CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

បទ​យក​​ការណ៍៖ ពលរដ្ឋ​​ខ្លះ​​​បារម្ភ​​​​សុវត្ថិភាព​​​និ​ង​​​អសន្តិសុខ​សង្គម ក្រោយ​មានករណី​ហិង្សា ក្មេងទំនើង និង​ការ​បាញ់​បោះ​​

CJs khmer ដោយ CJs khmer
February 28, 2025
ក្នុង សង្គម
0
បទ​យក​​ការណ៍៖ ពលរដ្ឋ​​ខ្លះ​​​បារម្ភ​​​​សុវត្ថិភាព​​​និ​ង​​​អសន្តិសុខ​សង្គម ក្រោយ​មានករណី​ហិង្សា ក្មេងទំនើង និង​ការ​បាញ់​បោះ​​

កម្លាំងនគរបាលក្នុង​រាជធានី​ភ្នំពេញ​ បង្ក្រាប​ និងឃាត់ខ្លួន​ក្រុមក្មេងទំនើង​ដែល​តែង​ធ្វើ​សកម្ម​ភាព​កាប់​ចាក់​គ្នា និងដើរអុកឡុកក្នុង​ភូមិ​សាស្ត្រ​រាជធានីភ្នំពេញ កាលពីថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ២០២៤។ ( រូបភាព៖ ពីស្នងការ​ដ្ឋាននគរបាល​រាជធានីភ្នំពេញ។)

0
ចែករំលែក
73
ចំនួនមើល

ប៉ុន្មានខែ​ចុងក្រោយនេះ រដ្ឋាភិបាល បាននិងកំពុងបើក​យុទ្ធនាការ​បោស​សម្អាត​ក្រុមក្មេង​ទំនើង​​ដែល​បង្ក​អសន្តិសុខក្នុងសង្គម ប៉ុន្តែស្របពេលគ្នានេះ ក៏កើតមាននូវករណីហិង្សា​បង្ក​ដោយ​​ជន​ប្រើប្រាស់គ្រឿងញៀន វាយទៅលើ​អ្នកដំណើរតាមដងផ្លូវ និងការ​ករណីបាញ់បោះនៅ​កណ្តាល​រាជធានីភ្នំពេញ និង​ខេត្តព្រះសីហនុ ដែលបង្កដោយ​ជនជាតិ​ចិនមួយចំនួន​ផងដែរ។

ជាក់ស្តែង កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៥ កន្លង​ទៅ​ មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ ( Zei Phea) បាន​ចែករំលែកនូវ​សារ​​ អមជាមួយនឹង​រូបថត ២សន្លឹក ដែលមានស្នាមរបួស​នៅលើផ្ទៃ​​​មុខ ក្រោយ​​មានបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានវាយទៅលើកញ្ញា​ដោយកម្រោល​ ទាំងព្រឹក ដោយមិនដឹងមូលហេតុ។​

កញ្ញា ភា បានលើកឡើងក្នុងសំណេរដើមថា៖ «ជិះ​​ម៉ូតូ​​​ទៅ​​ធ្វើ​ការ​​សុខៗ ​មាន​បុរស​ម្នាក់​លោត​មក​វាយ​ខ្ញុំ​ទាំង​​កម្រោល​ដោយ​មិន​ដឹង​មូល​ហេតុ​ទាំង​ព្រឹក​… នេះ​ខ្ញុំ​ពាក់​មួក​ការពារ​ និង​វ៉ែន​តា​ទៀត​នៅ​រហែក​​[ស្បែក]ប៉ុណ្ណឹង​ ចុះ​បើ​អត់​ តើ​ទៅ​ជា​យ៉ាង​ណា​? ចុះ​បើ​មាន​កាំ​បិទ ​ឬ​របស់​មុត​ស្រួច​​ តើ​ទៅ​ជា​យ៉ាង​ណា»​?[…] ធ្លាប់​គិត​ថា ​ពេល​យប់​គ្មាន​សុវត្ថិ​ភាព​ ​តែ​នេះ​ទាំង​ព្រឹក​។ លែង​ហ៊ាន​ជិះ​ម៉ូតូ​​ទៅ​ណា​ ដោយ​សារ​សង្គម​បច្ចុប្បន្ន​ពោរពេញ​ ​ដោយ​មនុស្ស​ឆ្កួត​​ដោយ​សារ​បែក​ថ្នាំ ​និង​​គ្រឿង​​ញៀន​»។

បើតាម​ម្ចាស់គណនីហ្វេសប៊ុករូបនេះ ករណីហិង្សា​បែបនេះ មិនមែនកើតតែលើកញ្ញានោះទេ ព្រោះកញ្ញាបានសួរនាំពលរដ្ឋនៅទីនោះ គឺ​មាន​ករណីបែបនេះកើតឡើងលើពលរដ្ឋ​ផ្សេង​ទៀត ដែលធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​ទល់មុខ​មន្ទីរ​ពេទ្យព្រះកេតុមាលា ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ​ ប៉ុន្តែអាជ្ញាធរ​ហាក់​មិនមានវិធានការ​ទប់ស្កាត់។ ករណីហិង្សា​នេះ មានការ​​ចែក​រំលែក​​ព្រោងព្រាត​នៅលើបណ្តាញសង្គម។

ចំណែក នៅថ្ងៃទី២១ ខែកុម្ភៈ មានករណីជនជាតិចិន​ផ្ទុះអាវុធនៅមុខសណ្ឋាគារ​មួយកន្លែង​ ក្នុងខេត្តព្រះសីហនុ បណ្តាលឱ្យ​រងរបួស​ម្នាក់ ដោយសារ​តែជនជាតិចិនរូបនោះ​បានចាញ់​ល្បែង ហើយយកកាំភ្លើង​ដើរ​ភ្ជង់​អ្នកដទៃ និងពលរដ្ឋតាមដងផ្លូវ ពេលរត់ចេញពីសណ្ឋាគារ​។ នេះបើតាម​កា​រចុះផ្សាយព័ត៌មាន​ក្នុងស្រុក និងវីដេអូដែលចែករំលែកក្នុងបណ្តាញសង្គម។​

ដោយឡែក កាលពីថ្ងៃទី១៤ ខែកុម្ភៈ ក៏មានករណី​ជនជាតិចិនមួយក្រុមមានគ្នា ៤នាក់ ក៏បាន​ប្រើ​ប្រាស់​អាវុធ​​ប្រភេទ​​អាកា (AK) ចំនួន ២ដើម និង​អាវុធ​ខ្លី​ចំនួន ១ដើម បាញ់​ចំនួន​៣គ្រាប់ សំដៅ​​លើ​គូទំនាស់​ក្នុងវង់​​ផឹកស៊ី ស្ថិត​​នៅ​មជ្ឈមណ្ឌល​រតនៈ​សម្បត្តិ នៅ​ទល់​មុខ​នឹង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញផងដែរ។ ហេតុការណ៍​បាញ់​បោះ​នេះ ពុំ​បណ្ដាល​ឱ្យ​​មាន​ជន​រង​របួស​ឡើយ ដោយសារតែ​ភាគ​ទំនាស់​ម្ខាង​ទៀត បាន​ដឹង​ខ្លួន​មុន និង​បាន​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក។

ករណីទាំងនេះ បាន​បង្កជាក្តីបារម្ភសម្រាប់ប្រជាពលរដ្ឋ ពីបញ្ហាសុវត្ថិភាព និង​អសន្តិសុខសង្គម បើទោះជារដ្ឋាភិបាល​បានដាក់ចេញនូវគោលនយោបាយ​ភូមិឃុំមានសុវត្ថិភាព។

កញ្ញា​​ ពៅ ស្រី​លក្ខ អាយុ​៣០ឆ្នាំ អះអាងថា​​ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​វត្តភ្នំ ក្នុងខណ្ឌដូនពេញ ​មានប្រសាសន៍ថា ​នៅ​តំបន់ដែលអ្នកស្រី​​រស់​នៅ ​​សម្បូរទៅដោយ​​ក្មេង​ទំនើង​ អ្នកញៀនថ្នាំ និង​​​ចោរ​កម្ម ដោយ​ពេល​ខ្លះ ​ពួក​គេ​ធ្វើ​សកម្ម​ភាពទាំងព្រឹកព្រលឹម ដោយ​មិន​ខ្លាចញញើត ទោះនៅតំបន់នោះមានមនុស្សម្នា​ធ្វើដំណើរទៅមក​ និងរកស៊ី​​អ៊ូអរ​ក៏ដោយ។

កញ្ញា​​ថា​៖​ «ខ្ញុំ​មិន​ចង់ឱ្យ​ពួក​អស់​ហ្នឹង​មក​រញ៉េរញ៉ៃ​នៅ​ម្តុំ​ហ្នឹង​ទេ​ និយាយ​ទៅ​កន្លែង​ហ្នឹង​ពិបាក​រស់​នៅណាស់​​ ចោរ​ក៏​មាន​ពួក​បែក​ថ្នាំ​ក៏​មាន​។ កន្លែងហ្នឹង​ដូច​កន្លែង​​ប្រែត​នៅ​អ៊ីចឹង​ សំរាម​​ក៏គរ​ពេញ​ហ្នឹង​ នេះ​​នៅ​ក្បែរ​មន្ទីរ​ពេទ្យ​ផង​។ វា​អត់​មាន​សុវត្ថិ​ភាព​​សោះ​​​តែ​​ម្តង​​ហ្នឹង​​ណា។​ សមត្ថកិច្ច ​ឬសង្កាត់​អី​ចុះ​មក​តែ​មាន​​បណ្តឹង ​ឬបញ្ហា​ម្តងៗ​ប៉ុណ្ណោះ​ អស់​ពី​ហ្នឹង​ហើយ​ក៏​បាត់​ឈឹង»​។

មានមាឌតូចល្អិត សម្បុរស កញ្ញា ស្រីលក្ខ បាន​បង្ហាញពីក្តីបារម្ភ​ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និង​គ្រួសារ ដោយសារ​តែ​កញ្ញាធ្លាប់ឃើញមានករណីឆក់ និងការប្រើហិង្សា​​ ពីសំណាក់ក្រុម​អ្នកញៀនថ្នាំញៀនទាំងនោះ។ ករណីនេះ កញ្ញាបាន​ស្នើ​ដល់សមត្ថកិច្ច និងអាជ្ញាធរពាក់​ព័ន្ធ ចុះអន្តរាគមន៍ជាប្រចាំ និង​លុយបំបាត់​ក្រុមអ្នកញៀនថ្នាំ និងក្មេងទំនើង​ទាំងនោះ ដើម្បី​ការ​ពារ​​សុវត្ថិភាពជូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរ​ឆ្លងកាត់។

កញ្ញានិយាយ​ថា៖ «បើ​មាន​ឡាន​ខូច​អ៊ីចឹង ​គ្នា​ចត​តែ​មួយ​ភ្លែត​ លួច​ទូរសព្ទ​បាត់​។ អ្នក​ខ្លះ​មក​ពី​ចម្ងាយ​ គ្នា​មិន​ដឹង​ អង្គុយ​​មួយ​​ភ្លេត​​ឆក់​ទូរសព្ទ​បាត់​ទៅ​។ ពេល​ខ្លះ​ វា​បន្លំ​ធ្វើ​ដូចយក​​កូន​មក​ពេទ្យ​អ៊ីចឹង​ ហើយ​ឆក់​របស់គេ​​គ្រប់​សព្វ ឱ្យ​តែ​ប្រហែស។ អ្នក​ឆក់​ហ្នឹង​មាន​ទាំង​ស្រី​ទាំង​ប្រុស​ ពេល​ខ្លះ​ម៉ូតូ​គេ​បុកគ្នា ឬក៏​ដួល​​​អីហ្នឹង​ ​ពួក​វា​មក​មួយ​រំពេច ឆក់​​របស់​​ទៅ​បាត់​[…] ខ្ញុំ​សង្ឃឹម​ថា ​អ្នក​ពាក់​ព័ន្ធ ជាពិសេស​រដ្ឋាភិបាល​​ បើ​ធ្វើអី​បាន ​ក៏​​ឆាប់​ធ្វើ​ទៅ​ ដើម្បី​កុំឱ្យ​ពួក​វា​មក​អុក​ឡុក​ និង​បង្ក​​ភាព​អណា​ធិបតេយ្យ​អ៊ីចឹង​»។

មិន​ខុស​គ្នា​ប៉ុន្មាននោះទេ លោក​ សុខ វណ្ឌី អាយុ​៥៥ឆ្នាំ ជា​អ្នក​រត់​កង់​បី​នៅក្នុង​រាជធានីភ្នំពេញ បាន​លើកឡើ​ងដែរ​ថា ​​រាល់​ថ្ងៃ​ បើទោះបីជាលោកជាបុរស ក៏​នៅ​តែមាន​អារម្មណ៍ភ័យ​​ខ្លាចពីសុវត្ថិភាព ដែលបង្កដោយជន​ញៀនថ្នាំ និង​ជនជាតិចិន មិនថានៅ​ពេល​យប់ឬពេលថ្ងៃនេះទេ។ លោកថា នៅម្តុំមន្ទីរពេទ្យព្រះកេតុមាលា និងតំបន់​មួយចំនួន​ទៀត សម្បូរទៅ​ដោយ​អ្នក​ញៀន​ថ្នាំ ដោយពួកគេ​​​ធ្វើ​សកម្មភាព​ឆក់​ ឬ​ប្លន់នៅតាមទីសាធារណៈ ដោយមិនខ្លាចរអ៊ានឹង​មនុស្ស​ច្រើនឡើយ​។

លោក​ថ្លែង​ថា​៖ «ពេល​បើក​កង់​បីម្តងៗ​​ខ្ញុំ​នៅ​តែ​ខ្លាច​ ព្រោះ​ពួក​វា​មិន​ខ្លាច​យើងទេ​។ ជួន​កាល​យើង​បើក​ចៀស​ពួក​វា​ទៀត​ហ្ន វា​មិន​ចៀស​យើង​ទេ​។ និយាយ​ទៅ​តំបន់​នេះ[ក្បែរមន្ទីរពេទ្យព្រះកេតុមាលា]​អសុវត្ថិភាព​ សូម្បី​ខ្ញុំ​ប្រុស​ក៏​ដោយ ​ក៏​នៅ​តែ​ខ្លាច​ដែរ។ ការណ៍​ដែល​មាន​ពួក​បែក​ថ្នាំ​ចេញ​មក​ដើរ​តាម​ផ្លូ​វ​បង្ក​ឱ្យ​អសណ្តាប់​ធ្នាប់​​នៅ​ទីនេះ​ វា​ញឹកញាប់​​ទៅ ​​ក្លាយ​ជា​​ទម្លាប់កែ​លែង​​ឡើង​​​ហើយ ដែលពួក​​យើង​ជា​អ្នកជិះកាត់ និង​អាជីករ ​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្នខ្ពស់​​ដោយ​ខ្លួនឯង។ ពេល​ខ្លះ​តូប​នៅ​ម្តុំ​ហ្នឹង ​ពួក​វា​គាស់​ពេល​យប់​ បើ​យើង​​មិន​ជួល​អ្នក​យាម​ទេ​»។

ចំណែក ​កញ្ញា​ សួន​ ទីឡែន​ ​អាយុ ២៥​ឆ្នាំ​ បច្ចុប្បន្ន​ជា​និស្សិត​ពេទ្យ​ និង​រស់នៅក្នុងរាជធានីភ្នំពេញ ក៏បាន​លើកឡើង​ដែរថា ខ្លួនបានទទួលព័ត៌មានពីហេតុការណ៍​ជាច្រើន​បានកើតឡើងនៅក្នុងសង្គម​ ទាំង​បញ្ហា​ក្មេងទំនើងវៃកាប់ចាក់គ្នា អ្នកញៀនថ្នាំដើរអុក​ឡុក​​ឆក់ ឬលួច​ទ្រព្យសម្បត្តិពលរដ្ឋ បញ្ហា​បាញ់បោះដែលបង្កឡើងដោយជនជាតិចិនជាដើម។

កញ្ញាបន្តថា បញ្ហាទាំងនេះ បានបង្កជា​ក្តី​​បារម្ភ និងការ​​ភ័យ​ខ្លាចសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជា​រូបកញ្ញាផ្ទាល់​ ជាពិសេសនៅពេល​ដែលកញ្ញាធ្វើដំណើរនៅពេលយប់ព្រលប់។ កញ្ញាបន្ថែម​​ថា បញ្ហា​សុវត្ថិភាពជារឿងចាំបាច់​ដែល​អាជ្ញាធរ​មានសមត្ថកិច្ច គួរ​មានវិធានការ​ទប់ស្កាត់ និងការ​​ពារ​សុខសុវត្ថិភាព​​ឱ្យបានតឹងរឹង​ជូនប្រជាពលរដ្ឋ ទៅ​តាមគោលនយោបាយ​ភូមិឃុំមានសុវត្ថិភាព ដែលរាជរដ្ឋាភិបាល​បាន​ដាក់ចេញ។

កញ្ញា​​ថា៖ «និយាយ​រួម​អសុវត្ថិភាព​តែ​ម្តង ត្រឹម​ម៉ោង​៩យប់​អី​ស្ងាត់ មនុស្ស​បែក​ថ្នាំ​ដើរ​ហើរ​តាម​​ផ្លូវ​​ ហើយ​បើ​របស់យើង​​ទុក​​អីនៅ​ខាង​ក្រៅផ្ទះ ​ពួក​វា​លួច​អស់​តែ​ម្តង​។ ខ្ញុំ​ចង់​ឱ្យ​មាន​សុវត្ថិ​ភាព​ជាង​ហ្នឹង ​ហើយ​មាន​ការ​យាម​តឹង​រឹង​គ្រប់​ទី​កន្លែង​ ព្រោះ​​យប់​សម្បូរ​ក្មេង​ស្ទាវ​ និង​ពួក​បែក​ថ្នាំ​ ចេញ​បំផ្លាញ​ទ្រព្យ​​សម្បត្តិ​អ្នក​ដទៃ​អ៊ីចឹង​ទៅ​»។

កាលពីអំឡុងពាក់កណ្តាល ខែសីហា ឆ្នាំ​២០១០ រដ្ឋាភិបាល​ បាន​ដាក់ចេញនូវផែនការ​ណែនាំ​ស្តីពីការ​ចាត់​តាំង​អនុវត្តគោលនយោបាយ​ «ភូមិ-ឃុំ-​មានសុវត្ថិភាព» ក្នុងគោលបំណង​គៀរគរ​ការ​ចូលរួម​ពីគ្រប់មជ្ឈដ្ឋាន ដើម្បីពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឱ្យ​បានល្អប្រសើរ​នៅគ្រប់ច្រកល្ហកនៃភូមិ-ឃុំទូទាំងប្រទេស។

ផែនការ​នេះ បានកំនត់​នូវ​លក្ខណៈសម្បត្តិ​នៃភូមិ-ឃុំ​មានសុវត្ថិភាពចំនួន៥ រួមមាន គ្មានសកម្មភាពលួច ឆក ប្លន់គ្រប់ប្រភេទ, គ្មានការ​ផលិត ការ​ចែកចាយ និងប្រើប្រាស់គ្រឿង​ញៀន​ខុសច្បាប់, គ្មាន​អំពើ​អនាចារ​ ការជួញដូរ​ស្ត្រីនិងកុមារ និងអំពើហិង្សា​ក្នុងគ្រួសារ, គ្មានក្មេងទំនើង និងគ្មាន​ការ​លេង​ល្បែង​ស៊ីសង​ខុស​ច្បាប់​គ្រប់ប្រភេទ ការប្រើ​ប្រាស់​អាវុធខុសច្បាប់ និងបទល្មើស​គ្រប់​ប្រភេទ។ នេះបើតាមសៀវភៅណែនាំស្តីពីការអនុវត្ត​គោលនយោបាយ​  «ភូមិ-ឃុំ-​មានសុវត្ថិភាព» របស់ក្រសួងមហាផ្ទៃ ​ដែលចេញផ្សាយនៅឆ្នាំ២០២៣។

ក្រោយការ​អនុវត្តមួយរយៈ ថ្មីៗនេះ​ រដ្ឋាភិបាលក៏បាន​​បន្ថែមលក្ខណៈសម្បត្តិ​ដល់ទៅ៧យ៉ាងក្នុង​គោល​នយោបាយ​ «ភូមិ-ឃុំ-​មានសុវត្ថិភាព»នេះ ដោយ​កំណត់ការ​ងារ​សំខាន់ៗពាក់ព័ន្ធ​នឹង​ជីវភាពប្រចាំថ្ងៃប្រជាពលរដ្ឋ ដូចជាការទប់ស្កាត់​បទល្មើសក្នុងសង្គម ការ​ផ្តល់សេវាសាធារណៈ ការងារ​អនាម័យ​និងបរិស្ថាន ការ​ទប់ស្កាត់​គ្រោះថ្នាក់​សង្គម​លើ​ពលរដ្ឋ និងការ​ដោះស្រាយ​​វិវាទក្រៅប្រព័ន្ធ​តុលាការ​ជាដើម។ នេះបើតាមការផ្សព្វផ្សាយក្នុងគេ​ហទំព័ររបស់​ក្រសួង​មហាផ្ទៃ។

Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយ​ជុំវិញករណីនេះ ពី​​លោក ទូច​ សុខៈ អ្នក​នាំ​ពាក្យរង​​ក្រសួង​មហាផ្ទៃ​​បាន​​ទេ​។

តែយ៉ាងណា ជារឿយៗ ប្រមុខ​រដ្ឋាភិបាល តែងតែដាក់បទបញ្ជា និងណែនាំ​ទៅ​ក្រសួង អាជ្ញាធរ​ និង​សមត្ថកិច្ចពាក់ព័ន្ធនៅគ្រប់រាជធានី-ខេត្ត ត្រូវ​ចាត់វិធានការ​ច្បាប់ឱ្យបាន​តឹង​រឹង​ ចំពោះ​បញ្ហា​ក្មេងទំនើង និងបញ្ហា​អសន្តិសុខសង្គម​នានា។​

ជាក់ស្តែង​​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ កាលពី​ថ្ងៃទី២៦ ខែ​ធ្នូ ឆ្នាំ​២០២៤ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​នៅ​គ្រប់​រាជធានី​ខេត្ត បន្ត​ចាត់វិធានការ​ច្បាប់ ដោយ​គ្មាន​ការ​លើក​លែង​ចំពោះ​ករណី​ក្មេង​ទំនើង​​ដែល​បង្ក​ហិង្សា​ដាក់គ្នា។ ទន្ទឹមគ្នា​នេះ លោក​បាន​ស្នើ​ឱ្យ​ក្រសួង​យុត្តិធម៌ ធ្វើ​​វិសោធនកម្ម​ច្បាប់ ដើម្បី​ដាក់​ទម្ងន់​ទោស​បន្ថែម​ទៀត​ចំពោះ​ក្មេង​ទំនើង ដើម្បី​ឱ្យ​ពួកគេ​រាងចាល និង​ខ្លាចរអា។

អ្នកនាំពាក្យ​​​សមាគមការពារ​សិទ្ធិ​មនុស្ស​ អាដហុក (ADHOC) លោក​ យិន​ ម៉េង​លី​ សង្កេត​ឃើញថា ក្រោយមាន​គោលនយោបាយ​ភូមិឃុំមានសុវត្ថិភាព សមត្ថកិច្ច​បាន​រៀបចំ​​ឱ្យ​មាន​ប្រជាការ​ពារ​នៅតាម​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​នៅថ្នាក់ក្រោមជាតិ និង​មានការ​ចូលរួមពីប្រជាពលរដ្ឋមួយ​ចំនួន​ ក្នុងការ​រាយការណ៍ពីអសន្តិសុខសង្គម ទៅកាន់សមត្ថកិច្ចផង​ដែរ។

តែយ៉ាងណា លោកថា ការ​អនុវត្តនេះ នៅមិនទាន់គ្រប់គ្រាន់នោះទេ ដោយសារ​មានប្រជាពលរដ្ឋ​មួយចំនួន នៅ​​មិន​ហ៊ាន​​​រាយការណ៍ពី​រឿងអសន្តិសុខ​សង្គម​ ដែលពួកគាត់ជួបប្រទះ ទៅកាន់​សមត្ថកិច្ចឱ្យបានពេញលេញនៅឡើយ ដោយសារ​តែបារម្ភពីសុវត្ថិភាពរបស់ពួកគេ​។

លោកថា​៖ «​នៅ​តាម​បណ្តាល​ប៉ុស្ត៍រដ្ឋបាល​ភូមិ​ឃុំ​​មាន​ប្រជា​ការពារ​ មាន​នគរ​បាល​ប៉ុស្ត៍​ និង​ប៉ូលិស​ជាដើម​។ តែ​មិនទាន់​គ្រាប់​គ្រាន់​ទេ​ វា​ត្រូវ​ចូល​រួម​ពី​ប្រជាពលរដ្ឋ​ អ៊ីចឹង​ពេល​ពលរដ្ឋ​គាត់​រាយការណ៍​ គាត់​ប្រើ​ប្រាស់​សេរី​ភាព​បញ្ចេញ​មតិ​ដើម្បី​ផ្តល់​ព័ត៌មាន​ដល់​ដល់​អាជ្ញាធរ​។​ ដូច្នេះ​ត្រូវ​ធ្វើ​យ៉ាង​ណា​លាក់​​ប្រភព ​ដើម្បី​កុំ​ឱ្យ​ប៉ះ​ពាល់​​សុវត្ថិ​​​ភាព​ពួក​គាត់​។ កាលណា​ប៉ះ​ពាល់​ដល់​សន្តិសុខ​ពួក​គាត់​ ពួក​គាត់​មិន​ហ៊ាន​ចូល​រួម​រាយការណ៍​ទេ​ អ៊ីចឹង​អាជ្ញាធរ​ត្រូវ​បើក​លំហរ​សេរី​ភាព​បញ្ចេញ​​មតិ​។ លំហរ​នេះ ​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​ផ្តល់​ព័ត៌មាន​អសន្តិសុខ​ក្នុង​តំបន់​ហ្នឹង»​។​

លោក យិន ម៉េងលី បន្តថា សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ មានតួនាទីសំខាន់​ក្នុងការ​ទប់ស្កាត់​បញ្ហាអសន្តិសុខសង្គម និង​ការ​ពារ​សុខសុវត្ថិភាពរបស់​ប្រជាពលរដ្ឋ ពីការ​បង្កហិង្សា ការ​ប្រព្រឹត្ត​​​​បទល្មើសនានាពីសំណាក់​ជនញៀនថ្នាំ និងជនល្មើស។​ លោក​ថា បើសិន​សមត្ថកិច្ច​ពាក់ព័ន្ធ មិន​យក​ចិត្តទុកដាក់លើការការ​ពារសន្តិសុខសង្គមនោះទេ វានឹង​ប៉ះពាល់​ដល់​ការ​អនុវត្តគោលនយោបាយ​ភូមិឃុំមានសុវត្ថិភាពរបស់រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ ព្រមទាំងមុខ​មាត់​ និង​សេដ្ឋកិច្ច​​របស់​ប្រទេស​ជាតិ​ផងដែរ។  ​

លោក​បានគូសបញ្ជាក់​​ថា៖ «ដើម្បី​ធានា​ថា​​ពលរដ្ឋ​​ពិត​ជា​រស់​នៅ​សុខ​សុវត្ថិ​ភាព​​ពិត​ប្រាកដ​មែន​ បើ​អាជ្ញាធរ​នៅ​តំបន់​ខ្លួន​ឯង ​មិន​អាច​បង្រ្កាប​ពួក​ដែល​អុក​ឡុក​ក្នុង​សង្គម​បាន​ អ៊ីចឹង​មាន​ន័យ​ថា ​ពួក​គាត់​អសមត្ថភាព​ហើយ​ អ៊ីចឹង​ត្រូវ​ត្រួត​​ពិនិត្យ​​ដើម្បី​​ផ្លាស់​​ប្តូរ​គាត់​ចេញ​។ រឿង​ដែល​បង្រ្កាប​មិន​បាន ​វា​អាច​មក​ពី​បញ្ហា​បក្ស​ពួក​ អំពើពុក​រលួយជាដើម​។​ បើ​គ្មាន​​ការ​ផ្លាស់ប្តូរ ​ដើម្បី​កែ​លម្អ​ទេ​នោះ ​ប្រជា​ពល​រដ្ឋ​នៅ​តែ​គ្មាន​ជំនឿលើអាជ្ញាធរ​ដដែល​។ បើ​តំបន់​នោះ​​ជា​តំបន់​ទេសចរនឹង​គ្មាន​ភ្ញៀវ​ជាតិ​ អន្តរជាតិ​​ណា​​ហ៊ាន​​ទៅ​​លេង​​ទេ​ អ៊ីចឹង​វា​ប៉ះ​ពាល់​ដល់​សេដ្ឋ​កិច្ច​ប្រទេស​យើង​ហើយ»។

ចំណែក​ លោកបណ្ឌិត​ មាស នី អ្នក​វិភាគ​បញ្ហា​​សង្គម ​បានលើកឡើង​ថា បញ្ហា​អសន្តិសុខ​ក្នុង​សង្គម និង​បញ្ហាក្មេង​ទំនើងជាដើម​នេះ អាចដោះស្រាយ​បាន បើសិន​ជាសមត្ថកិច្ច​មូលដ្ឋាន មានការ​សហការណ៍ជាមួ​យ​ពលរដ្ឋ ​និង​ចាត់វិធានការ​ទប់ស្កាត់និងបង្ក្រាប​​ ដោយ​មិនរង​​ចាំតែបញ្ជា​ពីថ្នាក់​ដឹកនាំ។ លោកថា បើសិនជា​មន្ត្រីនៅមូលដ្ឋាន ចាំ​តែ​ថ្នាក់លើបញ្ជា និង​ផ្តល់​​អនុសាសន៍ ទើប​ធ្វើសកម្មភាព​ចាត់វិធានការ​បង្ក្រាប នោះបញ្ហាអសន្តិសុខ​សង្គម នឹង​នៅតែបន្តកើតមានជាហូរហែរ ហើយប្រជាពលរដ្ឋ​នៅ​តែមានក្តីបារម្ភពីសុវត្ថិភាព។

លោកថា៖ «មែន​ទែន​ទៅ​រឿង​នេះ​ ខ្ញុំ​គិត​ថា​ កំពុង​អនុវត្តគោលនយោបាយ​របស់​​ថ្នាក់​ដឹក​នាំ​ ដើម្បី​បង្កើន​នូវ​ការ​បង្រ្កាប​ឱ្យ​​តឹងរឹង​ចំពោះ​ក្មេង​ទំនើង ​ឬពួក​បែក​ថ្នាំ​ហ្នឹង ​មិន​ពិបាក​អី​ទេ​ ប្រសិន​បើ​អាជ្ញាធរ​នៅ​ក្នុង​មូល​ដ្ឋាន​ក្នុង​ខណ្ឌ​នីមួយៗ​ដែល​មាន​មន្ត្រី​ប៉ូលិស​ចេះ​រាយករណ៍​ភ្លាមៗ​។ បើក្នុង​ករណី​​មិន​បាន​ផល​ទេ​ ត្រូវ​ចេះ​ស្នើ​សុំ​ទៅ​សាលា​ក្រុង​ដើម្បី​អន្តរាគមន៍វាចប់​រឿង​បាត់​ហើយ​។ សំខាន់​គឺ​អាជ្ញា​ធរ​នៅ​ក្នុង​មូល​ដ្ឋាន​ ទទួល​បន្ទុក​មើល​រឿង​ទាំង​អស់​ហ្នឹង។​ មិន​មែន​ទាល់​តែ​ពលរដ្ឋ​ព្រួយ​ និង​​មាន​ការ​ស្រែក​របស់​ថ្នាក់​លើ​មក​ហើយ ​បាន​ធ្វើ​ វា​មិន​បាន​ផល​អី​ទេ។ ដូច្នេះ​ហើយ​បាន​តាម​ភូមិ​​ឃុំ ​ត្រូវ​មាន​អាជ្ញាធរ​មូល​ដ្ឋាន​ ដើម្បី​ធានា​សុវត្ថិ​ភាព​ជូន​ប្រជា​ពល​រដ្ឋ​ហ្នឹង​។ បើ​​​វិធាន​ការ​​មួយ​មិន​មាន​ប្រសិទ្ធភាព​ហើយ​ ទោះ​បី​មាន​វិធាន​ការដប់​ទៀត​ក៏​នៅ​តែ​គ្មាន​ប្រសិទ្ធ​ភាព​ដែរ​»៕

………………………………….

អត្ថបទដោយ៖ ណឺ​ មិនា​

អត្ថបទមុន

អត្ថបទ​វីដេអូ​និទាន​​៖ ​ប្តី​ប្រពន្ធ​ជន​ដើម​ភាគ​តិច​កួយ​នៅ​​កំពង់ធំ​ប្រឹង​​រក្សា​ទុក​កេរ្តិ៍​ដំណែល​បុរាណ​​ដោយ​សារ​ខ្លាច​​​បាត់បង់​  

អត្ថបទបន្ទាប់

ដីព្រៃជាង៤០០ហិកតាក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ត្រូវរំលោភយកដោយខុសច្បាប់

អត្ថបទបន្ទាប់
ដីព្រៃជាង៤០០ហិកតាក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ត្រូវរំលោភយកដោយខុសច្បាប់

ដីព្រៃជាង៤០០ហិកតាក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ត្រូវរំលោភយកដោយខុសច្បាប់

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង