ក្រុមពលរដ្ឋនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បាននាំគ្នាសង់រោងនិងបោះតង់ដេកយាមនៅលើដីធ្លីមានជម្លោះ ដើម្បីហាមឃាត់មិនឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីចូលឈូសឆាយ ដរាបណាពុំមានដំណោះស្រាយសមរម្យជូនពួកគេ។
ប្រជាពលរដ្ឋប្រមាណ ២០គ្រួសារនៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង បាននាំគ្នាធ្វើរោង និងបោះតង់នៅលើដីស្រែ និងក្បាលដីរបស់ខ្លួន ដោយចោទក្រុមហ៊ុនថា បានលួចឈូសឆាយទាំងយប់ទាំងថ្ងៃ ដោយយកគ្រឿងចក្រមកឈូសឆាយ និងកាយដីចេញពីកន្លែងមានទំនាស់។
ពលរដ្ឋមានជម្លោះម្នាក់ លោក ណៃ ភន ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា នេះជារឿងមិនអាចទទួលយកបាន ដែលក្រុមហ៊ុនបានរំលោភបំពានដីធ្លីរបស់ពលរដ្ឋ ដោយថា ដីទាំងនេះមិនទាន់មានការចរចារទិញលក់អាចទទួលយកបាននៅឡើយទេ។
លោកថា ក្រុមហ៊ុនត្រូវដោះស្រាយចំពោះការទាមទាររបស់ពលរដ្ឋឱ្យបានសមរម្យ មុននឹងធ្វើសកម្មភាពណាមួយដែលបំពានច្បាប់ និងគ្មានការយល់ព្រមពីភាគីមានជម្លោះ។
លោកបន្ដថា៖ «បើក្រុមហ៊ុនចង់ធ្វើការឈូសឆាយលើដីទាំងអស់នេះ សូមក្រុមហ៊ុនទិញពីពួកគាត់ជាមុនសិន ទើបមិនមានបញ្ហាបែបនេះកើតឡើង។ កន្លងមកក្រុមហ៊ុនឱ្យតម្លៃមកដីថោកគឺ៨ដុល្លារក្នុង១ម៉ែត្រការ៉េ។ តម្លៃនេះតើឱ្យពួកគាត់ទៅទិញនៅកន្លែងណាបានបើដីឥឡូវថ្លៃម្លឹងៗ សូម្បីតែតំបន់នៅជិតនេះក៏មានតម្លៃចាប់ពី៤០ដុល្លារក្នុង១ម៉ែត្រការ៉េទៅដល់១០០ដុល្លារជាងដែរ»។
តំណាងពលរដ្ឋមានជម្លោះដីធ្លីនៅឃុំបឹងខ្យាង អ្នកស្រី ទូច កែវ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា កន្លងមក អាជ្ញាធរបានចេញលិខិតបិទមិនឱ្យមានការទិញលក់ដីចំនួន៣ឆ្នាំមកហើយ និងមិនអនុញ្ញាតឱ្យមានសកម្មភាពណាមួយលើដីនេះឡើយ។
ប៉ុន្ដែ អ្នកស្រីថា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ក្រុមហ៊ុន OCIC របស់លោកឧកញ៉ា ពង់ ឃាវសែ បានជួលក្រុមហ៊ុនឯកជនមួយមកកាយយកដីចេញដើម្បីចាក់ខ្សាច់ចូល និងធ្វើកន្លែងចុះចតរបស់យន្ដហោះ ប៉ុន្ដែ ពួកគេបានបែរជាបន្ដកាយដីហួសកំណត់ និងឈានចូលដីរបស់ប្រជាពលរដ្ឋ ដែលដីទាំងនោះសុទ្ធសឹងមានកម្មសិទ្ធត្រឹមត្រូវ។
អ្នកស្រីរៀបរាប់បន្ដថា ពលរដ្ឋបានផ្ទុះកំហឹងនិងនាំគ្នាឃាត់គ្រឿងចក្រទាំងនោះភ្លាមៗ ហើយបានសួរនាំទៅអ្នកបើកគ្រឿងចក្រ ប៉ុន្ដែពួកគេឆ្លើយថា ក្រុមហ៊ុនបានបញ្ជាឱ្យពួកគាត់មកកាយ និងមិនបានដឹងថា ជាដីមានទំនាស់ឡើយ។
អ្នកស្រីបន្ដថា៖ «វាជារឿងអយុត្ដិធម៍ណាស់ សម្រាប់ពួកអ្នកក្រគ្មានអំណាច និងសិទ្ធិសេរីភាពដូចពួកគាត់ ដែលត្រូវបានអ្នកមានអំណាចពេញៗដៃមកបំពានដូច្នេះ»។
អធិការស្រុកកណ្ដាលស្ទឹង លោក ឡេង សុខរុន ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា លោកមិនដឹងរឿងឈូសឆាយដីរបស់ក្រុមហ៊ុនមកលើដីរបស់ប្រជាពលរដ្ឋឡើយ។ ប៉ុន្ដែ លោកថា លោកនឹងតាមដានរឿងនេះបន្ដទៀត ដើម្បីរាយការណ៍ជូនថ្នាក់លើរបស់លោក ប៉ុន្ដែ ដាស់តឿនពលរដ្ឋមិនឱ្យប្រើហិង្សាដែលឈានដល់ការប្រព្រឹត្តបទល្មើសណាមួយនាំឱ្យមានទោស។
លោកបន្ដថា៖ «ពេលខ្ញុំទៅដល់មិនឃើញមានគ្រឿងចក្រឡើយ។ ប្រជាពលរដ្ឋប្រាប់ថា មុនមកដល់ គេបានបើកបរគ្រឿងចក្រចេញទៅបាត់ហើយ។ ខ្ញុំនឹងតាមដានរឿងនេះ តែសុំបងប្អូនប្រជាពលរដ្ឋថា សុំកុំឱ្យមានអំពើហឹង្សាណាមួយកើតឡើងឲ្យសោះដូចជា វ៉ៃកំទិចគ្រឿងចក្រឬក៏ដុត អាចបណ្ដាលឲ្យមានទោសទៅដល់បងប្អូនវិញ»។
យ៉ាងណាក៌ដោយ ក្រុមពលរដ្ឋមានជម្លោះអះអាងថា ពួកគេនឹងបន្ដតវ៉ា និងដេកយាមដីធ្លីរបស់ពួកគេរហូតមានដំណោះស្រាយសមរម្យ។ ពួកគេក៏ស្នើសុំអន្ដរាគមន៍ពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ផងដែរ ដើម្បីបញ្ចប់រឿងដីធ្លីនេះឱ្យបានឆាប់។
អភិបាលខេត្តកណ្តាល លោក គង់ សុភ័ណ្ឌ មានប្រសាសន៍កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ថា អាជ្ញាធរខេត្តនេះបានសម្របសម្រួលដោះស្រាយជាមួយប្រជាពលរដ្ឋជាច្រើនដងហើយ ប៉ុន្តែពលរដ្ឋនៅតែមិនព្រម។ លោកបន្តថា រដ្ឋាភិបាលសម្រេចផ្តល់៨ដុល្លារក្នុងមួយម៉ែត្រការ៉េជូនពលរដ្ឋ គឺធ្វើឡើងតាមការវាយតំម្លៃមុនមានគម្រោងអភិវឌ្ឍន៍។
លោកថា មុនមានគម្រោងអភិវឌ្ឍន៍ ដីតំបន់នោះ ១ម៉ែត្រការ៉េ ត្រឹមតែ៣ទៅ៨ដុល្លារប៉ុណ្ណោះ ហើយអាជ្ញាធរខេត្តបានសម្របសម្រួលដោះស្រាយតាំងពីពេលនោះ ប៉ុន្តែពលរដ្ឋនៅតែមិនព្រម ដែលធ្វើឱ្យជម្លោះបន្តអូសបន្លាយដល់ពេលនេះ។
កាលពីខែមិថុនា ឆ្នាំ២០២០ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយដោយផ្តល់ដីរដ្ឋទំហំ២ ៦០០ហិកតា ដែលលាតសន្ធឹងលើស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ ឱ្យក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានកម្ពុជា (CAIC) វិនិយោគរួមគ្នាជាមួយសាជីវកម្មក្រៅប្រទេស និងលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីមួយ៕
_______________________________________
ពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក ឃាង សុមាន