CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

សកម្មជន​បរិស្ថាន​ជំរុញ​ឱ្យ​ការ​ដេញ​ថ្លៃ​ប្រមូល​អនុផល​ព្រៃ​ឈើ​ពី​​គម្រោង​​វារីអគ្គិសនី​ស្ទឹង​តាតៃ​លើ​ធ្វើ​ឡើង​ដោយ​តម្លាភាព​

Admin ដោយ Admin
November 9, 2024
ក្នុង បរិស្ថាន, ព័ត៌មាន
0
ទិដ្ឋភាពនៃការសាងសង់នៃគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុងកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ (រូបភាពហ្វេសប៊ុកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត)

ទិដ្ឋភាពនៃការសាងសង់នៃគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុងកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ (រូបភាពហ្វេសប៊ុកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត)

0
ចែករំលែក
81
ចំនួនមើល

អ្នកស្រលាញ់បរិស្ថាន បានលើកឡើងថា ដើម្បីឱ្យការដាក់ដេញថ្លៃការប្រមូលអនុផលព្រៃឈើ​ក្នុងអាងស្តុកទឹកគម្រោង​វារីអគ្គិសនីស្ទឹងតាតៃលើ មានតម្លាភាពនិងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាននោះ ​រដ្ឋាភិបាល និងអាជ្ញាធរ​ ត្រូវធ្វើឡើងឱ្យបានទូលំទូលាយ និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសពលរដ្ឋមូលដ្ឋាន ដើម្បីឱ្យពួកគាត់បានដឹងឮនិងចូលរួមតាមដានសកម្មភាពប្រមូលអនុផលព្រៃឈើតំបន់នោះ។ ​

ការលើកឡើងនេះ ក្រោយពេលអគ្គនាយដ្ឋានតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថាន បានប្រកាសជូនដំណឹងកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ពីការដាក់ដេញថ្លៃប្រមូល អនុផលព្រៃឈើប៉ាន់ស្មានដែលអាចប្រមូលបានក្នុងអាងស្តុកទឹកនៃគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ ខេត្តកោះកុង។

ក្នុងលិខិតជូនដំណឹងឱ្យដឹងថា គណៈកម្មការដេញថ្លៃប្រមូលផល អនុផលព្រៃឈើ ក្នុងការសម្អាតអាងស្តុកទឹក នៃគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើបាន ជូនដំណឹងដល់សាធារណជនថា គណៈកម្មការ នឹងធ្វើការដាក់ដេញថ្លៃជាសាធារណៈ នូវផល អនុផលព្រៃឈើ បានវាយតម្លៃប៉ាន់ស្មានធនធានព្រៃឈើ ដែលអាចប្រមូល ដើម្បីបង់ថ្លៃសួយសារ និង​បុព្វលាភ ចូលថវិកាជាតិ នៃគម្រោងវារីអគ្គិសនីស្ទឹងតាតែលើ។

សេចក្តីជូនដំណឹងនេះបន្តថា គម្រោងវារីអគ្គិសនីស្ទឹងតាតៃលើស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង មានឈើឈរចម្រុះ ប្រភេទចំនួនជាង៧ពាន់ម៉ែត្រគូប(៧២១៤ម៉ែត្រគូប)តម្លៃមូលដ្ឋានមានទំហំជាង៤៤៥ ១៤២ដុល្លារ។ ដោយឡែក កូនឈើចម្រុះប្រភេទសរុបចំនួន១៦ ៨០៥ដើម និងអុសសរុបចំនួន ៨ ៦៨៨ស្ទែរ មានតម្លៃជិត៤ពាន់លានរៀល(៣​ ៩៧៣​ ៣២១​ ០០០រៀល)ឬ ស្មើប្រមាណ១លានដុល្លារ។

ប្រភពដដែលបន្តថា រូបវន្តបុគ្គល និងនិតីបុគ្គល អាចចូលរួមដេញថ្លៃ ហើយអាចស្នើសុំរកពាក្យ និងដាក់ពាក្យនៅក្រសួងបរិស្ថានពីថ្ងៃទី៦ ខែវិច្ឆិកា ដល់ថ្ងៃទី៥ ខែធ្នូ ហើយការដេញថ្លៃនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង៩ ព្រឹក នៅអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថាន។

ប្រធានកម្មវិធីបណ្តាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងអភិវឌ្ឍន៍ លោក សាន់ ម៉ាឡា បានលើកឡើងថា ការជូនដំណឹងរបស់អគ្គនាយកដ្ឋានការពារធម្មជាតិនេះពីគម្រោងដាក់ដេញថ្លៃប្រមូលអនុផលព្រៃឈើតំបន់ស្ទឹងតាតៃនេះ ជាការវិវឌ្ឍវិជ្ជមានមួយនៃតម្លាភាពក្នុងវិស័យព្រៃឈើរបស់រដ្ឋាភិបាល ត្បិតកន្លងមកសកម្មភាពបែបនេះច្រើនគេធ្វើមិនបានទូលំទូលាយឬក៏ស្ងាត់កំបាំងតែម្តង។  លោកបន្តថា ដើម្បីឱ្យដំណើរការនេះកាន់តែមានតម្លាភាព និងជៀសវាងបាត់បង់ព្រៃឈើលើសពីចំណុចត្រូវប្រមូលផលនោះ អាជ្ញាធរគប្បីបើកទូលាយឱ្យពលរដ្ឋមូលដ្ឋាន សង្គមស៊ីវិល អ្នកស្រលាញ់បរិស្ថាន ឬអ្នកពាក់ព័ន្ធផ្សេងទៀតបានចូលស្តាប់ក្នុងពេលដាក់ដេញថ្លៃ ទាំងតម្លៃ ទាំងទីតាំងពិតប្រាកដ។

លោក សាន់ ម៉ាឡា៖ « ខ្ញុំគិតថា​ វាជាចរន្តវិជ្ជមានមួយដែលល្អប្រសើរ និងជំរុញឱ្យប្រទេសកម្ពុជារបស់យើង អាចធានាបាននូវតម្លាភាព ក៏ដូចជាការទទួលខុសត្រូវពាក់ព័ន្ធនឹងការដកហូតធនធានធម្មជាតិ។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងដំណើរការដេញថ្លៃទាំងមូលហ្នឹង រដ្ឋត្រូវតែធ្វើម៉េច កសាងនូវជំនឿចិត្តសម្រាប់មហាជន ដែលអាចនិយាយបានថា មិនមានការគប់គិតគ្នា មិនមានការសូកប៉ាន់ នៅក្នុងដំណើរនៃការដេញថ្លៃ»។ ​

ពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការឆ្លើយតបពីលោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានបានទេ។

យ៉ាងណា លោកសាន់ ម៉ាឡា និយាយថា ទោះតិចឬច្រើនគម្រោងដាក់ដេញថ្លៃប្រមូលផលអនុផលព្រៃឈើដែលអាចប្រមូលបានក្នុងអាងស្តុកទឹក វារីអគ្គិសនីស្ទឹងតាតៃ នេះនឹងបង្កផលប៉ះពាល់ដល់បរិស្ថាន និងជីវៈចម្រុះនៅតំបន់នោះ ព្រមទាំងប៉ះពាល់ដល់ការរស់នៅរបស់មនុស្សជាតិផងដែរ។ លោកបន្ថែមថា ប្រសិនបើការកាប់បំផ្លាញនោះមានលក្ខណៈជាទ្រង់ទ្រាយធំ ហើយមិនមាននិរន្តរភាពទេ វានឹងរួមចំណែកធ្វើឱ្យឡើងកម្តៅនៃភពផែនដី ហើយក៏បង្កផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនមូលដ្ឋានដែលរស់ពឹងអាស្រ័យផលលើអនុផលព្រៃឈើផងដែរ។

អ្នកស្រលាញ់បរិស្ថានរូបនេះនិយាយថា ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ការដកហូតឈើយកមកប្រើប្រាស់ ការដកហូតធនធានធម្មជាតិមកអភិវឌ្ឍន៍ប្រទេស គឺជារឿងចាំបាច់មួយ ដោយជៀសមិនផុត ប៉ុន្តែប្រសិនបើ រដ្ឋាភិបាលមិនអាចធានាបាននូវនិរន្តរ៍ភាព តម្លាភាព មិនគោរពច្បាប់ទេ នោះការដកហូតឈើឬធនធានធម្មជាតិទាំងនោះ នឹងបណ្តាលឱ្យប្រទេសកាន់តែក្រីក្រថែមទៀត។

លោក សាន់ ម៉ាឡា ផ្តល់អនុសាសន៍ថា ការដកហូតធនធានធម្មជាតិទាំងអស់ដាច់ខាតត្រូវធ្វើឡើងដោយស្របទៅតាមច្បាប់ និងគោលនយោបាយនានា។ បន្ថែមពីនេះទៀត ត្រូវធ្វើឡើងប្រកបដោយតម្លាភាព ចិរភាព និងការទទួលខុសត្រូវ។ លោកថា ចុងក្រោយនោះ រដ្ឋាភិបាលត្រូវធានាថា ធនធានធម្មជាតិទាំងអស់គឺជាទ្រព្យសម្បត្តិរួមរបស់ជាតិ ហើយការដកហូតធនធានធម្មជាតិ ឬធ្វើអាជីវកម្ម ដាច់ខាតត្រូវបម្រើទៅដល់ផលប្រយោជន៍រួម មិនមែនដើម្បីតែមនុស្សមួយក្រុម ឬអ្នកមានលុយ មានអំណាច រកស៊ីដើម្បីតែភាពមានបានរបស់ខ្លួន ហើយបង្កភាពឈឺចាប់ដល់ពលរដ្ឋមូលដ្ឋាននោះឡើយ។

កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣​ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង។

របាយការណ៍ដែលមន្ត្រីរដ្ឋាភិបាលបានអានក្នុងឱកាសនោះឱ្យដឹងថា គម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ គឺជាគម្រោងវារីអគ្គិសនី ដែលវិនិយោគដោយក្រុមហ៊ុន China National Heavy Machinery Corporation (CH MC)។ គម្រោងវារីអគ្គិសនីនេះ ប្រើប្រាស់ប្រភពទឹករបស់ស្ទឹងចំនួន២ រួមមានស្ទឹងកែប និងស្ទឹងតាតៃ។ គម្រោងនេះត្រូវសាងសង់ទំនប់២ កាត់ស្ទឹងទាំង ២ បង្កើតជាអាងស្តុកទឹក២ ភ្ជាប់គ្នាទៅវិញទៅមក ដោយទួណែលបង្ហូរទឹកក្រោមដី។ ប្រភពទឹក ដែលតភ្ជាប់គ្នានេះ គ្រោងទម្លាក់យកមកផលិតថាមពលអគ្គិសនី នៅអគារថាមពល ដែលមានអានុភាពសរុប ១៥០មេហ្គាវ៉ាត់ ស្ថិតនៅចម្ងាយ ១៣គីឡូម៉ែត្រ ក្រោមទំនប់ទឹកស្ទឹងកែប តាមបំពង់ទួណែល បង្ហូរទឹកក្រោមដី។

គម្រោងនេះ នឹងត្រូវធ្វើឡើងក្រោមរូបភាពជាគម្រោង វិនិយោគសាងសង់ -ដំណើរការ -ផ្ទេរ (Build-Operation-Transfer) ក្នុងទំហំវិនិយោគ សរុបជិត៤០០លានដុល្លារអាម៉េរិក។

គម្រោងវារីអគ្គិសនីនេះ ផ្ដល់សម្បទានរយៈពេល ៣៩ឆ្នាំ ក្នុងនោះរយៈពេល ៤ឆ្នាំ សម្រាប់ការសាងសង់ និង ៣៥ឆ្នាំ សម្រាប់ការធ្វើអាជីវកម្ម។ បរិមាណមូលដ្ឋាន នៃថាមពលអគ្គិសនីផលិតប្រចាំឆ្នាំលក់ឱ្យអគ្គិសនីកម្ពុជា គឺជាមធ្យមប្រមាណ ៥២៧លាន គីឡូវ៉ាត់ម៉ោង។

……………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ

អត្ថបទមុន

អ្នក​តាម​ដាន​សម្ដែង​ការ​បារម្ភ​ពី​ការ​ធ្លាក់​ចុះ​សីលធម៌​ក្នុង​សង្គម​

អត្ថបទបន្ទាប់

ក្រសួង​បរិស្ថាន​​ធ្វើ​​យុទ្ធនាការ​«ថ្ងៃនេះ​ ខ្ញុំ​មិន​ប្រើប្រាស់​ប្លាស្ទិក​»​​​ជាង​១​ឆ្នាំ​មាន​អ្នក​ចូលរួម​ជាង​៩​លាន​អង្គ/នាក់​​

អត្ថបទបន្ទាប់
ទិដ្ឋភាពមន្ទីរបរិស្ថានខេត្តកោះកុង ដឹកនាំមន្ត្រី រួមជាមួយអាជ្ញាធរមូលដ្ឋាន សិស្សានុសិស្សាជាច្រើននាក់ បានចូលរួមសម្អាតអនាម័យបរិស្ដាន និងធ្វើយុទ្ធនាការផ្សព្វផ្សាយ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស់ស្ទិកទេ» នៅតាមដងផ្លូវ វិថីសាយ ភូថង កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ (ហ្វេប៊ុកក្រសួងបរិស្ថាន)

ក្រសួង​បរិស្ថាន​​ធ្វើ​​យុទ្ធនាការ​«ថ្ងៃនេះ​ ខ្ញុំ​មិន​ប្រើប្រាស់​ប្លាស្ទិក​»​​​ជាង​១​ឆ្នាំ​មាន​អ្នក​ចូលរួម​ជាង​៩​លាន​អង្គ/នាក់​​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង