ ផ្ទះសម្បែង និងជីវភាពរស់នៅរបស់ពួកគេ។

អ្នកស្រី យ៉ាង ផានី ដែលជាប្រជាសហគមន៍ស្រ្តីក្លាហាន ស្ថិតនៅភូមិក្រោលគោ សង្កាត់គីឡូ​ម៉ែត្រ​លេខ៦ ខណ្ឌ​ឬស្សី​​​កែវ រាជធានីភ្នំពេញ រៀបរាប់ពីផលប៉ះពាល់មួយចំនួន ក៏ដូចជាក្តីព្រួយបារម្ភរបស់សហគមន៍ខ្លួន នៅពេលដែលគ្មានប្លង់កម្មសិទ្ធិ។

អ្នកស្រី​​ថា៖ «ប៉ះពាល់ដល់សិទ្ធិពលរដ្ឋ ទីមួយ ពេលណា​ដែលយើងទាមទារពីសិទ្ធិរបស់យើង ពីសិទ្ធិកាន់កាប់ដីរបស់យើងពេញច្បាប់ គឺអាជ្ញាធរមិនបានផ្តល់ឲ្យទេ។ ទីពីរ​ចោទប្រកាន់ថាយើងរស់នៅលើដីសាធារណៈរបស់រដ្ឋ ចឹងអានេះជាបញ្ហាមួយរំលោភសិទ្ធិរបស់យើងជាប្រជាពលរដ្ឋខ្មែរ រស់នៅដោយភ័យខ្លាចដោយការបណ្តេញចេញដោយបង្ខំ ព្រោះប្រជាពលរដ្ឋកំពុងតែ​លំបាករឿងបំណុល ហើយនៅពេលណាដែលអស់ដីអស់ផ្ទះហើយ រឹតតែលំបាករឹតតែវេទនា​ជាងស្លាប់ទៀត ព្រោះដីផ្ទះ​គឺជាជីវិត បើបាត់បង់ដីបាត់បង់ផ្ទះ ដូចបាត់បង់ជីវិតរបស់យើងចឹង»។

អ្នកស្រី​​ថា នៅពេលដែលប្រជាសហគមន៍ និងអ្នកស្រីទទួលបានប្លង់នោះ អ្នកស្រីអាចយកប្លង់នោះ​ទៅដោះស្រាយបញ្ហា​ជីវភាព​គ្រួសារ និង​ទទួល​បានភាពកក់ក្តៅពេញលេញ ដោយមិនភ័យ​ខ្លាច​ក្នុងការបណ្តេញចេញ​ទាំងបង្ខំនោះទេ។

អ្នកស្រីលើកឡើងថា៖ «ចឹងគាត់ត្រូវការទីមួយ គាត់ត្រូវការ​ប្លង់កម្មសិទ្ធិ​ដើម្បីខ្ចីលុយធនាគារ ដើម្បី​ដោះអាពេលមានអាសន្នហ្នឹង ប៉ុន្តែអាជ្ញាធរគេអត់ធ្វើប្លង់កម្មសិទ្ធិឲ្យ​ ចឹងមានតែខ្ចីលុយឯកជន ហើយឯកជនការថ្លៃណាស់ ចឹងណាមួយប្រជាពលរដ្ឋខ្លា​ចអត់​មានប្លង់កម្មសិទ្ធិ ពិបាកកាន់​កាប់​ដូចថា​ខ្លាច​អាជ្ញាធរ ឬក៏អ្នកផ្សេងដែលមានអំណាចហ្នឹង​បណ្តេញចេញទាំង​បង្ខំអីចឹង​​​ទៅ ចឹង​ប្រជាពលរដ្ឋ​ភ័យ​ខ្លាច អត់ដឹងថា​នឹង​មានសុវត្ថិភាពក្នុងការ​កាន់កាប់ដីធ្លីរបស់ខ្លួនឯងដែល​រស់នៅតាំងពីមុនច្បាប់ភូមិបាលទៀត»។

សហគមន៍ស្ត្រីក្លាហាន ដែលរស់នៅលើដីរបស់រដ្ឋតាមមាត់ទន្លេ មិនមានប័ណ្ណកម្មសិទ្ធិដីធ្លីទេ ខណៈដែលពួកគេ​មានបញ្ហាប្រឈមនឹងការគំរាមកំហែងពីការបណ្តេញចេញដោយផ្ទាល់។ ពួកគេចង់បានការអភិវឌ្ឍ​​​នៅនឹងកន្លែង ប៉ុន្តែប្រសិន​បើតម្រូវឱ្យផ្លាស់​ប្តូរទីតាំង ពួកគេចង់បានសំណង​​សមរម្យ និងមានហេដ្ឋារចនា​សម្ព័ន្ធគ្រប់គ្រាន់។ សហគមន៍កំពុង​សកម្ម ក្នុងការប្រមូល​ឯកសារដីធ្លី និង​ចងក្រងប្រវត្តិ​សហគមន៍​ដើម្បីតស៊ូមតិទាមទារ​​សិទ្ធិរបស់ខ្លួននៅសង្កាត់ ខណ្ឌ និងសាលា​រាជធានីភ្នំពេញ។ នេះបើតាមរបាយការណ៍សមាគម​ធាងត្នោត។

Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយពី លោក សេង ឡូត អ្នកនាំពាក្យ​ក្រសួងរៀប​ចំ​ដែនដី នគរូបនីយ​​កម្ម និង​សំណង់ បានទេ​​គិតត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥​នេះ​ទេ។

តែយ៉ាងណា កាលពីអំឡុង​ខែសីហា ឆ្នាំ​២០២៤ ក្នុងសេចក្តីថ្លែងការណ៍ពិសេស​មួយទៅកាន់​ប្រ​ជាពលរដ្ឋ ​ស្តីពី «សមិទ្ធ​ផល​១​ឆ្នាំ​របស់​រាជរដ្ឋា​ភិបាល​នីតិកាល​ទី៧» លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែង​ថា ​ទំនាស់​ដីធ្លី ​កង្វះ​ដីធ្លី ​ការ​ចុះ​បញ្ជី​កម្ម​សិទ្ធិ ​និង​ការ​ទន្ទ្រាន​ដី​រដ្ឋ​ នៅ​តែ​ជា​បញ្ហា​ស្មុគ​ស្មាញ ​និង​រ៉ាំរ៉ៃ​នៅ​កម្ពុជា ​ដែល​រដ្ឋាភិបាល​ត្រូវ​បន្ត​យក​ចិត្ត​ទុកដាក់ ដោះ​ស្រាយ​ឱ្យ​មាន​ប្រសិទ្ធ​ភាព ​និង​ឈាន​ទៅ​បញ្ចប់​រាល់​វិវាទ​ដីធ្លី​នៅ​ក្នុង​ប្រទេស។​

តែយ៉ាងណា លោករំពឹង​ថា​ ​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​ រាជរដ្ឋា​ភិបាល​​នឹង​បញ្ចប់​បាន​ទាំង​ស្រុង​​ចំពោះ​​ការងារ​​ចុះ​វាស់​វែង​ក្បាល​​ដី​​នៅ​ទូទាំង​ប្រទេស ​ដើម្បី​ឈាន​ទៅ​កាត់​បន្ថយ​ទំនាស់​ដីធ្លី​ ខណៈ​រដ្ឋាភិបាល​អាណត្តិ​មុនៗ បាន​​​វាស់​វែង​និង​ចុះ​បញ្ជី​ដី​​បាន​ចំនួន​ជាង​ ៧​លាន​៧​សែន ​និង​​ចេញ​បណ្ណ​កម្ម​សិទ្ធិ​ប្រមាណ ​៧​លាន​បណ្ណ។​

លោក​ថ្លែង​ថា៖ ​«ក្រោយ​ពី​ការ​ចុះ​បញ្ជី​ដីធ្លី​ និង​ការ​ចេញ​បណ្ណ​កម្ម​សិទ្ធិ​ រាជ​រដ្ឋាភិបាល​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ទំនាស់​ដីធ្លី​នឹង​ត្រូវ​បាន​កាត់​បន្ថយ​ និង​ឈាន​ទៅ​ការ​លុប​បំបាត់​នា​ពេល​ខាងមុខ»។​

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូលើកឡើងថា  ចំពោះការចុះ​បញ្ជីដីធ្លីនៅកម្ពុជា បើតាមការប្តេជ្ញាចិត្ត គោលនយោបាយ និងច្បាប់ ឃើញថារាជរដ្ឋាភិបាល​តាំងចិត្ត និងប្តេជ្ញាចុះបញ្ជីដីធ្លីនៅទូទាំងប្រទេស​ឱ្យបានចប់នាពេលឆាប់ៗខាងមុខ។

ប៉ុន្តែអ្វីដែជាឧបសគ្គធំនោះ លោកថា គឺបញ្ហាដីធ្លីណា​ដែលមិនទាន់ដោះស្រាយ នឹង​មិនទាន់អាចចុះបញ្ជីបាន ជាពិសេសគឺ​បញ្ហាដីធ្លីដ៏រ៉ាំរ៉ៃ​​របស់សហគមន៍ដីធ្លី ​ជាមួយក្រុមហ៊ុន អ្នកមានទ្រព្យ និង​​អ្នកមានឥទ្ធិពល។

លោកបន្ថែមថា៖ «នៅពេលដែលពលរដ្ឋមិនទាន់បានទទួលប័ណ្ណសម្គាល់កម្មសិទ្ធិដីធ្លី នោះប្រជាពលរដ្ឋអាចប្រឈមនឹងការរំលោភបំពានដីធ្លី ពីសំណាក់អ្នកមានទ្រព្យ អ្នកមានឥទ្ធិពល អសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី ការព្រួយបារម្ភពីការបាត់បង់ដីធ្លី។ ម្យ៉ាងទៀត បើប្រជាពលរដ្ឋ ឬសហគមន៍ដីធ្លី​ដែលកំពុងរងគ្រោះ​​ដោយការរំលោភយកដីធ្លី​របស់ពួកគាត់ ឬកំពុងមាន​​វិវាទដីធ្លីកើតឡើង ហើយមិនទាន់ត្រូវបានដោះស្រាយទេ គឺអាចឱ្យពួកគាត់ប៉ះពាល់ជីវភាព​រស់នៅ រងបណ្តឹងតាមផ្លូវតុលាការ ជាប់ពន្ធនាគារ កូនរបស់ពួកគាត់អាចបាត់បង់ការសិក្សា ចំណាកស្រុក អំពើហិង្សាក្នុងគ្រួសារ និងមានជំងឺផ្លូវចិត្តកើតឡើង។ល។ »។

លោក អំ សំអាត បញ្ជាក់ថា ដើម្បីចុះបញ្ជីដីធ្លីប្រកប​ដោយប្រសិទ្ធភាព និងដោយរលួនបានឆាប់​​​រហ័សរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធត្រូវខិតខំ​​ដោះស្រាយវិវាទដីធ្លីឱ្យបានរួចរាល់ជាមុនសិន ។

តាមរយៈរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ក្រសួងបានចេញបណ្ណកម្មសិទ្ធិដីបានចំនួន ៨,១១៧,៥៣៣បណ្ណ ក្នុងនោះបានបញ្ចប់ការចេញបណ្ណជំហានទី១ ចំនួន ៧លានក្បាលដី ស្មើនឹង១០០%នៃផែនការ និងបាននិងកំពុងអនុវត្តការចេញបណ្ណជំហានទី២ បានចំនួន ១,១១៧,៥៣៣បណ្ណ ស្មើនឹង២២,៣៥% នៃចំនួនក្បាលដីប៉ាន់ស្មាន ប្រមាណ៥លានក្បាលដី បើគិតត្រឹមឆ្នាំ២០២៤ កន្លងទៅនេះ។

រីឯពាក្យបណ្តឹងរឿងដីធ្លីវិញ នៅឆ្នាំ២០២៤នេះ ក្រសួងបានទទួលពាក្យបណ្តឹងសរុប ៩២៧ករណី និងដោះស្រាយបញ្ចប់នីតិវិធីចំនួន ២ ១២១ករណី តាមរយៈយន្តការដោះស្រាយវិវាទដីធ្លីទាំង៣ មានសមាសភាពមកពីគណៈកម្មការសុរិយោដីក្រុងស្រុកខណ្ឌ អាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី និងក្រុមការងាររបស់ក្រសួង។ គិតពីចាប់ផ្តើមអនុវត្តដល់ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដីទទួលពាក្យបណ្តឹងសរុបចំនួន ១៥ ៩៦០ករណី ដោះស្រាយបញ្ចប់នីតិវិធីចំនួន ១៤ ៩១៩ករណី និងកំពុងដោះស្រាយចំនួន១,០៤១ករណី៕

……………………

អត្ថបទដោយ៖ អ៊ួក ចាន់ធីដា

អត្ថបទមុន

បទយកការណ៍៖ ពលរដ្ឋនៅ​កោះមាស​បារម្ភពីសុវត្ថិភាពដីធ្លី​ ក្រោយរដ្ឋ​ជួលដីតំបន់​នោះ​​ឱ្យក្រុមហ៊ុន​​អភិវឌ្ឍន៍

អត្ថបទបន្ទាប់

ជនជាតិដើមភាគតិចកួយមួយចំនួន​បោះបង់របរ​ដង​ជ័រទឹក ដោយសារតម្លៃធ្លាក់ចុះ​ ​

អត្ថបទបន្ទាប់
ជនជាតិដើមភាគតិចកួយមួយចំនួន​បោះបង់របរ​ដង​ជ័រទឹក ដោយសារតម្លៃធ្លាក់ចុះ​ ​

ជនជាតិដើមភាគតិចកួយមួយចំនួន​បោះបង់របរ​ដង​ជ័រទឹក ដោយសារតម្លៃធ្លាក់ចុះ​ ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង