CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី រឿងនិទាន - Oxfam Project

អត្ថបទនិទាន៖ ជីវិតចុងក្រោយរបស់ស្រ្ដីមានផ្ទុកជំងឺអេដស៍នៅខេត្តស្វាយរៀង

Admin ដោយ Admin
November 16, 2023
ក្នុង រឿងនិទាន - Oxfam Project
0
អត្ថបទនិទាន៖ ជីវិតចុងក្រោយរបស់ស្រ្ដីមានផ្ទុកជំងឺអេដស៍នៅខេត្តស្វាយរៀង

អ្នកស្រី អ៊ឹម សាមុល និងចៅស្រីកំព្រាកំពុងអង្គុយនៅគ្រែក្នុងរោងតូចមួយនៅខាងមុខផ្ទះនៅថ្ងៃទី11 ខែតុលា ឆ្នាំ2023។ (រូបភាព៖ សួន វុត្ថា)

0
ចែករំលែក
199
ចំនួនមើល

យើងគ្រប់គ្នាអាចនៅតែមានអារម្មណ៍ភ័យខ្លាចនៅពេលលឺពីឈ្មោះជំងឺអេដស៍ ដោយសារវាគឺជំងឺកាចសាហាវ និងពុំទាន់មានថ្នាំព្យាបាល១០០ភាគរយនៅក្នុងប្រទេសកម្ពុជា។ ម្យ៉ាងទៀត គេអាចដាក់ស្ដីបន្ទោសលើអ្នកចម្លងជំងឺនេះទៅអ្នកផ្សេងទៀត ហើយរើសអើងអ្នកផ្ទុកជំងឺនេះ។

ស្ដ្រីម្នាក់នៅឯខេត្ដស្វាយរៀង គឺជាជនរងគ្រោះម្នាក់នៃជំងឺនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ និងកំពុងរស់នៅតែឯង ដោយពុំមានទីពឹង ពុំមានការគាំទ្រពីសង្គម និងហាក់ដូចជារស់នៅក្នុង​ស្បៃងងឹងសូន្យសុងនៃឆាកជីវិត ដែលរងចាំតែពេលវេលាជីវិតចុងក្រោយប៉ុណ្ណោះ។ 

ឆ្លងជំងឺអេដស៍ពីប្ដី  

អ្នកស្រី អ៊ឹម សាមុល មានរូបរាងកាយស្គមសម្បុរខ្មៅ និងស្បែកជ្រីវជ្រួញ ព្រមទាំងមានប​ន្ទុកចិញ្ចឹមចៅស្រីកំព្រាអាយុ៦ឆ្នាំម្នាក់ទៀត។ បច្ចុប្បន្ន គាត់រស់​នៅភូមិមហាសួន ឃុំស្វាយយា ស្រុកស្វាយជ្រុំ ខេត្ដស្វាយរៀង។​ អ្នកស្រីនៅសល់តែប្អូនស្រីបង្កើតម្នាក់គត់ ដែលជាបងប្អូនភ្លោះជាមួយគ្នា និងក៏រស់នៅក្នុងភូមិជាមួយគ្នាផងដែរ។

រស់នៅក្នុងផ្ទះចាស់តូចមួយដំបូលប្រក់ដោយស័ង្កសីចាស់ៗ ដោយកន្លែងខ្លះដាច់រហែកដោយដុំៗ ខណៈជញ្ជាំងផ្ទះនៅត្រង់ផ្នែកខ្លះធ្វើពីដើមឬស្សី និងទ្រាំទ្ររស់នៅក្នុងជីវភាពក្រខ្សត់អត់ឃ្លាន និងមានជំងឺដ៏កាចសាហាវប្រចាំកាយ។ ​

អង្គុយនៅលើគ្រែក្នុងរោងតូចមួយនៅចំពីខាងមុខផ្ទះ ស្រ្ដីវ័យ៦៣រូបនេះបានដំណាលពីរឿងរ៉ាវដែលគាត់បានឆ្លងជំងឺអេដស៍នេះពីប្ដីជាច្រើនឆ្នាំមកហើយ និងពុំចាំឆ្នាំជាក់លាក់នោះទេ។ មុនដំបូង ប្ដីរបស់គាត់បានធ្លាក់ខ្លួនឈឺធ្ងន់ រហូតដល់ស្លាប់បាត់បង់ជីវិត ដោយមិនដឹងថា បានកើតជំងឺអ្វីនោះទេ។ ក្រោយពេលប្ដីលាចាកលោកទៅនោះ សុខភាពរបស់អ្នកស្រី អ៊ឹម សាមុល ក៏ចាប់ផ្ដើមធ្លាក់ខ្លួនឈឺធ្ងន់ផងដែរ ហើយក៏មិនបានដឹងថា ជាជំងឺអ្វីឱ្យប្រាកដ និងចេះតែព្យាបាលជំងឺនេះជាមួយគ្រូពេទ្យនៅក្នុងភូមិ។

ក្រោយបាត់បង់ប្ដី និងពុំមានកូនបន្សល់ពីចំណងអាពាហ៍ពិពាហ៍នេះ អ្នកស្រីបានបង្ខំចិត្តលក់ដីស្រែដើម្បីមើលជំងឺ ប៉ុន្ដែមិនបានធូរស្រាលឡើយ។ ជំងឺនេះចេះតែបន្ដធ្វើទុក្ខកាន់តែខ្លាំងឡើងៗ ដូចជា ក្ដៅក្នុងខ្លួន រាគ ឈឺពោះ ហេវហត់ និងអស់កម្លាំង និងពេលខ្លះ ដកដង្ហើមមិនដល់គ្នាទៀតផង។ នៅពេលរាគខ្លាំងម្ដងៗ អ្នកស្រីតែងដើរទៅបន្ទោរបង់នៅតាមគម្ពោធព្រៃក្នុងភូមិ ដោយសារនៅក្នុងផ្ទះគ្មានបង្គន់អនាម័យប្រើប្រាស់។

ជំងឺធ្វើទុក្ខកាន់តែខ្លាំង ប្រាក់ក៏អស់ពីខ្លួនដោយសារថ្លៃព្យាបាលជំងឺ ហើយអាហារក៏គ្មានសល់សម្រាប់ហូបចុក។ ក្នុងមួយថ្ងៃ អ្នកស្រីហូបបាយបានតែមួយពេលប៉ុណ្ណោះ អាចហូបបានតែពេលព្រឹក ឬពេលល្ងាច ពោលគឺបើហូបបាយពេលល្ងាច គឺពេលព្រឹកគាត់មិនមានអ្វីសម្រាប់ហូបនោះទេ។

ក្រោយពីព្យាបាលជំងឺអស់ជាច្រើនខែមិនបានធូរស្រាល ក៏មានអ្នកភូមិរបងជាមួួយបានណែនាំឱ្យទៅធ្វើតេស្តឈាមរកមេរោគអេដស៍។ អ្នកស្រីបានសម្រេចចិត្តទៅធ្វើតេស្តឈាមនៅក្នុងមន្ទីរពេទ្យមួយកន្លែងនៅរាជធានីភ្នំពេញ ដោយលទ្ធផលបង្ហាញថា អ្នកស្រីមានផ្ទុកមេរោគអេដស៍។

នៅពេលដឹងថា ខ្លួនមានផ្ទុកមេរោគអេដស៍ អ្នកស្រីបានបាក់ទឹកចិត្តយ៉ាងខ្លាំង និងមិនចង់នៅរស់បន្តទៀតនោះទេ គឺចង់ស្លាប់ទៅតាមប្ដី។ ប៉ុន្ដែដោយសារមានការលើកទឹកចិត្តពីក្រុមគ្រូពេទ្យ និងបងប្អូន​​​នោះ អ្នកស្រីអាចឱ្យកម្លាំងចិត្តដល់ខ្លួនឯងម្ដងទៀត ព្រោះថាអ្នកផ្ទុកជំងឺអេដស៍ មិនមែនមានតែគាត់ម្នាក់នោះទេ។​ កត្តាទាំងនេះហើយគឺជាកម្លាំងចិត្ដធ្វើឱ្យអ្នកស្រីបន្ដដំណើរជីវិតទៅមុខទៀតទាំងងមានជំងឺកាចសាហាវនេះក្នុងខ្លួន។

ក្រោយពីទទួលបានការលើកទឹកចិត្ដពីក្រុមគ្រូពេទ្យ និងមនុស្សរស់នៅជុំវិញខ្លួន ហើយទទួលបានថ្នាំព្យាបាលប្រចាំថ្ងៃ អាការៈរោគដែលបានធ្វើទុក្ខកន្លងមក បានធូរស្រាលបន្តិចម្ដងៗពីមួយថ្ងៃទៅមួយថ្ងៃ។ ជារៀងរាល់បីខែម្ដង អ្នកស្រីត្រូវធ្វើដំណើរទៅភ្នំពេញដើម្បីបើកថ្នាំយកមកលេបជាប្រចាំថ្ងៃ។

​អ្នកស្រីលើកឡើងថា៖ «រស់នៅបាក់កម្លាំងខ្លួនឯងលែងសូវមានកម្លាំងក៏មកនៅផ្ទះមើលចៅដូចរាល់ថ្ងៃហ្នឹង។ គ្មានអីហូបទេពិបាកដែរពិបាកក្នុងការហូបចុកអត់មាន អត់មានការហូបចុកគឺពិបាកធំធេងណាស់ » ។

បន្ដជីវិតតែងតោលក្នុងខ្ទមកម្សត់

វ័យកាន់តែចាស់ កម្លាំងកាន់តែខ្សត់ខ្សោយ ជីវភាពរស់នៅខ្វះខាតគ្រប់បែបយ៉ាង និងពុំអាចធ្វើការងារបានដូចគេ ការរស់នៅសព្វថ្ងៃ គឺពឹងផ្អែកទាំងស្រុងទៅលើប្អូនស្រីជាអ្នកឧបត្ថម្ភបន្តិចបន្តួចជាប្រចាំខែ ជាពិសេសក្មួយស្រីដែលទៅធ្វើការរោងចក្រនៅរាជធានីភ្នំពេញ ដោយក្នុងមួយខែក្មួយស្រីតែងផ្ញើប្រាក់ឱ្យចំនួនប្រាំមឺុនរៀលទៅដប់មឺុនរៀល។ លុយទាំងនេះគឺទុកសម្រាប់ទិញអង្ករហូបប្រចាំថ្ងៃ និងទុកឱ្យចៅទៅរៀនស្ទើរមិនគ្រប់ផង។

អ្នកស្រីរៀបរាប់ពីជីិវិតបច្ចុប្បន្នទាំងអួលដើមកថា អ្នកស្រីស្រេកឃ្លានបន្លែ ត្រីសាច់ បង្អែម ទឹកផ្លែឈើ និងរបស់ហូបចុកមួយចំនួនទៀត ប៉ុន្ដែ គ្មានលុយសម្រាប់ទិញយកមកហូបឱ្យបានគ្រប់គ្រាន់ដូចគេ។​

អ្នកស្រីបន្តថា៖ «សំពះលើកដៃសុំអង្វរដល់អាជ្ញាធរ ក៏ដូចប្រធានភូមិ កុំឱ្យទុកខ្ញុំចោល ស្រ្ដីមេម៉ាយដូច​ខ្ញុំចាស់ជរា ហើយមានជំងឺផ្ទុកមេរោគអេដស៍។ អញ្ចឹងសូមលោកជួយដោះស្រាយខ្ញុំឱ្យផង គ្មានទីពឹង ទីទាល់ក្រ ខ្វះខាតដូចសព្វថ្ងៃហ្នឹង ខ្ញុំទៅរកអីបាន បើមានរោគប្រចាំខ្លួនលែងមានកម្លាំងកំហែង» ។

ដង្ហោយរកជំនួយពីសង្គម

និយាយមួយៗពេលខ្លះដកដង្ហើមធំម្ដងៗប្រាប់ថា អ្នកស្រីធ្លាប់បានស្នើសុំបណ្ណសមធម៌ ឬប័ណ្ណក្រីក្រពីមេភូមិដែរ ប៉ុន្ដែមិនបាន និងត្រូវបានមេភូមិស្ដីឱ្យថែមទៀត។​​ អ្នកស្រីគិតថា បណ្ណសមធម៌ឬប័ណ្ណក្រីក្រអាចជួយដល់រូបគាត់បានយ៉ាងច្រើន ព្រោះអ្នកស្រីកាន់តែចាស់កម្លាំងកាន់តែខ្សោយ ធ្វើការងារ​​លែងបាន និងទទួលបន្ទុកចិញ្ចឹមចៅស្រីកំព្រាម្នាក់ទៀត។​​​​​​​​

ជាពិសេស បណ្ណសមធម៌ឬប័ណ្ណក្រីក្រអាចជួយដោះស្រាយជីវភាពប្រចាំថ្ងៃ មានលុយទិញអង្ករហូបចុកបានគ្រប់គ្រាន់ មានប្រាក់សម្រាប់ឱ្យចៅទៅរៀន និងមានប្រាក់ឧបត្ថម្ភប្រចាំខែ។

អ្នកស្រី អ៊ឹម សាមុល បន្ថែមថា៖ «ខ្ញុំលើកដៃសំពះ[មេភូមិ] ពូហើយខ្ញុំសុំបណ្ណក្រីក្រមួយ ឱ្យខ្ញុំសុំមួយមកព្រោះខ្ញុំខ្វះខាតច្រើនណាស់ហើយខ្ញុំសព្វថ្ងៃគ្មានកម្លាំងដែរ ថាអត់ឱ្យទេប្រធានភូមិ ដល់នេះខ្ញុំថាពូឯងទុកឱ្យខ្ញុំងាប់មែន ហើយប្រធានភូមិពីនាក់គាត់ឆ្លើយព្រមគ្នាថាងាប់ៗទៅថាចឹង ដល់ចឹងខ្ញុំបាក់ទឹកចិត្ដខ្ញុំដើរចេញពីគាត់តែមួយម៉ាត់ខ្ញុំមិនស្ដីផង​។ ​អ្នកដែលទទួលបានប័ណ្ណសមធម៌ គេគ្រាន់បើជាងខ្ញុំគេមានផ្ទះនៅខ្ញុំគ្មានផ្ទះនៅផងពេលភ្លៀងម្ដងៗគ្មានកន្លែងដេកទេលិចអស់ហើយខ្ញុំរត់ឡើយដេកលើផ្ទះជាមួយប្អូន»។

មេឃុំស្វាយយាលោក សុខ សំអន អះអាងថា រាល់ថ្ងៃនេះ អាជ្ញាធរថ្នាក់មូលដ្ឋានកំពុងបើកយុទ្ធនាការធ្វើបណ្ណសមធម៌ ឬប័ណ្ណក្រីក្រជូនពលរដ្ឋ ដែលមិនទាន់ទទួលបានប័ណ្ណនេះ និងប្រាប់ឱ្យពួកគេទៅជួបជាមួយអាជ្ញាធរនៅសាលាឃុំស្វាយយា។

លោក សុខ សំអន លើកឡើងថា៖  «អាឡូវឱ្យឡើងមកធ្វើបណ្ណក្រីក្រ ខ្ញុំកំពុងតែធ្វើ តេសួរឱ្យគាត់ឡើងមកជួបខ្ញុំ។ ខ្ញុំកំពុងចុះធ្វើយុទ្ធនាការធ្វើដែរហ្នឹង មិចក៏មិនឡើងមកឃុំមកជួបខ្ញុំ» ។

ជាចុងក្រោយ អ្នកស្រី អ៊ឹម សាមុល គ្រាន់តែសង្ឃឹមថា គាត់អាចរស់នៅកំដរពេលវេលាជីវិតនៅសេសសល់ដោយសមរម្យ អាចរួមរស់ជាមួយពលរដ្ឋក្នុងភូមិដោយគ្មានរើសអើង និងទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសង្គម៕

អត្ថបទនិទានដោយ៖ លោក សួន វុត្ថា សិក្ខាកាមនៅក្នុងវគ្គបណ្ដុះបណ្ដាល “ការនិទានរឿងបែបទំនើប”

ស្លាក: ខេត្តស្វាយរៀងជំងឺកាចសាហាវជំងឺអេដស៍
អត្ថបទមុន

ពលរដ្ឋ​មួយ​ចំនួន​​​នៅ​ខេត្ដស្វាយ​រៀង​ថា​ ​ការ​បើក​លំហ​សិទ្ធិ​សេរីភាព​និង​ការ​យល់​ដឹង​ពី​ដំណើរ​ការ​​​បោះឆ្នោត​ជា​រឿង​សំខាន់​

អត្ថបទបន្ទាប់

ព្រៃឡង់​ប្រមាណ​៥០​ហិកតា​នៅ​កំពង់ធំ​ត្រូវ​បាន​កាប់​បំផ្លាញ​ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​

អត្ថបទបន្ទាប់
សកម្មភាពបណ្ដាញសហគមន៍ព្រៃឡង់ចុះល្បាតកាលពីថ្ងៃ២៨ដល៣០ខែវិច្ឆិកា ឆ្នាំ២០២៣ រកឃើញការកាប់បំផ្លាញព្រៃឈើតំបន់ព្រៃឡង់ ដើម្បីយកធ្វើជាកម្មសិទ្ធិស្ថិតនៅភូមិសំអោង ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្ដកំពង់ធំ។ (រូបភាពផ្ដល់ឱ្យ)

ព្រៃឡង់​ប្រមាណ​៥០​ហិកតា​នៅ​កំពង់ធំ​ត្រូវ​បាន​កាប់​បំផ្លាញ​ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង