CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

សហជីពស៊ីខៅឌូ បញ្ចប់កិច្ចសន្យាការងារលោក អាត់ ធន់​ ដោយចោទថា បំបែកផ្ទៃក្នុង

CJs khmer ដោយ CJs khmer
March 13, 2025
ក្នុង សង្គម
0
សហជីពស៊ីខៅឌូ បញ្ចប់កិច្ចសន្យាការងារលោក អាត់ ធន់​ ដោយចោទថា បំបែកផ្ទៃក្នុង

លោក អាត់ ធន់ អនុប្រធានសហជីពស៊ីខៅឌូ ចូលរួមបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី កិច្ចគាំពារសង្គម កាលពីខែឧសភា ឆ្នាំ២០២២ ក្នុងសណ្ឋាគារមួយកន្លែង​នៅរាជធានីភ្នំពេញ។(រូបភាព៖ ទំព័រហ្វេសប៊ុក​សហភាពការងារកម្ពុជា)

0
ចែករំលែក
201
ចំនួនមើល

សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ ស៊ីខៅឌូ បានបញ្ចប់កិច្ចសន្យាការងារជាមួយ លោក អាត់ ធន់ ដែលមានតួនាទីជាអនុប្រធាន ដោយចោទ​ប្រកាន់​ថា បានប្រព្រឹត្ត​អំពើញុះញង់ និងបំបែកបំបាក់​សាមគ្គីភាព រួមទាំងការមិនអនុវត្តតាមបទបញ្ជាផ្ទៃក្នុង។

យោងតាមលិខិតរបស់ ស៊ីខៅឌូ ដែលជម្រាបមកកាន់ លោក អាត់ ធន់ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ឱ្យដឹងថា ស៊ីខៅឌូ បាន​សម្រេចបញ្ចប់កិច្ចសន្យាការងារជាមួយ លោក ធន់ ចាប់ពីថ្ងៃចេញលិខិតនេះតទៅ និងហាមប្រាមក្នុងការចេញចូលការិយាល័យស៊ីខៅឌូទៀតផង។

លិខិតនោះ​ បានគូសបញ្ជាក់ថា ការបញ្ចប់កិច្ចសន្យាការងារនេះ ក្រោយរកឃើញថា​ ចាប់តាំងពី​មហាសន្និបាតលើកទី៨ កាលពីឆ្នាំ២០២៣ លោក អាត់ ធន់ មិន​បាន​អនុវត្ត​បទ​បញ្ជាផ្ទៃក្នុង និង​ញុះញង់សហជីព​មូលដ្ឋាន​ឱ្យឈប់បង់​ភាគទាន និងគ្រោង​រៀបចំ​បង្កើត​សហព័ន្ធ​សហជីពថ្មី​មួយ រួមទាំងរាយការណ៍ទៅម្ចាស់ជំនួយ ដែលជាចេតនានាំឱ្យកាត់​ជំនួយមួយចំនួន ដែលធ្វើឱ្យ​ប៉ះពាល់ដល់​ដំណើរការទ្រទ្រង់ស្ថាប័ន។

លោក គង់ អាទិត្យ ប្រធានសហជីពស៊ីខៅឌូ មានប្រសាសន៍ថា លោកមានភស្តុតាងគ្រប់គ្រាន់ចំពោះការចោទប្រកាន់លើលោក អាត់ ធន់ តែលោក​​បដិសេធក្នុងការផ្ដល់អត្ថាធិប្បាយលម្អិត ក្រោម​ហេតុផលថា ជាកិច្ចការផ្ទៃក្នុង។

លោក​បញ្ជាក់ថា៖ «ខ្ញុំមិនអត្ថាធិប្បាយលម្អិតទេ​ ព្រោះជារឿងផ្ទៃក្នុងស្ថាប័ន»។

កាលពីខែសីហា ឆ្នាំ២០២៣ លោក អាត់ ធន់ ត្រូវបានសមាជិក ស៊ីខៅឌូ បោះឆ្នោតផ្ដល់ការទុក​ចិត្ត តាមរយៈមហាសន្និបាតលើកទី៨ ឱ្យជាប់ជាអនុប្រធាន និងលោកគង់ អាទិត្យ ជាប្រធាន​សហជីព។ ការ​ងារ លោក អាត់ ធន់ នឹងផុតអាណត្តិនៅឆ្នាំ​២០២៧ ខាងមុខ។

លោក អាត់ ធន់ ដែលពីមុនក៏ជាធ្លាប់ជាប្រធានសហជីព ស៊ីខៅឌូ និង​បច្ចុប្បន្ន​ជា​អនុប្រធាន​សហជីព​ដដែលនេះ ​ថ្លែងថា ការចោទប្រកាន់មកលើរូបលោកបែបនេះ គឺជារឿង​ប្រឌិត។ លោក​​បានប្រឆាំងនឹងការបញ្ចប់កិច្ចសន្យាការងារនេះ ហើយថា ប្រធានសហជីពស៊ីខៅឌូ លោក គង់ អាទិត្យ មិនមានសិទ្ធិក្នុងការធ្វើរឿងនេះតែឯងនោះទេ។

លោកបន្តថា៖ «យើងអត់ទទួលស្គាល់ទេ យើងនឹងបន្តនីតិវិធីយើងទៅគណៈកម្មការប្រតិបត្តិ ក្រុម​ប្រឹក្សា ឬក៏ទៅក្រសួង ទៅស្ថាប័នពាក់ព័ន្ធ។ គ្រាន់តែការធ្វើរបស់គាត់ (គង់ អាទិត្យ) វាអត់ត្រូវ គាត់អត់មានសិទ្ធិនៅក្នុងការធ្វើចឹងទេ»។

លោក អាត់ ធន់ អះអាងថា ប្រធានសហជីព ស៊ីខៅឌូ តែងតែប្រឌិតរឿង ហើយអ្នកមិនអនុវត្តតាមបទបញ្ជាផ្ទៃក្នុងមានតែខ្លួនគាត់ប៉ុណ្ណោះ។ លោកបន្តអះអាងថា កាលពីពេលកន្លងទៅ មន្រ្តី​​ហិរញ្ញឹក ​ក៏ត្រូវបានបញ្ចប់កិច្ចសន្យាការងារផងដែរ ក្រោយស្នើសុំពិនិត្យមើលរបាយការណ៍ហិរញ្ញវត្ថុតាមគោលការណ៍របស់ស្ថាប័ន។

លោក យ៉ាន សារ៉ាន់ សមាជិកសហជីពស៊ីខៅឌូ ចោទថា លោក គង់ អាទិត្យ អនុវត្តការងារតាមតែអំពើចិត្ត ដោយពុំបានឆ្លងកាត់ការប្រជុំជាមួយគណៈកម្មការប្រតិបត្តិផ្សេងទៀតនោះទេ។ ជាក់ស្ដែង លោក សារ៉ាន់​ ផ្ទាល់ ក៏ត្រូវបានលោក គង់ អាទិត្យ បញ្ឈប់ការងារពីសហភាពការងារកម្ពុជាផងដែរ កាលពីឆ្នាំមុន ក្រោយលោក អាទិត្យ ជាប់ឆ្នោតជាប្រធាន។

លោកនិយាយថា៖ «ខ្ញុំគិតថា ការបញ្ឈប់គាត់មិនត្រឹមត្រូវទេ រកលេសកំណត់ហេតុនេះ យកលេសកំណត់ហេតុនោះ យកលេសពីការព្យួរភាគទានបង់ចូលស៊ីខៅឌូ និងលិខិតលាឈប់ពីស៊ីខាឌូ ថា លោក អាត់ ធន់ អ្នកញុះញង់ចឹង។ ព្រោះគាត់ដឹកនាំដោយបុគ្គលម្នាក់ឯង​ ធ្វើអីដោយបុគ្គលម្នាក់ឯង មិនយកគណៈកម្មការប្រតិបត្តិ ធ្វើអីក៏មិនប្រជុំគណៈកម្មការប្រតិបត្តិ ខ្លួនឯងរំលោភលក្ខន្តិកៈ»។

អ្នកស្រី អ៊ុក ផល្លា កម្មការិនីបម្រើការងារនៅរោងចក្រកាត់ដេរមួយកន្លែង ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​បង្ហាញអារម្មណ៍​សោកស្ដាយ នៅពេលឮ​ដំណឹង​ថា លោក អាត់ ធន់ ត្រូវបាន​បញ្ឈប់ពីការងារ ជាថ្នាក់ដឹកនាំសហជីពស៊ីខៅឌូ។

អ្នកស្រី ផល្លា ដែល​ជាអតីតសមាជិកសហជីពស៊ីខៅឌូ​នៅមូលដ្ឋាន ធ្លាប់ធ្វើការជាមួយលោក អាត់ ធន់ បានរយៈពេល២ឆ្នាំដែរនោះ បាន​លើកឡើងថា៖ «ធ្វើការមួយគាត់ (លោក អាត់ ធន់)ធម្មតា តែបើរឿងផ្ទៃក្នុងគាត់ម៉េចអត់ដឹងដែរ។ កាលខ្ញុំនៅ [លោក អាត់ ធន់ ដូច ] អត់មានការ[ញុះញង់]បំបែកបំបាក់ចឹង»។

អ្នកនាំពាក្យក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក កត្តា អ៊ន ចាត់​​​ទុកករណីនេះ ជាកិច្ចការផ្ទៃក្នុង ហើយលោកថា ក្រសួងការងារ ក៏ទើបទទួលបានដំណឹងពីការបញ្ឈប់ការងារលោក អាត់ ធន់ នេះផងដែរ។

លោក​បន្ត​​ថា៖ «ករណី​មាន​ពាក្យ​បណ្តឹង​ណាមួយ​មក​ក្រសួង យើង​នឹង​ពិនិត្យ​ដោះស្រាយ​ទៅតាម​ផ្លូវ​ច្បាប់ និង​លក្ខខណ្ឌ​ដែល​កំណត់​ក្នុង​លក្ខន្តិកៈ​របស់​អង្គការវិជ្ជាជីវៈ»។

នៅមហាសន្និបាតអាណត្តិទី​៥ ​របស់​​សហភាព​​ការ​ងារ​​កម្ពុជា ​ហៅ​កាត់ថា CLC បាន​រៀប​ចំឡើងនៅ​សណ្ឋាគារ​មួយ ក្នុង​រាជធានីភ្នំពេញ ​កាលពី​ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០២៤។ ក្នុង​មហា​សន្និបាត​នោះ​ លោក គង់ អាទិត្យ ត្រូវ​បាន​ជាប់​ឆ្នោត​ជា​ប្រធាន​ថ្មី​របស់​ CLC ជំនួស​លោក​ អាត់ ធន់ ដែល​បានកាន់​​តួនាទី​នេះ​អស់រយៈពេល​១៨ឆ្នាំ​ គិត​តាំង​ពី​បង្កើត​មក​។​

លោក អាត់​ ធន់ ដែល​មិន​បាន​ជាប់​ឆ្នោត​ជាថ្មី សម្រាប់​​អាណត្តិទី​៥ បាន​​លើក​ឡើង​ថា ​លោក​នៅ​​​​​តែ​​បន្ត​​ការ​ងារ​លើក​កម្ពស់​សិទ្ធិ​ការងារ​ នៅ​ក្នុង​តួនាទី​របស់​លោក ក្នុង​នាម​ជា​អនុប្រធាន​សហព័ន្ធ​​​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា (CCAWDU)៕

…………………………

អត្ថបទដោយ៖ វ៉ា​ សុភានុត

អត្ថបទមុន

លោក រ៉ុង ឈុន សង្ឃឹមតុលាការយល់ព្រមឱ្យលោកបង់ប្រាក់ពិន័យជាដំណាក់ៗតាមលទ្ធភាព

អត្ថបទបន្ទាប់

ការ​ប្រើ​​ឈ្មោះ​ថ្នាក់​ដឹក​នាំ​ទៅ​​រត់​ការ​តំណែង​ឬ​រក​ស៊ី​ជា​សកម្មភាព​បំផ្លាញ​នីតិរដ្ឋ​  ​

អត្ថបទបន្ទាប់
ទិដ្ឋភាពនៃអង្គភាពប្រឆាំងអំពើពុករលួយ(ACU) នៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០២០។(VOD)

ការ​ប្រើ​​ឈ្មោះ​ថ្នាក់​ដឹក​នាំ​ទៅ​​រត់​ការ​តំណែង​ឬ​រក​ស៊ី​ជា​សកម្មភាព​បំផ្លាញ​នីតិរដ្ឋ​  ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង