ពលរដ្ឋមួយចំនួនរស់នៅក្នុងខេត្ដបាត់ដំបង បានរិះគន់ចំពោះអាជ្ញាធរថា បានធ្វើផ្លូវក្នុងក្រុងមួយនេះ មានភាពយឺតយ៉ាវ ហើយបានបង្កការរំខានដល់រស់នៅ និងការប្រកបមុខរបបរកស៊ី រួមទាំងបង្កផលប៉ះ ពាល់សុខភាពរបស់ពួកគាត់។
កញ្ញា រួម តុលា នៅក្រុងបាត់ដំបង់ប្រាប់ពលរដ្ឋសារព័ត៍មានថា ផ្លូវនៅក្នុងក្រុងបាត់ដំបងត្រូវបានអាជ្ញាធរជួសជុសឡើងវិញជាច្រើនឆ្នាំមកហើយ ដោយរហូតពេលនេះ កន្លែងខ្លះពុំទាន់ធ្វើរួចនៅឡើយទេ។
កញ្ញា អះអាងថា កំណាត់ផ្លូវមួយចំនួនក្នុងក្រុងបាត់ដំបង គឺពិបាកធ្វើដំណើរជាខ្លាំងជាពិសេសនៅរដូវស្សា ដោយពេលភ្លៀងម្ដងៗដក់ទឹកក្នុងក្រឡុក និងមានក្រឡុកធំៗពិបាកធ្វើដំណើរ ហើយនៅរដូវ ប្រាំងវិញដីកហុយខ្លាំង ជាពិសេសនៅម្ដុំទួលតាឯក ផ្សារណាត់ ផ្សារថ្មី និងព្រាបសជាដើម។
កញ្ញា រួម តុលា បន្ថែមថា កំណាត់ផ្លូវទាំងនេះ តែងតែបង្កគ្រោះថ្នាក់ចរាចរណ៍ជាញឹមជាប់ ខណៈពេល ផ្លូវកំពុងជួសជុសឡើងវិញនោះ។
កញ្ញាលើកឡើងថា៖ «អភិបាលក្រុងមានភាពចន្លោះប្រហោងក្នុងការត្រួតពិនិត្យទៅលើផ្លូវក្នុងក្រុង ក្នុងនាមជាអ្នកដឹកនាំក្នុងខេត្តបាត់ដំបងគួរតែពិនិត្យ និងធ្វើផ្លូវឱ្យបានស្អាតស្រួលក្នុងការធ្វើដំណើរព្រោះក្នុងក្រុងជាទីកន្លែងប្រជុំជន»។
ពលរដ្ឋនៅក្រុងបាត់បងម្នាក់ទៀត លោក អឿន អូន និយាយថា ផ្លូវនៅក្រុងបាត់ដំបងស្អាតមានតែនៅក្បែរសួនសម្ដេច ស ខេង វិមានឯករាជ្យ និងនៅមុខលោកតាដំបងក្រញូងប៉ុណ្ណោះ ក្រៅពីនេះ គឺផ្លូវខូចដោយមានក្រឡុកធំៗ និងដីហុយ។
លោកដាក់ការសង្ស័យថា អ្នកធ្វើផ្លូវថ្នល់អាចមិនមានចំណេះជំនាញធ្វើផ្លូវពិតប្រាកដ ដោយលោកថា ពីមួយឆ្នាំទៅមួយឆ្នាំ គឺឃើញតែដីហុយ និងក្រឡុកកើតឡើងពេញផ្លូវ។
លោក អឿន អូន លើកឡើងថា នៅក្នុងប្រទេសកំពុងអភិវឌ្ឍន រឿងដែលចាំបាច់បំផុតនោះ គឺកសាងផ្លូវឱ្យស្អាតល្អ ដោយលោកថា កាលណាផ្លូវស្រួលធ្វើដំណើរហើយ វានឹងធ្វើឱ្យសេដ្ឋកិច្ចរីកចំរើន ដោយសារការដឹកជញ្ជូនទំនិញស្រួល ហើយវិស័យផ្សេងៗក៏ដំណើរការល្អផងដែរ។
លោកលើកឡើងថា៖ «បើយើងនិយាយទៅរឿងផ្លូវក្រឡុកឬដីវាហុយ ជាតួនាទីថ្នាក់ដឹកដោះស្រាយព្រោះប្រទេសរបស់យើងគឺយើងពឹងផ្អែកទៅលើអ្នកដឹកនាំ អភិបាលខេត្តអភិបាលក្រុងព្រោះពួកគាត់ជាអ្នកបំរើពលរដ្ឋ បំពេញចន្លោះខ្វះខាត ខ្ញុំឃើញធ្វើផ្លូវកាយផ្លូវដាក់លូរហូតធ្វើបានមួយរយៈផ្លូវចាប់ផ្ដើមខូចបន្តទៀតបន្ទាប់ទៀត» ។
ពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការឆ្លើយតបពីអភិបាលក្រុងបាត់ដំបងលោក លាង វាសនា បានទេ ពាក់ព័ន្ធការលើករបស់ពលរដ្ឋនេះ ដោយលោកប្រាប់ថា ជាប់រវល់ប្រជុំ។
អ្នកសម្រប់សម្រួលអង្គការអាដហុកប្រចាំខេត្ដបាត់ដំបងលោក ផៃ ស៊ីភាង មានប្រសាសន៍ថា បញ្ហាផ្លូវក្នុងក្រុងបាត់ដំបងខូច ហើយបង្កផលប៉ះពាល់ដល់ពលរដ្ឋនេះ គឺជាប់ពាក់ព័ន្ធជាមួយយគម្រោងជួសជុលផ្លូវ និងការអភិវឌ្ឍន៍របស់រដ្ឋបាលក្រុងបាត់ដំបង។
លោកបន្តថា ដើម្បីដោះស្រាយបញ្ហានេះ គឺអាជ្ញាធរពាក់ព័ន្ធត្រូវបញ្ជាក់ពីពេលវេលាឱ្យបានជាក់លាក់ក្នុងការសាងសង់ផ្លូវឱ្យបញ្ចប់ ដើម្បីកុំឱ្យប៉ះពាល់ដល់សន្តិអារម្មណ៍ និងសុខភាពរបស់ប្រជាពលរដ្ឋ។ លោក បន្ថែមថា រាល់ការអភិវឌ្ឍន៍ត្រូវមានផែនការច្បាស់លាស់ជៀសវាងធ្វើម្តងហើយម្តងទៀត ដោយខ្វះលូ ឬខ្វះបណ្តាញភ្លើងជាដើម។
លោកលើកឡើងថា៖ «អ្វីដែលសាលាក្រុងគួធ្វើលើទឹកចិត្តជូនជាយោបល់គួតែមានការផ្សព្វផ្សាយព័ត៌មានអំពីការអភិវឌ្ឍន៍ហ្នឹងឱ្យបានទូលំទូលាយជាពិសេសពេលវេលាតែម្ដង។ បើថាគម្រោងហ្នឹងត្រូវលើកពេល យើងច្បាស់ថា ត្រូវបានលើកពេល បញ្ជាក់ជូនប្រជពលរដ្ឋដែលគាត់រស់នៅតាមតំបន់ដែលត្រូវគាសជីកកាយ។ ហើយបើសិនជាមិនលើកពេលទេ យើងគួរតែជូនព័ត៌មានឱ្យជាក់លាក់ទៅកាន់ពួកគាត់ជៀសវាងការលើកឡើងថា ការឈូសឆាយហ្នឹងដូចជាមិនមានភាពច្បាស់លាស់ ហើយរង់ការចោទប្រកាន់ពីប្រជាពលរដ្ឋថា អត់មានភាពច្បាសលាស់ក្នុងការអភិវឌ្ឍន៍» ។
អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ថ្លែងក្នុងកម្មវិធីមួយ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ដោយលោកបានស្តីបន្ទោសដល់មន្ត្រីក្រោមឱវាទ ជាពិសេសអាជ្ញាធរថ្នាក់ខេត្ត ស្រុក និងឃុំមួយចំនួន ដែលមិនយកចិត្តដាក់អភិវឌ្ឍន៍ ឬជួសជុលផ្លូវក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
លោក ស ខេង បានបញ្ជាដល់មន្ត្រីទាំងនោះ ឱ្យពង្រឹងការយកចិត្តទុកដាក់ និងអភិវឌ្ឍន៍ផ្លូវក្នុងមូលដ្ឋានរបស់ខ្លួនឡើងវិញ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។
លោកបន្ថែមថា៖ «អៀនខ្មាស់គាត់[ពលរដ្ឋ]ណាស់។ អៀនខ្មាស់ត្រង់ថា ផ្លូវហ្នឹងវាភក់វាល្បាប់អីចឹងហើយ វាអត់មានពីណាពីណាគិត អត់មានពីណាគិត។ យើងថា សុំឱ្យប្រជាពលរដ្ឋបោះឆ្នោតឱ្យ បោះឆ្នោតឱ្យយ៉ាងម៉ិច។ បើយើងអត់បម្រើគាត់ផង។ យើងនិយាយឱ្យអស់ ឱ្យអីចឹងហាស។ ហើយផ្លូវប៉ុណ្ណឹងយើងធ្វើមិនកើតអី»។
……………………………….
អត្ថបទដោយ៖ ជា វុទ្ធី ពលរដ្ឋអ្នកសារព័ត៌មានប្រចាំខេត្តបាត់ដំបង