CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

ពលរដ្ឋមួយចំនួនគាំទ្រក្រសួងសុខាភិបាលក្នុងការបង្កើតច្បាប់ស្តីពីផលិតផលឱសថ

CJs khmer ដោយ CJs khmer
March 19, 2025
ក្នុង សង្គម
0
ពលរដ្ឋមួយចំនួនគាំទ្រក្រសួងសុខាភិបាលក្នុងការបង្កើតច្បាប់ស្តីពីផលិតផលឱសថ

លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល កំពុងថ្លែងសន្ទរកថាក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីផលិតផលឱសថ ងៃទី១២ ខែមីនា ឆាំ២០២៥។ (រូបភាព៖ ក្រសួងសុខាភិបាល)

0
ចែករំលែក
65
ចំនួនមើល

ប្រជាពលរដ្ឋមួយចំនួន បង្ហាញការ​​សាទរដែល​​ក្រសួងសុខាភិបាល គ្រោងនឹងបង្កើតច្បាប់ស្តីពីផលិតផលឱសថថ្មី​មួយ ដើម្បីទប់ស្កាត់​ការនាំ​ចូល​ឱសថក្លែងក្លាយ និង​ឱសថអន់គុណភាព ខណៈកា​រប្រើប្រាស់ឱសថក្លែងក្លាយ​ និង​ឱសថអន់គុណភាព បង្ក​ហានិភ័យ​ដល់សុខមាល​ភាព​របស់​អ្នកប្រើ​ប្រាស់។​

កាលថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៥ ក្រសួងសុខាភិបាលបានបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី ផលិតផលឱសថ(ថ្មី)​ ដោយ​មា​នការ​ចូលរួម​ពីគ្រប់​​ភាគីពាក់ព័ន្ធ ព្រមទាំងតំណាងអង្គ​ការជាតិ និង​អន្តរជាតិ។ បើតាមទំព័រហ្វេស​ប៊ុករបស់ក្រសួង សិក្ខាសាលាពិគ្រោះយោបល់នេះ ​គឺដើម្បីប្រមូលយោបល់ និង​ធាតុចូលពីភាគីពាក់ព័ន្ធ ព្រមទាំងកំណត់អំពីផលប៉ះពាល់ និងអត្ថប្រយោជន៍ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និង​សង្គម សំដៅធានាថាច្បាប់នេះ​អាចឆ្លើយតបទៅនឹងបញ្ហា និងតម្រូវការជាក់ស្តែង ចំពោះការគ្រប់គ្រងផលិត​​ផលឱសថ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលអាចការពារផលប្រយោជន៍សុខភាពសាធារណៈ។

ក្នុ​ងសិក្ខាសាលា​នោះ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា គោលនយោបាយឱសថ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានណែនាំជា​លើកដំបូងក្នុងឆ្នាំ១៩៩៥ និងត្រូវបានធ្វើបច្ចុប្បន្នភាព ក្នុងឆ្នាំ ២០១០ ដែលផ្តល់នូវការណែនាំ ស្តីពី ការធានាឱ្យប្រជាជនគ្រប់រូប ទទួលបាននូវផលិតផលឱសថដែលមានតំលៃសមរម្យ មានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពគ្រប់គ្រាន់។

លោក​បន្តថា ក្របខ័ណ្ឌបទប្បញ្ញត្តិសម្រាប់ឱសថ គឺច្បាប់ស្តីពីការគ្រប់គ្រងឱសថ ត្រូវបានអនុម័តដំបូងក្នុងឆ្នាំ១៩៩៦ និងធ្វើវិសោធនកម្មក្នុងឆ្នាំ ២០០៧ ដែលតម្រូវឱ្យក្រសួងសុខាភិបាលរៀបចំសេក្តីព្រាងច្បាប់ស្តីពីផលិតផលឱសថថ្មីនេះ ឱ្យស្របតាមស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ន។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ «ការធានាបាននូវផលិតផលឱសថមានគុណភាព និងប្រសិទ្ធភាព ក៏ជាកត្តា​ចម្បង ក្នុងការថែទាំសុខភាពរបស់ប្រជាពលរដ្ឋ ការការពារប្រឆាំងនឹងការគំរាមកំហែងសុខភាពសាធារណៈ ទប់ស្កាត់ភាពស៊ាំនឹងឱសថប្រឆាំងមេរោគ និងរួមចំណែកដល់ការត្រៀមខ្លួនជានិច្ច ដើម្បីឆ្លើយតបទៅនឹងគ្រោះអាសន្ន នៃសុខភាពសាធារណៈ»។

លោក​បន្តថា ការលើកកំពស់គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពផលិតផលឱសថ ក៏ជាដូច​​ការឆ្លើយតបទៅនឹងការប្រយុទ្ធប្រឆាំង​នឹងឱសថក្លែងបន្លំ និងអន់គុណភាព ត្រូវមានច្បាប់ និងបទបញ្ញត្តិគ្រប់ជ្រុងជ្រោយ និងមានការចូលរួមពីអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលមានសមត្ថភាព ដើម្បីធានាថាការផលិត ការធ្វើពាណិជ្ជកម្ម និងការប្រើប្រាស់ផលិតផលឱសថត្រូវបានអនុវត្តត្រឹមត្រូវ ក្នុងគោលដៅឱ្យសាធារណជនទទួលបាននូវផលិតផលឱសថដែលមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ព្រមទាំងទទួលបានព័ត៌មានត្រឹមត្រូវ ស្តីពីផលិតផលឱសថ។

អ្នកស្រី ស៊ី នួន ជាប្រជាពលរដ្ឋ​​​រស់នៅក្នុង​រាជធានី​ភ្នំពេញ បានបង្ហាញ​ការគ្រាំទ្រ ដែលក្រសួងបាន​រៀបចំ​ធ្វើសេចក្ដីព្រាងច្បាប់​នេះឡើង ដែលជាការ​​គិត​គូរអំពីសុខមាល​ភាព​របស់​​ប្រជាពលរដ្ឋ។ អ្នកស្រីសង្កេតឃើញថា បច្ចុប្បន្ន ឱសថ​នាំចូលមកពីគ្រប់ប្រភពទាំងអស់ ដែលពលរដ្ឋមិនបានដឹងថាឱសថណាជាឱសថក្លែងក្លាយ និង​អន់គុណភាព ហើយបើមានការ​នាំចូល​ឱសថទាំងនេះមកកាន់កម្ពុជា ដោយមិនមានច្បាប់​គ្រប់គ្រង​ច្បាស់​លាស់​ទេ នឹង​បង្ក​ឱ្យមានផល​ប៉ះពាល់​ដល់​សុខភាពរបស់ប្រជាពលរដ្ឋ។​

អ្នកស្រីបន្តថា៖ «ថ្នាំចូលគ្រប់ប្រភពទាំងអស់ គឺយើងអត់ដឹងថាថ្នាំហ្នឹង​មកពី កាលណា[កាលបរិច្ឆេទ​] យើងអត់​ដឹង​មកខាងណា ពួកយើងអត់ចេះអក្សរផង ហើយ​ពួកយើងមិនមែនជាវិជ្ជាជីវៈជាពេទ្យទៀត»។

ជាមួយគ្នានេះដែរ អ្នកស្រី​បាន​ជំរុ​ញ​ឱ្យ​ក្រសួង​សុខាភិបាល​ ជូនដំណឹងដល់សាធារណជន អំពី​ច្បាប់​ និង​ព័ត៌មាន​នានា ទាក់​ទងនឹង​ឱសថ​ក្លែង​ក្លាយ​​ឱ្យបានទូលំទូលាយ ដើម្បីបញ្ជ្រាបកា​រយល់ដឹង​ដល់ប្រជាពលរដ្ឋ​នៅមូល​ដ្ឋាន។

អ្នកស្រីមានប្រសាសន៍ថា៖ «សំណូមពរធ្វើអ្វីក៏ដោយ ក្រសួងសុខាភិបាល បើសិនជាគិតពលរដ្ឋជាធំ សូមឱ្យពលរដ្ឋដឹងពីច្បាប់របស់លោក​ដែលធ្វើនោះ ឱ្យបានដឹង ហើយថាតើថ្នាំនៅក្នុងប្រទេសកម្ពុជាហ្នឹង ​មានថ្នាំក្លែងក្លាយ ច្រើនមែនឬមួយក៏អត់ ជួនកាលពេល​ខ្លះអត់ដឹងទេ កន្លែងហ្នឹងអ៊ីចឹងសុំឱ្យក្រសួងសុខាភិបាល ធ្វើអ្វីក៏ដោយ​ឱ្យពិតប្រាកដ ហើយសំណូមពរឱ្យចែករំលែកព័ត៌មានទាំងហ្នឹង មកប្រជាពលរដ្ឋគ្រប់រូបឱ្យបានដឹងជ្រាប​គ្រប់គ្រប់គ្នា»។

រីឯអ្នកស្រី ម៉ិច សៀងហី ជាពលរដ្ឋម្នាក់ទៀត​​រស់នៅរាជធានីភ្នំពេញ​​ដែរ​នោះ បាន​និយាយ​ថា ជា​រឿង​ល្អដែលក្រសួង​កំពុងធ្វើច្បាប់ប្រឆាំងឱសថក្លែងក្លាយនេះ ព្រោះកាលណាពលរដ្ឋមិនចេះ​សំគាត់ឱសថណាថា​ជាឱសថពិតឬក្លែងក្លាយនោះ នឹងអាចទិញប៉ះឱសថក្លែងក្លាយ​ដែលបណ្ដាល​ឱ្យប៉ះពាល់សុខភាពពលរដ្ឋ។

អ្នកស្រីលើកឡើងពីការព្រួយបារម្ភអំពីគុណភាពថ្នាំនាពេលបច្ចុប្បន្ន ព្រោះ​នៅ​ពេលដែល​អ្នក​ស្រី​ឈឺ​ ត្រូវការទិញឱសថមកព្យាបាល ដោយបារម្ភអំពី​ប្រភព និង​ផលប៉ះពាល់ដែលអាចកើតមានលើសុខភាព។

អ្នកស្រីថា៖ «សម្រាប់ខ្ញុំពេលឈឺពេលអីទៅទិញថ្នាំយកមកហូប តែងតែមានការព្រួយបារម្ភដែរ ខ្លាចប្រភេទថ្នាំខ្លះវាអត់មានគុណភាព ពេលដែលយើងហូបហើយ វាប៉ះពាល់ទៅជំងឺយើង​មួយមុខទៀត អីចឹងមាន​ការបារម្ភដែរ​ តែ​​​អត់ដឹងធ្វើម៉េច បើយើងត្រូវការប្រើថ្នាំ មិនដឹងថាប្រភពថ្នាំហ្នឹង​នាំ​ចេញ​មក​ពីណា​ពីណី​អត់​ដែរដឹង​ទេ​ សំខាន់ឱ្យតែយើងហូបទៅបានធូរបានស្រួលខ្លួនចឹងទៅណា»។

បន្ថែមពីនេះទៅទៀត អ្នកស្រីសំណូមពរឱ្យរដ្ឋាភិបាល និងក្រសួងសុខាភិបាល អនុវត្តច្បាប់ឱ្យបានតឹងរឹងទាក់ទងនឹងការនាំចូល និងនាំចេញឱសថ ដោយផ្តោតលើសារៈសំខាន់នៃការត្រួតពិនិត្យគុណភាពឱ្យបានហ្មត់ចត់ ដើម្បីការពារសុខភាពប្រជាពលរដ្ឋ។

អ្នកស្រី ម៉ិច សៀងហី បន្ត​ថា៖ «ចំពោះខ្ញុំ​ប្រសិន​ជារាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល​គាត់តាក់តែងច្បាប់​ហ្នឹងមកហើយ គួរតែអនុវត្តឲ្យបានខ្ជាប់ខ្ជួន មានន័យថា ការនាំចេញនាំចូលឱសថពីប្រទេសណាៗ សូមពិនិត្យមើលទៅលើគុណភាពឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋយើង»។

លោក គុយ វ៉ាន់នី អ្នកនាំពាក្យក្រសួងសុខាភិបាល បានបដិសេធ​ឆ្លើយតបលម្អិតជុំវិញខ្លឹម​សារ​នៅក្នុ​ងសេចក្តីព្រាង​ច្បាប់ថ្មីនេះ។

​លោក អ៊ូច វុទ្ធី ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា ក៏បាន​​​សាទរការ​តាក់តែង​​សេចក្ដី​ព្រាង​​ច្បាប់ប្រឆាំង​ឱសថក្លែងក្លាយនេះ ដែលបង្ហាញថា ថ្នាក់ដឹកនាំយកចិត្តទុកដាក់​ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

លោកបន្តថា៖ «តាមខ្ញុំដឹងក៏បង្កើននូវថវិកាជាតិជាច្រើន ដើម្បីជួយទៅដល់ផ្នែកសុខភាពទៅដល់ប្រជាពលរដ្ឋ​យើង នៅក្នុងទីក្រុង ក៏ដូចជាតំបន់ដាច់ស្រយាល ដូច្នេះហើយ​យើងត្រូវយកចិត្តទុកដាក់ទាំងអស់គ្នាជាមួយនឹងប្រមុខរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល​ដែលលោកខំលើកឡើង ហើយខំធ្វើច្បាប់ប្រឆាំងនឹងឱសថក្លែងក្លាយ ឱសថដែលគ្មានគុណភាព។ ទាំងនេះហើយជារឿងមួយដែលកាត់បន្ថយការចំណាយខុស ចំណាយដែលទិញថ្នាំទៅវាធ្វើឲ្យខាតបង់ ហើយឱសថហ្នឹងប្រើទៅវាអត់ប្រសិទ្ធភាព»។

លោកបន្ថែមថា ក្រសួងមានកាតព្វកិច្ចពង្រឹងបន្ថែមផ្នែកផ្លូវច្បាប់ ចំពោះឱសថស្ថានណាដែលមានដាក់​លក់​​​ឱសថក្លែងក្លាយ ឬ​ឱសថអន់គុណភាព ព្រោះបញ្ហានេះអាចបង្កឱ្យមានបញ្ហាជាច្រើនទៀត។ លោកថា នៅពេលដែលប្រជាពលរដ្ឋមិនបាន​យល់ដឹង ហើយគាត់ប្រើប្រាស់ថ្នាំក្លែងក្លាយ គឺ​​​មិនត្រឹមតែមិនជាពីជំងឺទេ​ បែរជា​​បង្កឱ្យមានជំងឺផ្សេងៗថែម​ទៀត។

លោក អ៊ូច វុទ្ធី ថ្លែង​ថា៖ «ក្រសួងគួរណាតែមានវិធានការច្បាប់ឱ្យបានតឹងរឹងចំពោះ Pharmacy[ឱសថស្ថាន] មួយចំនួន ដែលគាត់បើកលក់នូវឱសថជាច្រើន ប៉ុន្តែនៅក្នុងឱសថនោះគាត់បង្កប់នូវឱសថក្លែងក្លាយ ហើយនិងឱសថអន់គុណភាព អញ្ចឹងនេះជាករណីមួយជាកាតព្វកិច្ចមួយរបស់ក្រសួង[…] កាលដែលបងប្អូនប្រជាពលរដ្ឋ យើងអត់ដឹងហើយយកឱសថក្លែងក្លាយ ឱសថគ្មានគុណភាព ឱសថទាំងនេះហើយគឺជាឱសថសម្លាប់បងប្អូនទៅវិញទេ ហើយមិនធ្វើឱ្យបងប្អូនជាពីជំងឺ វាអាចទៅជាជំងឺផ្សេងៗបង្កអាចទៅជាជំងឺមហារីក ជំងឺផ្សេងៗដែលយើងមិនអាចមើលឃើញ»។

កាលពីឆ្នាំ២០០៣ ក្រសួង​សុខាភិបាល ក៏បានចេញ​​នូវ​​​សារាចរស្តីពីការហាមលក់ឱសថក្លែងក្លាយ ដើម្បីទប់ស្កាត់ការ​ចរាចរនូវ​ឱសថក្លែងក្លាយ និងការ​នាំចូលដោយខុសច្បាប់ផងដែរ ដោយសារនៅលើទីផ្សារ​នៅកម្ពុជា មានការលក់​នូវ​ឱសថ​ផលិត​ក្នុង​ស្រុក និង​ឱសថ​នាំចូល​ខុសច្បាប់​មួយចំនួន ដែលពុំបានចុះលេខ​ទិដ្ឋាការ-បញ្ជិកា នៅក្រសួង​សុខាភិបាល។ សារាចរណែនាំនេះ គឺរៀបចំឡើងអនុលោម​តាមច្បាប់​ស្តីពី ការ​គ្រប់​គ្រង​ឱសថ​ ដោយ​ក្នុង​នោះ ក្រសួង​​​បានចាត់ទុកឱសថក្លែងក្លាយ ជាឱសថដែលមានសារធាតុផ្សំ​មិនត្រឹមត្រូវ ឬគ្មានសារធាតុសកម្ម។

សារាចរបន្តថា បុគ្គលដែលលក់ឱសថ​ក្លែងក្លាយ​ ត្រូវ​ផ្តន្ទាទោស​តាម​ទោស​បញ្ញត្តិ​ដែលមានចែងក្នុងច្បាប់​ស្តីពីការ​គ្រប់គ្រង​ឱសថ ហើយឱសថក្លែងក្លាយ​ដែលពាក់ព័ន្ធ​នឹង​បទល្មើស​ ត្រូវឃាត់ទុក បំផ្លាញចោល និងផ្សព្វ​ផ្សាយ​ជា​សាធារណៈ។

ជារឿយៗ គេសង្កេតឃើញក្រសួង​សុខាភិបាល ក៏បាន​ចេញសេចក្តីជូនដំណឹង​ពីការ​ហាម​ឃាត់​ការប្រើ​ប្រាស់​ឱសថមួយចំនួន​ដែលភាគច្រើនលក់តាម​អនឡាញផង​ដែរ។ ជាក់ស្តែង កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួង​បាន​ហាម​ឃាត់ការលក់ និងប្រើ​ប្រាស់​ថ្នាំ​ជំនួយ​ផ្លូវភេទ ២មុខ រួមមាន SUPER XL និង AMOUR​ ដែលមានផ្ទុក​សារធាតុ Sildenafil អាច​ប៉ះពាល់ធ្ងន់ធ្ងរ​ដល់​សុខ​ភាព បេះ​ដូង និងគ្រោះថ្នាក់​ដល់អាយុ​ជីវិត។

យោងតាមរបាយការអង្គការសុខភាពពិភព (WHO) ចុងឆ្នាំ ២០២៤ ប៉ាន់ប្រមាណថា យ៉ាងហោចណាស់ថ្នាំ១ ក្នុងចំណោម១០ នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម គឺទាបជាងស្តង់ដារ ឬក្លែងក្លាយ។ របាយការណ៍មួយនេះ បន្តថា ប្រទេសនានាចំណាយប្រាក់ប្រមាណ ៣០.៥ ពាន់លានដុល្លារក្នុងមួយឆ្នាំលើផលិតផលវេជ្ជសាស្រ្តដែលមិនមានស្តង់ដារ និងក្លែងបន្លំ និង​ផលិតផលវេជ្ជសាស្រ្ដដែលមិនមានស្តង់ដារ និងក្លែងបន្លំច្រើនតែត្រូវបានលក់តាមអ៊ីនធឺណិត ឬទីផ្សារក្រៅផ្លូវការ៕
……………………………………..

អត្ថបទដោយ៖ ហុង សេរីហ្វុង

អត្ថបទមុន

សកម្មជន​បរិស្ថាន​ថា​មាន​តែ​ការ​ចាត់​វិធានការ​ច្បាប់​ដោយ​គ្មាន​ការ​លើក​លែង​ទេ​ ទើប​អាច​ដោះស្រាយ​បញ្ហា​បំពុល​ទឹក​មាន​ប្រសិទ្ធភាព​

អត្ថបទបន្ទាប់

បទយកការណ៍៖ ពលរដ្ឋនៅ​កោះមាស​បារម្ភពីសុវត្ថិភាពដីធ្លី​ ក្រោយរដ្ឋ​ជួលដីតំបន់​នោះ​​ឱ្យក្រុមហ៊ុន​​អភិវឌ្ឍន៍

អត្ថបទបន្ទាប់
បទយកការណ៍៖ ពលរដ្ឋនៅ​កោះមាស​បារម្ភពីសុវត្ថិភាពដីធ្លី​ ក្រោយរដ្ឋ​ជួលដីតំបន់​នោះ​​ឱ្យក្រុមហ៊ុន​​អភិវឌ្ឍន៍

បទយកការណ៍៖ ពលរដ្ឋនៅ​កោះមាស​បារម្ភពីសុវត្ថិភាពដីធ្លី​ ក្រោយរដ្ឋ​ជួលដីតំបន់​នោះ​​ឱ្យក្រុមហ៊ុន​​អភិវឌ្ឍន៍

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង