CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន យែនឌ័រ

កញ្ញា ឈឹម ស៊ីថរ៖ ភាព​អយុត្តិធម៌សង្គម​ជា​កម្លាំង​ជំរុញ​​ចិត្តកញ្ញា​ឱ្យ​បន្ត​​ការងារ​​សង្គម​ ទោះធ្លាប់ជាប់​ពន្ធនាគារ​២ដង

CJs khmer ដោយ CJs khmer
February 20, 2025
ក្នុង យែនឌ័រ, សង្គម, សិទ្ធិមនុស្ស
0
កញ្ញា ឈឹម ស៊ីថរ៖ ភាព​អយុត្តិធម៌សង្គម​ជា​កម្លាំង​ជំរុញ​​ចិត្តកញ្ញា​ឱ្យ​បន្ត​​ការងារ​​សង្គម​ ទោះធ្លាប់ជាប់​ពន្ធនាគារ​២ដង

កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃ​​ក្រុមហ៊ុនណាហ្គាវើលដ៍ ក្នុងពេលធ្វើកូដកម្មទាមទារ ឱ្យមានដំណោះស្រាយវិវាទការងារ នាពេលកន្លងមក។ (រូបភាព៖ ទំព័រហ្វេសប៊ុក Swedish Ministry for Foreign Affairs)

0
ចែករំលែក
86
ចំនួនមើល

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្ម​ករ​ខ្មែរ​នៃ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​ (LRSU) កញ្ញា​ ឈឹម ស៊ីថរ បាន​ប្រលូក​ក្នុង​​វិស័យ​​សង្គម​​ស៊ីវិល ​​និង​​តស៊ូ​​មតិ​​ផ្នែក​​សហជីព​​អស់​​រយៈ​ពេល​​​១៧​ឆ្នាំ​មក​​ហើយ។ ភាព​អយុត្តិធម៌​ និង​​ការ​កេង​​ប្រវ័ញ្ច​កម្លាំង​ពល​កម្ម​របស់​កម្ម​ករនិយោ​ជិត​​ ពីសំណាក់​និយោជក​ ​ធ្វើ​​ឱ្យ​​កញ្ញា​​ពង្រឹង​ស្មារតីខ្លួនឯង និងប្តេជ្ញា​ក្នុងការ​ការ​ពារ​សិទ្ធិ​ក្នុងវិស័យការ​ងារ។

ក្នុងកំឡុងពេល​បំពេញការ​ងារជាប្រធាន​សហជីពជាច្រើន​ឆ្នាំ​មក​នេះ កញ្ញា ឈឹម ស៊ីថរ ធ្លាប់ជាប់​ពន្ធនាគារ​ចំនួន ២ដងមកហើយ ក្រោយពីបុគ្គលិក​ក្រុមហ៊ុនណាហ្គា​វើលដ៍​ជិត ១៣០០នាក់ បានផ្ទុះការតវ៉ាកាលពីឆ្នាំ​២០២១ មកដល់បច្ចុប្បន្ន​។ ការតវ៉ានេះ កើត​ឡើងបន្ទាប់​ពី​​​ក្រុម​ហ៊ុន​ល្បែងមួយនេះ បាន​បញ្ឈប់ពួកគេ​ពីការ​ងារ។ ការបញ្ឈប់​បុគ្គលិកទ្រង់ទ្រាយធំនេះ ត្រូវបាន​​គេ​មើលឃើញថា ជា​ចេតនា​ក្នុងការ​បំបាត់​សហជីពឯករាជ្យ​នៅ​ក្នុងក្រុមហ៊ុន​កាស៊ីណូមួយនេះ។​

ជាប់ពន្ធនាគារ​លើកទី១ គឺនៅអំឡុង​ដើម​​ខែមករា ឆ្នាំ២០២២ ដែលនៅពេលនោះ កញ្ញា​កំពុង​ចូលរួម​ធ្វើកូដកម្មតវ៉ាជាមួយ​កូដករណាហ្គា ដើម្បីទាមទារឱ្យ​ក្រុមហ៊ុនណាហ្គាវើលដ៍​ទទួល​យក​បុគ្គលិក​ទាំងជិត ១៣០០នាក់ ចូលធ្វើការ​វិញ។ ពេលនោះកញ្ញា ត្រូវបាន​តុលាការ​ចោទប្រកាន់ពីបទ ញុះញង់​បង្ក​ឱ្យមានភាពវឹកវរធ្ងន់ធ្ងរ​ដល់សន្តិសុខសង្គម ហើយ​បន្ទាប់ពីជាប់ពន្ធនាគារ​នៅមណ្ឌលអប់រំកែប្រែទី២(ម២) អស់រយៈពេល​២ខែ កញ្ញាត្រូវ​បាន​តុលាការ​ដោះលែង​ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន អំឡុងខែមីនា ឆ្នាំ២០២២។

ប៉ុន្តែកាល​ពី​ថ្ងៃទី២៦ ខែវិច្ឆិកា ​ឆ្នាំ​២០២២ ប្រធានសហជីពរូបនេះ ត្រូវ​បាន​ចាប់​ខ្លួន​ជាថ្មីទៀត បន្ទាប់​ពី​ត្រឡប់​មកពី​ប្រទេស​អូស្ត្រាលី​​ ពី​បទ ​រំលោភ​លើ​លក្ខ​ខណ្ឌ​នៃ​ការ​នៅ​ក្រៅ​ឃុំ។

តែយ៉ាងណា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ កញ្ញាត្រូវបានតុលាការ​សម្រេច​​ដោះលែងពីពន្ធនាគារវិញ​​​ ក្រោយពីអនុវត្តទោស​គ្រប់ ២ឆ្នាំ។

ថ្នាក់ដឹកនាំសហជីពរូបនេះ បាន​លើកឡើ​ងថា ទោះបីជាកញ្ញា ធ្លាប់ជាប់ពន្ធនាគារ​ ២លើក​មកហើយក៏ដោយ ក៏​​​​រឿងនេះ​មិនមែនជាឧបសគ្គសម្រាប់​កញ្ញា ក្នុង​ការ​បំពេញ​ការ​ងារ​ដើម្បីសេរីភាព​សហជីព និង​សិទ្ធិការ​ងារ​នោះដែរ។ 

កញ្ញានិយាយ​​​ថា៖ «ខ្ញុំ​មិនធ្លាប់​ស្តាយ​ក្រោយ ​ដែល​ធ្វើ​ជា​ខ្លួន​ឯង​រាល់​ថ្ងៃ​នេះ​ទេ ​ហើយ​ក៏​គ្មាន​​បំណង​ឈប់​ធ្វើ​ការ​​​ហ្នឹង​ដែរ​ ទោះ​ជាប់​ពន្ធ​នាគារ​ពីរ​ដង​ហើយ​ក៏ដោយ ហើយ​ក៏​អាច​ជាប់​ទៀត​ដែរ»។

កញ្ញា ស៊ីថរ ដែលបច្ចុប្បន្ន​មានវ័យ ៣៨ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង និងជាកូនទី២ ក្នុងចំណោម​បងប្អូន​ ៥នាក់។ កញ្ញា​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​​បរិញ្ញាបត្រ​​អាហារូបករណ៍​ផ្នែក​សេដ្ឋ​កិច្ច​​​ព័ត៌មានវិទ្យា នៅ​សាកល​វិទ្យាល័យ​ភូមិន្ទនីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច​ ហើយ​បាន​ចូលធ្វើ​ការ​ជាបុគ្គលិក​ធម្មតា​នៅ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​ ក្នុង​ឆ្នាំ​​២០០៧។

ក្នុង​ផ្ទះមួយ​ខ្នង​​ដែល​ព័ទ្ធ​ជុំវិញ​ដោយ​ដើម​រុក្ខជាតិ​ចម្រុះ​ ជាពិសេស​ផ្កា​ឈូក​រ័ត្ន​ និង​មាន​មេអំបៅ​ហើរ​ជុំ​វិញ​ផង​នោះ កញ្ញា ឈឹម ស៊ីថរ បាន​ឱ្យ​ដឹងថា ក្នុងឆ្នាំ២០០៧ កញ្ញា​បានចូលរៀន​នៅ​សាកល​វិទ្យាល័យ​ ឆ្នាំទី១ផង និង​ឆ្លៀត​​​ធ្វើការ​ជាបុគ្គលិកធម្មតា​​នៅក្រុម​ហ៊ុនណាហ្គា​ផង ដោយ​សារ​តែជីវ​ភាព​គ្រួសារ​មិនសូវធូរធា។

ក្នុងកំឡុងពេល​ធ្វើការ​នៅ​ក្រុមហ៊ុនមួយនេះ និងបានចូលរួមការងារ​សង្គម រួមទាំង​ចូលរួម​កូដ​កម្ម​នានា​ផងនោះ បានធ្វើឱ្យកញ្ញាចាប់ផ្តើមស្វែងយល់រឿងរ៉ាវដែលបានកើតឡើង​ក្នុ​ងសង្គម ក្នុ​ងនោះ​ក៏មាន​បញ្ហានៃការរំលោភលក្ខខណ្ឌការងារ​មួយចំនួន​ និងការបញ្ឈប់បុគ្គលិក​ដោយ​អយុត្តិធម៌ផងនោះ​ បានធ្វើឱ្យ​កញ្ញាចាប់ផ្តើមយល់ពីសារប្រយោជន៍នៃការ​បង្កើត​សហជីព​ ដើម្បីការងារ​អត្ថប្រយោជន៍ជូនកម្មករ​។

កញ្ញាថា៖ «អ៊ីចឹង​​យើង​ត្រូវ​លូក[ដៃ​ក្នុងការ​បង្កើត​សហជីព]​ ការងារ​ដំបូងដែល​ខ្ញុំ​ធ្វើ​ហ្នឹង ​គឺ​​ប្រមូល​វិភាគ​ទាន​ទ្រទ្រង់​សហជីព​ដោយ​ដៃ​»។

​​នៅ​ឆ្នាំ​​២០១២ ដោយមើលឃើញ​ពី​​ភាព​សកម្ម​ក្នុង​​ការ​តស៊ូមតិ និង​​ការ​​​ទាមទារ​លក្ខខណ្ឌ​ការ​ងារ​​​ល្អ​ប្រសើរផង​នោះ កញ្ញា ស៊ីថរ ត្រូវ​​បាន​បុគ្គលិក​នៅក្រុមហ៊ុន​​ណា​ហ្គា ​ជ្រើស​រើស​​​ជា​​អនុ​ប្រធាន​​សហជីព និងបន្តបន្ទាប់មក កញ្ញាត្រូវ​បាន​សមាជិក​សហជីព​ផ្តល់ទំនុកចិត្ត​ជាថ្មី បោះឆ្នោត​ឱ្យ​ជាប់ជាប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្ម​ករ​ខ្មែរ​នៃ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍ នៅឆ្នាំ​២០១៤ មក​ដល់​បច្ចុប្បន្ន។​

ទោះជា​យ៉ាងណា ការ​​ចំណាយ​ពេលជាង​​មួយ​ទសវត្សរ៍​ក្នុង​វិស័យ​ការ​ងារ​ កញ្ញា​ ស៊ីថរ​ បាន​ក្លាយ​​ជា​និមិត្ត​រូប​​សម្រាប់​​កម្មករ​​ជិត ​៥០០០នាក់​ ក្នុង​ក្រុម​ហ៊ុន​ណាហ្កាវើល៍។

ក្នុង​បទ​ពិសោធន៍​​​​ជា​ប្រធាន​សហជីព ​និង​អ្នក​តស៊ូ​មតិផ្នែកសិទ្ធិ​ការ​ងារ​ជាច្រើនឆ្នាំ​មកនេះ​ កញ្ញា ឈឹម​ ស៊ីថរ ​មើលឃើញ​​ថា នៅកម្ពុជា មានការ​កេង​កម្លាំង​ពល​កម្ម និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​​កម្មករ​និយោជិត​ ពីសំណាក់​និយោជក ដូចជា ការ​ឱ្យកម្មករ​ធ្វើការលើសម៉ោង ការ​ឈប់សម្រាក​មិន​ត្រឹម​ត្រូវ​ទៅតាម​ច្បាប់ការងារ ជ្រើស​រើស​បុគ្គលិកថ្មីជារៀងរាល់​៣ខែម្តង ហើយបញ្ឈប់​បុគ្គលិក​ចាស់ និងមិន​បើកប្រាក់ខែឱ្យ​ទាន់ពេលជាដើម។

កញ្ញា​និយាយ​​ថា​៖ «ប្រទេស​របស់​យើង​​ក្នុង​​វិស័យ​​ការងារ​ កាល​ណា​កម្ម​ករ​គាត់​មាន​​ប្រាក់​ឈ្នួល​​​សម​រម្យ​ មាន​លក្ខ​ខណ្ឌ​​ការងារ​ល្អ​ វា​​នឹង​​ជួយ​​ឱ្យ​​មាន​​ការ​​គោរព​​សិទ្ធិ​​មនស្ស​ និង​​សេដ្ឋ​កិច្ច​ល្អ​​ប្រសើរ​​ជាង​​មុន​។ បើ​​ប្រទេស​​របស់​​យើង​​កំពុងជួប​រឿង​​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​ រឿង​អយុត្តិ​ធម៌[​…] នៅ​ពេល​​មក​​វិនិយោគ​នៅ​ស្រុក​ខ្មែរ​កេង​​កម្លាំង​​ពល​កម្ម ហើយ​មាន​គ្រប់​រូប​ភាព​តែ​ម្តង​។ កន្លែង​ខ្លះ​ឱ្យ​ពួក​គាត់​ធ្វើ​ជា​អ្នកស្ម័គ្រ​ចិត្ត​ ឬ​បុគ្គលិក​​ហាត់​ការ​ទាំង​ដែល​ពួក​គាត់​ធ្វើ​ការ​មិន​ចាញ់​អ្នក​បុគ្គលិក​ចាស់​ទេ​»។

កញ្ញា​បន្ថែម​​ថា៖ «ឧទាហរណ៍​​ជាក់​ស្តែង​ សហជីព​​​យើង​តែង​តែ​ទាម​ទារ​​ឱ្យ​​ណាហ្គាវើល​ដ៍​ឱ្យ​គិត​​គូរ​​ពី​ប្រាក់​ខែ​បុគ្គលិក​តាម​រយៈ​ការ​តំឡើង​ប្រាក់​ឈ្នួល​ឱ្យ​បាន​សម​រម្យ​ជូន​ពួក​គាត់​ បន្ទាប់​ពីយើង​មើល​ឃើញ​ថា​ក្រុម​ហ៊ុន​ចំណេញ​ច្រើន​ណាស់​។ ប៉ុន្តែ​ក្រុម​ហ៊ុន​ផ្តល់​ប្រាក់​ខែ​ឱ្យ​កម្មករ​តិច ជាក់​ស្តែង​មេ​នៅ​ណាហ្គាជា​ជនជាតិ​បរទេស​(ម៉ាឡេស៊ី) ពេល​គាត់​ទម្លាក់​លុយ​ចូល​ក្នុង​​ស្រុក​តិច ​ហើយ​​គាត់​​ប្រមូល​លុយ​ដែល​ចំណេញ​ទៅ​ស្រុក​​គាត់​​អស់​។ អ៊ីចឹង​បាន​ថា​សេដ្ឋកិច្ច​​បាន​ទៅ​ប្រទេស​​គេ​​ហ្នឹង​​ឯង​ មាន​បាន​មកស្រុក​យើង​ឯណា»​។

ស្របពេល​​បំពេញការងារ​ក្នុង​សហជីព កញ្ញាក៏ប្រឈម​នឹង​ការ​មិនពេញចិត្ត​ពីសំណាក់​គ្រួសារផង​ដែរ ដោយសារតែ​ពួកគាត់បារម្ភពីសុវត្ថិភាពរបស់កញ្ញា ខ្លាចមាន​ករណី​បាញ់សម្លាប់​ ដូច​ករណីលោក ជា វិជ្ជា មេដឹកនាំសហជីព លោកបណ្ឌិត កែវ ឡី អ្នកវិភាគ​សង្គម និង​លោក ឈុត វុទ្ធី សកម្មជនបរិស្ថានជាដើម​។ ទោះយ៉ាងណា កញ្ញាបានព្យាយាម​ពន្យល់ទៅគ្រួសារ ជាពិសេស​ម្តាយរបស់កញ្ញាវិញ ពីការងារ​ដែលកញ្ញា​បាន​និងកំពុង​ធ្វើ​នេះ​។​

កញ្ញា​ថ្លែង​ទាំង​អួល​ដើម​ក​​ថា៖ «​វាមិនមែន​ជា​ការជជែក​ស្រួល​ទេ​ជាមួយ​គ្រួសារ​ ជាពិសេស​រហូត​​ដល់​រឿង​រ៉ាវ​ធ្ងន់​ធ្ងររហូត​ដល់​ជាប់​ពន្ធ​នាគារ​​អ៊ីចឹង​។ យើង​ត្រូវ​ចេះ​ត្រៀម​ខ្លួន​ឆ្លើយ​​សំណួរ​គាត់[ម្តាយ​របស់កញ្ញា​​]​​​​មួយ​​ទៀត​ដែរ​​ ថា​រឿង​​ទាម​ទារ​ហ្នឹង​ជា​ប្រយោជន៍​រួម​ តែគាត់វិញថា ចុះ​ហេតុអ្វី​កូន​គាត់​ជាប់​គុក​តែឯង​»។

កាលពី​ឆ្នាំ​២០២២ កញ្ញា​ ឈឹម ស៊ីថរ​ បាន​ទទួល​ពាន​រង្វាន់​ «អ្នក​ការងារ​សិទ្ធ​មនុស្ស​ឆ្នើម» ​ពី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ហើយក្រោយមក​នៅខែមេសា ឆ្នាំ២០២៤ កញ្ញាក៏ទទួលបាន​នូវ​ពាន​រង្វាន់មួយ​ទៀត ឈ្មោះថា «The Per Anger Prize» ពីប្រទេស​​ស៊ុយ​​អ៊ែត ដែលជា​ពានរង្វាន់​សម្រាប់​អ្នក​ពារ​សិទ្ធិ​មនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ។

ការ​លះ​បង់​របស់​ប្រធាន​​​សហជីព​នៃ​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍​រូប​​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ស៊ុយអែត​យល់ថា ជាគំរូដល់សកម្មជន ឬអ្នកតស៊ូមតិផ្សេងទៀត កុំឱ្យបោះបង់ការងារដែលជាផលប្រយោជន៍​រួម​របស់​ជាតិ ទោះ​បី​ត្រូវ​ប្រឈម​នឹង​ការធ្វើទុក្ខបុកម្នេញ ឬការគំរាមកំហែងនានាពីសំណាក់​អាជ្ញាធរក៏ដោយ។ 

កញ្ញា ម៉ម សុវឌ្ឍិន អាយុ ៣៦ឆ្នាំ​ ជាសមាជិក​សហជីពទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្ម​ករ​ខ្មែរ​នៃ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍ មើលឃើញថា កញ្ញា ស៊ីថរ ជាថ្នាក់ដឹកនាំសហជីពមួយរូប ដែល​មាន​ភាព​ម៉ត់ចត់នឹងការងារ និង​ហ៊ាន​លះបង់​កម្លាំងកាយ​ចិត្តក្នុងការ​​ជួយដ​ល់​​កម្មករ​ ដែល​រង​ការ​​រំលោភ​​បំពាន​​សិទ្ធិនៅកន្លែងការងារ។

កញ្ញាថា៖ «គាត់​​(ស៊ីថរ) ជួយ​​រក​​អត្ថប្រយោជន៍​​ផ្សេងៗ ​ដូច​ជា​ ប្រាក់​ខែ​ទី​១៣ (bonuses) លុយ​​សម្រាក​​​ពេល​សម្រាល​​​កូន​​បាន​​ពេញ​​រយៈពេល​បីខែ ការបៀតបៀនលើបុគ្គលិក​ស្ត្រីកំឡុង​​ពេល​ធ្វើ​ការ ​និង​​ជា​​ពិសេស​​ទាម​ទារឱ្យ​មាន​ការ​តម្លើង​​ប្រាក់​ខែ​គោល​ឱ្យ​បានសមរម្យក្នុង​​នាម​​​ជា​​មនុស្ស»។

ជាមួយគ្នានេះ កញ្ញា សុវឌ្ឍិន ​បង្ហាញក្តីរីករាយ ដែលកញ្ញាស៊ីថរនៅបន្តរក្សា​ជំហរការពារសិទ្ធិជូនបុគ្គលិក​នៅក្រុមហ៊ុន​ណាហ្គាបន្តទៀត​ បើទោះជាកញ្ញាធ្លាប់ជាប់ពន្ធនាគារ​ ២ដង​រួចហើយក៏ដោយ។

កញ្ញា​ថ្លែង​ថា៖ «យើង​មើល​ឃើញ​ថា​ជំហរ​ថ្នាក់​ដឹក​នាំ ​ជា​ពិសេស​ប្រធាន​សហជីព​ហ្នឹង​វា​ជា​រឿង​សំខាន់​ ព្រោះ​ធម្មតា​ទេ​នៅ​ពេល​ដែល​យើងឃើញ​​គោល​ជំហរ​គាត់​ យើង​នៅ​តែ​មាន​ក្តី​សង្ឃឹម ​និង​កម្លាំង​ចិត្ត​បន្ត​ទៅ​មុខ​ទៀត​។ ដោយ​សារ​ឃើញ​ពី​ភាព​លះបង់​របស់​គាត់​(ស៊ីថរ) ទើប​ខ្ញុំ​នៅ​បន្ត(តវ៉ា)​​ដល់​សព្វ​ថ្ងៃ​នេះ​ ព្រោះ​តែ​ភាព​ខ្លាំង​របស់​គាត់​ទើប​ពួក​យើង​ជា​ក្មេង​ជំនាន់​ក្រោយ​នៅ​តែ​បន្ត​យក​គំរូ​តាម​រហូត​​»។

ចំណែក ​លោក​ អាត់ ធន់ អនុប្រធាន​សហភាព​ការងារ​កម្ពុជា​​ CLC បានបង្ហាញការ​កោត​សរ​សើរ​​ចំពោះ​​​កញ្ញា ឈឹម ស៊ីថរ ដែលបានតស៊ូ និងលះបង់​ ដើម្បីប្រយោជន៍រួមរបស់កម្ម​ករ​ បើ​ទោះ​ជា​ត្រូវ​​ប្រឈម​​នឹង​​ការ​​ជាប់ពន្ធនាគារ និងសុខសុវត្ថិភាពរបស់ខ្លួន​ក៏ដោយ។

លោក​ថ្លែង​ថា​៖ «ភាព​លះបង់​របស់​នាង​ជា​គំរូ​ល្អ​ និង​ជាសកម្មភាពដែល​ល្អ​ ព្រោះ​បង្ហាញ​ពី​ភាព​តស៊ូ​តំណាង​សហជីព​។ សហជីព​ឯករាជ្យ ​ត្រូវ​រង​ពី​ភាព​អយុត្តិធម៌​ហ្នឹង​ច្រើន​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​។ ចំណែក​ឯ​ក្រុម​ហ៊ុន​គួរ​ជជែក​បញ្ចប់​ទៅ​ ហើយ​ដោះស្រាយ​តាម​ច្បាប់​ការងារ​ឱ្យ​ពួក​គាត់​បាន​យុត្តិធម៌​សម​ស្រប​ណា​មួយ​ដែល​ក្រុម​ហ៊ុន​បាន​ផ្តល់​ឱ្យ​នោះ​»។

ត្រឡប់​មក​កាន់ កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីព​​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្ម​ករ​ខ្មែរ​នៃ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍វិញ កញ្ញាបាន​ប្រាប់ពីក្តីស្រមៃ​របស់ខ្លួននៅពេលអនាគត​ថា កញ្ញា​​​ចង់​ក្លាយ​​​ជា​​មេភូមិ ​ឬ​ចៅ​សង្កាត់​ម្នាក់ នៅពេល​មានការ​​​​បោះ​ឆ្នោត​ដោយ​សេរី និងយុត្តិធម៌ ​ដូចនៅ​​បណ្តា​​ប្រទេសលោក​​សេរី​ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ និង​ជាការ​រួមចំណែក​ក្នុងការ​ជួយ​អភិវឌ្ឍន៍​សង្គម​ជាតិ។

តែយ៉ាងណា នេះគ្រាន់តែជាក្តីស្រម៉ៃនៅពេលអនាគត ប៉ុន្តែពេល​បច្ចុប្បន្ន កញ្ញានៅ​តែបន្តការ​ងារសហជីព ដោយយកគំរូតាមវីរភាពរបស់​លោក ជា មុនី និង​លោកបណ្ឌិត​ កែម ឡី ដើម្បីជួយ​ដល់កម្មករ និង​ប្រជាពលរដ្ឋ​​ ​ក្នុងការ​ទាមទារ​សិទ្ធិ​សេរីភាព និងលក្ខខណ្ឌ​ការ​ងារ​​ល្អ​ប្រសើរ។​​

កញ្ញាបាន​និយាយ​ថា​​៖ «ខ្ញុំ​អត់​ទៅ​ណា​ទៀត​ទេ​ គឺ​​ខ្ញុំ​នឹង​នៅ​វិស័យ[ការ​ងារ​​]​ហ្នឹង​​រហូត​ ទោះ​​បី​រៀន​​ចប់​​ក៏​​ដោយ​ ហើយ​​​មាន​គេ​​ផ្តល់​​ប្រាក់​​ខែ​​ថ្លៃ​​ជាង​​ប្រាក់​ខែ​​ដែល​​ខ្ញុំ​​ធ្វើ​ការនៅ​ណាហ្កាវើល៍​ក៏​ដោយ។ បើ​ប្រជាជន​ ១៧លាន​នាក់ ​ត្រូវ​បាន​គេទិញ​ឧត្តម​គតិ​ ​ហើយ​ទៅ​នៅ​ក្រៅ​ប្រទេស តែសុំ​ដក​​ក្បាល​ ឈឹម ស៊ីថរ ចេញ​ ក្បាល​ហ្នឹង​លក់​​អត់​បាន​ទេ​ […] ពេល​ណា​​​គេ​​បន្ថែម​​រឿង​​អយុត្តិធម៌​​ឱ្យ​​ខ្ញុំ​​កាន់​​តែ​ច្រើន​ វា​ជា​កម្លាំង​ចិត្ត​ឱ្យ​ខ្ញុំ​វិញ​ទេ។ ជា​ទូទៅ​ ​ដើម្បី​បំបាក់​​មនុស្ស​​ណា​ម្នាក់​​ដែល​ហ៊ាន​​តវ៉ា​​​ពី​​ការ​ងារ​​សង្គម​​ទៀត​ គេ​ចោទ​ប្រកាន់​ គេ​លាប​ពណ៌​​ និង​ចាប់​ដាក់​ពន្ធនាគារ​អ៊ីចឹង​ទៅ​។ តែ​សម្រាប់​ខ្ញុំ​នៅ​ពេល​ចួប​​រឿង​​អយុត្តិធម៌​មួយ ​​កម្លាំង​ចិត្ត​កើន​មួយ​ បើ​ចួប​ច្រើន​ ក៏​កើត​តាម​ហ្នឹង​រហូត​ទៅ​ដើម្បី​​​បន្ត​​ឆន្ទៈ ​និង​ការពារ​វិស័យ​សិទ្ធិ​មនុស្សនៅ​កម្ពុជា​យើង​កាន់​តែ​ខ្លាំង​​​»៕

………………………………..

អត្ថបទដោយ៖ ណឺ មិនា​

អត្ថបទមុន

អង្គការសិទ្ធិ​មនុស្សថា ​​ពន្ធនាគារនៅកម្ពុជា​មាន​ភាពចង្អៀតណែនខ្លាំង​ ដែល​ទាម​ទារឱ្យ​មាន​ការ​កែលម្អ​​ជា​បន្ទាន់​

អត្ថបទបន្ទាប់

ជនជាតិ​ដើម​ភាគ​តិចនៅក្បាលរមាសចាស់ជំរុញឱ្យចុះបញ្ជីដីសមូហភាពក្រោយរងគ្រោះពីវារីអគ្គិសនី៧ឆ្នាំ

អត្ថបទបន្ទាប់
ជនជាតិ​ដើម​ភាគ​តិចនៅក្បាលរមាសចាស់ជំរុញឱ្យចុះបញ្ជីដីសមូហភាពក្រោយរងគ្រោះពីវារីអគ្គិសនី៧ឆ្នាំ

ជនជាតិ​ដើម​ភាគ​តិចនៅក្បាលរមាសចាស់ជំរុញឱ្យចុះបញ្ជីដីសមូហភាពក្រោយរងគ្រោះពីវារីអគ្គិសនី៧ឆ្នាំ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង