CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

បទយកការណ៍ខ្លី៖ ប្ដីប្រពន្ធមួយគូនៅតែចងចាំសោកនាដកម្មបាក់អគារស្លាប់កម្មករនៅកែប

Admin ដោយ Admin
February 26, 2020
ក្នុង សង្គម
0
បទយកការណ៍ខ្លី៖ ប្ដីប្រពន្ធមួយគូនៅតែចងចាំសោកនាដកម្មបាក់អគារស្លាប់កម្មករនៅកែប
បទយកការណ៍ខ្លី៖ ប្ដីប្រពន្ធមួយគូនៅតែចងចាំសោកនាដកម្មបាក់អគារស្លាប់កម្មករនៅកែប
បទយកការណ៍ខ្លី៖ ប្ដីប្រពន្ធមួយគូនៅតែចងចាំសោកនាដកម្មបាក់អគារស្លាប់កម្មករនៅកែប
0
ចែករំលែក
20
ចំនួនមើល

បុរសជាប្ដីរៀបរាប់ពីហេតុការណ៍បាក់អគារចំពោះរូបគាត់៖ «ខ្ញុំនៅជាន់ទី៥ ធ្វើជាមួយអ៊ុំម្នាក់ នៅពេលមុនកើតហេតុបន្ដិច ខ្ញុំកំពុងអង្គុយជជែកលេងជាមួយគាត់។ ស្រាប់អង្គុយបានប្រហែលជិត ១០នាទី ក៏ស្រាប់វាលឺស្នូរផូង គ្រាន់តែលឺផូង វាស្រុតទៅបាត់ហើយ។ មុនហ្នឹង ក្នុងចិត្តដូចថា រាងភ័យៗដែរ ឃើញរាងខ្ពស់ដែរ មើលទៅសសរ និងគ្រឿងរបស់គេរាងធំៗ យើងរាងញញើតដែរ ឃើញសសរ និងដែកតូចៗល្មមដែរ»។

អស់រយៈពេលប្រមាណ ២ខែមកហើយ ដែលហេតុការណ៍បាក់រលំអគារកម្ពស់ ៧ជាន់មួយ នៅក្រុងកែប ខេត្តកែប បានកន្លងផុតទៅ ដែលបានបណ្ដាលឱ្យកម្មករសំណង់រាប់សិបនាក់ស្លាប់ និងច្រើននាក់ទៀតរងរបួស។
កំពុងតែសម្រាកមើលថែទាំសុខភាពរបស់ខ្លួន ក្រោយកើតហេតុការណ៍បាក់អគារនេះ លោក ភេន ពេជ្រ ប្រាប់ថា លោក និងភរិយា គឺជាជនរងគ្រោះដែលនៅរស់រានមានជីវិតពីព្រឹត្តិការណ៍បាក់រលំអគារកម្ពស់ ៧ជាន់ នៅក្រុងកែប កាលពីថ្ងៃទី៣ ខែមករាកន្លងមកនេះ។
បុរសមានសម្បុរស្រគាំ និងស្ថិតក្នុងវ័យ ៣៥ឆ្នាំរូបនេះរៀបរាប់ថា ជារៀងរាល់ថ្ងៃ គាត់នៅតែចងចាំព្រឹត្តិការណ៍បាក់រលំអគារនេះ និងនៅតែនឹករលឹកដល់មិត្តភក្ដិ ដែលធ្លាប់កម្សត់កម្រ និងធ្វើការងារសំណង់ជាមួយគ្នា ប៉ុន្ដែពួកគេបានលាចាកលោក ហើយខ្លះទៀតបានស្លាប់ទាំងគ្រួសារ។

លោករៀបរាប់ថា៖ «ខ្ញុំគ្រេចស្មាខាងឆ្វេង ហើយប្រពន្ធខ្ញុំដូចត្រូវធ្ងន់ជាងខ្ញុំបន្ដិច ខ្លាំងដែរ ព្រោះគ្នានៅជាន់ទី៣ អគារសង្កត់លើ ប៉ុន្ដែ គាត់គាបជាប់ បានធ្នឹមកល់។ បើធ្នឹមអត់កល់ បើមិនពិការ ក៏បែកក្បាលដែរ។ ដូចថា ខ្ញុំទៅជួយកាយ ឃើញធ្នឹមវាសង្កត់គងលើគ្នាអញ្ចឹង បើអត់មានធ្នឹម ប្រពន្ធខ្ញុំត្រូវស្លាប់បាត់។ ខ្ញុំសង្វេគពួកគាត់ដែរ ព្រោះធ្លាប់ធ្វើការជាមួយគ្នា ប៉ុន្ដែជួយអ្វីមិនបាន ព្រោះអាណោចអាធ័មដែរ ខ្លះបែកក្បាល ខ្លះគេយកអាត្រាក់ទៅកាយ អាចដាច់ដៃ ដាច់ជើងអញ្ចឹង»។

ក្រោយជួបគ្រោះថ្នាក់បាក់រលំអគារសង្កត់នោះ លោក ភេន ពេជ្រ អះអាងថា គាត់នៅតែមានបញ្ហាគ្រេចស្មាខាងឆ្វេង ហើយត្រូវសម្រាកព្យាបាលយូរទៀត មិនដឹងពេលណាជាសះស្បើយទាំងស្រុងឡើយ។
នៅពេលរំលឹកដល់ព្រឹត្តិការណ៍បាក់អគារនេះ និងរំលឹកដល់ជនរងគ្រោះដទៃទៀតនោះ លោក ភេន ពេជ្រ បានប្រែទឹកមុខស្រពោន និងពោលថា លោកញញើតមិនហ៊ានវិលត្រឡប់ទៅធ្វើការងារសំណង់ទៀតទេ។ លោកថា ការងារនេះកាន់តែប្រឈមនឹងគ្រោះថ្នាក់ពីមួយថ្ងៃទៅមួយថ្ងៃ និងមិនដែលឃើញមានការណែនាំបច្ចេកទេសសំណង់ឱ្យបានល្អិតល្អន់ឡើយ។
លោកសង្ឃឹមថា កម្មករសំណង់នៅប្រទេសកម្ពុជា គួរតែទទួលបានការការពារសុវត្ថិភាព និងអាយុជីវិតល្អប្រសើរជាងពេលបច្ចុប្បន្ន បន្ទាប់ពីលោកឃើញមនុស្សមួយចំនួនបានស្លាប់ក្នុងករណីបាក់អគារជាបន្ដបន្ទាប់។

លោករៀបរាប់បន្ដថា៖ «ខ្ញុំចង់ឱ្យក្រសួងពាក់ព័ន្ធហ្នឹងចុះត្រួតពិនិត្យអគារសំណង់ខ្ពស់ៗ ឱ្យបានត្រឹមត្រូវ កុំឱ្យមានលើកទី៣ ឬទី៤ អីទៀត ព្រោះយើងមានលើកទី២ ឬទី៣មកហើយ នៅឯក្រុងព្រះសីហនុ និងក្រុងកែប ខេត្តកែប និងនៅសៀមរាប។ ក្រសួងទាំងអស់ជួយត្រួតពិនិត្យសំណង់ ខ្លះធ្វើអត់មានគុណភាព ប្រើតែដែកតូច អត់មានគុណភាព»។

ភរិយាលោក ភេន ពេជ្រ គឺអ្នកស្រី ទូច សារី ក៏ជាជនរងគ្រោះម្នាក់ទៀតក្នុងចំណោមកម្មាការិនី ៨នាក់ ដែលនៅរស់រានមានជីវិតនោះ និយាយថា សោកនាដកម្មស្លាប់កម្មករនេះ នៅតែដក់ជាប់ក្នុងអារម្មណ៍របស់គាត់ និងការនឹកស្រណោះដល់អ្នកដទៃទៀត ដែលបានស្លាប់បាត់បង់ជីវិត។ អ្នកស្រីបន្ដថា ពីរនាក់ប្ដីប្រពន្ធគាត់មានភ័ព្វសំណាង ដែលមិនមានគ្រោះថ្នាក់ដល់អាយុជីវិត ប៉ុន្ដែ រូបគាត់នៅតែទទួលរងបញ្ហាប៉ះទង្គិចក្បាល និងភ្លាត់ដៃខាងឆ្វេង ដែលមកទល់ពេលនេះ នៅធ្វើទុក្ខនៅឡើយ។

អ្នកស្រីបន្ដថា៖ «ខ្ញុំរបួសដៃ ហើយត្រូវក្បាលដែរ តែវាអត់បែក ឬមានស្នាមអីឱ្យឃើញទេ ខ្ញុំត្រូវក្បាល និងខ្លួនហ្នឹង។ ដេកយប់ឡើងក៏ឈឺ ហើយអត់ទាន់ជាអស់ដែរ។ ដៃនិងក្បាលខ្ញុំ គឺឈឺដូចគ្នា ដៃខ្ញុំឡើងក្ងង់អស់ហើយ ពត់យ៉ាងណាក៏អត់ត្រង់ដែរ។ […] ខ្ញុំមានអារម្មណ៍ថា តក់ស្លុត ហើយភ័យខ្លាចរាល់ថ្ងៃ នៅតែនឹកឃើញនៅកន្លែងកែបហ្នឹង ហើយណាមួយ មានអារម្មណ៍ថា នឹកគ្នាធ្លាប់ធ្វើការជាមួយគ្នា ហើយពេលបែកបាក់គ្នាស្លាប់អញ្ចឹង មិននឹកស្មានដល់ទេ»។

បើតាមអ្នកស្រី ទូច សារី ក្រោយទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលសម្រាប់ជនរងគ្រោះដែលរស់រានមានជីវិត ក្នុងម្នាក់ទទួលបានប្រាក់ ១ម៉ឺនដុល្លារនោះ ពួកគាត់ពីរនាក់ប្ដីប្រពន្ធបានសម្រេចចិត្តយកថវិកានោះ ទៅទិញដីមួយកន្លែង នៅឯស្រុកកំណើត ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។
បទពិសោធន៍ជាជនរងគ្រោះនៃហេតុការណ៍បាក់រលំអគារនេះ បានញ៉ាំងឱ្យពួកគាត់បោះបង់ចោលការងារជាកម្មករសំណង់ ដោយងាកមកចាប់យកមុខរបរចិញ្ចឹមជីវិតបែបសាមញ្ញវិញ ដូចជា ចិញ្ចឹមមាន់ ធ្វើស្រែចម្ការ និងលក់ដូរបន្ដិចបន្ដួច ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។
ស្ដ្រីវ័យ ៣២ឆ្នាំរូបនេះក៏បង្ហាញនូវក្ដីព្រួយបារម្ភខ្លាំងចំពោះបញ្ហាសុវត្ថិភាព និងអាយុជីវិតរបស់កម្មករសំណង់ ដោយថា ពួកគាត់ហាក់មិនទទួលបានការការពារសុវត្ថិភាព និងការយកចិត្តទុកដាក់នោះទេ។

អ្នកស្រីរៀបរាប់បន្ដថា៖ «ប្រសិនជាសះស្បើយទៅ ក៏ខ្ញុំមិនដឹងថា ត្រូវធ្វើអី តែខ្ញុំថា ចង់លក់ដូរតិចតួចនៅផ្ទះអញ្ចឹង។ ខ្ញុំបានចាក់ដី ទិញដីអញ្ចឹង ធ្វើផ្ទះម៉ាល្មមនៅហ្នឹង ចិញ្ចឹមមាន់ ទិញគោមួយមកចិញ្ចឹមអញ្ចឹងទៅ។ លក់ដូរតិចតួច ឈប់អាលធ្វើសំណង់ទេ ព្រោះនៅភ័យ នៅខ្លាច»។

ព្រឹត្តិការណ៍បាក់រលំអគារនៅខេត្តកែបនេះ គឺជាសោកដនាកម្មមួយទៀត បន្ទាប់ពីការបាក់រលំអគារចិនមួយកម្ពស់ ៧ជាន់ នៅក្រុងព្រះសីហនុ កាលពីខែមិថុនា ឆ្នាំ២០១៩ ដែលធ្វើឱ្យកម្មករសំណង់រងគ្រោះសរុប ៥៤នាក់ ក្នុងនោះ ២៨នាក់បានស្លាប់ និង ២៦នាក់ទៀតរងរបួស។
បើតាមរបាយការណ៍របស់រដ្ឋាភិបាល ក្នុងករណីបាក់អគារនៅខេត្តកែបនេះ មានជនរងគ្រោះសរុប ៥៩នាក់ ក្នុងនោះបាត់បង់ជីវិត ៣៦នាក់ មានស្រី ១៤នាក់ និងរងរបួស ២៣នាក់ មានស្រី ៨នាក់។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏បានចុះទៅអន្ដរាគមន៍ចំពោះករណីបាក់អគារនេះដោយផ្ទាល់ផងដែរ។ ប៉ុន្ដែ លោកប្រកាសថា គ្មាននរណាម្នាក់ត្រូវចាប់យកមកទទួលខុសត្រូវនោះទេ ក្រៅពីទឹកប្រាក់ ដែលឧបត្ថម្ភដល់ជនរងគ្រោះ ដោយគ្រួសារអ្នកស្លាប់ទទួលបានប្រាក់ ៥ម៉ឺនដុល្លារ និងអ្នករងរបួសក្នុងម្នាក់ទទួលបាន ១ម៉ឺនដុល្លារ។
លោក ហ៊ុន សែន អះអាងថា អ្នកបង្កកំហុស គឺជាមេការសំណង់ដែលបានស្លាប់ហើយ ដូច្នេះ គ្មានភាគីណាមួយគួរចាប់យកមកដាក់ទោសនោះទេ។

ប្រសាសន៍លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន៖ «អញ្ចឹង មេការរូបនេះ គាត់បានទទួលមរណភាពទាំងខ្លួនទាំងកូនទៅទៀត មិនអាចចាប់គាត់ទៅទទួលទោសទេ មានតែផ្តល់ជំនួយជូនគ្រួសារគាត់»។

កាលពីថ្ងៃទី២១ ខែមករាកន្លងទៅ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន ៧៨ស្ថាប័ន បានដាក់ញតិ្តរួមគ្នាមួយនៅក្រសួងការងារ និងក្រសួងរៀបចំដែនដី ដើម្បីស្នើសុំស្ថាប័នទាំងពីរនេះ មានវិធានម៉ឺងម៉ាត់ក្នុងការធានាគុណភាព និងសុវត្ថិភាពនៅកន្លែងធ្វើការងារ សម្រាប់កម្មករសំណង់ទាំងអស់ក្នុងប្រទេសកម្ពុជា។

ក្នុងខ្លឹមសារញត្តិដដែលនេះ ក្រុមអង្គការសង្គមស៊ីវិលក៏បានស្នើទៅរដ្ឋាភិបាលឱ្យផ្ដល់ទីតាំសាធារណៈនៅទីរួមខេត្តព្រះសីហនុ និងខេត្តកែប ដើម្បីធ្វើជាស្តូបរំលឹកការចងចាំដល់ព្រឹត្តការណ៍បាក់រលំអគារ បណ្ដាលឱ្យកម្មករសំណង់ស្លាប់នៅទីកន្លែងទាំងនោះ។

អគ្គលេខាធិការសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា លោក យ៉ាន់ ធី មានប្រសាសន៍ថា កម្មករសំណង់នៅកម្ពុជាទទួលការយកចិត្តទុកដាក់ តែនៅពេលដែលពួកគេជួបគ្រោះថ្នាក់ប៉ុណ្ណោះ ពិសេសដូចជា ករណីបាក់អគារជាដើម។ ប៉ុន្ដែលោកថា កិច្ចគាំពារទាំងអស់នោះក៏ស្ងាត់ទៅវិញ បន្ទាប់ពីព្រឹត្តិការណ៍បាក់អគារបានបញ្ចប់ ហើយពួកគេក៏លែងទទួលបានការចាប់អារម្មណ៍ខ្លាំងចំពោះសុខទុក្ខដូចពីមុនទៀតឡើយ។
លោកយល់ថា រដ្ឋាភិបាលគួរពង្រឹងការធានាគុណភាពវិស័យសំណង់នៅកម្ពុជា ពិសេស ដាក់ចេញនូវយន្ដការមានប្រសិទ្ធភាពក្នុងការកាត់បន្ថយហានិភ័យ ឬគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានចំពោះកម្មករសំណង់។
បើតាមលោក យ៉ាន់ ធី ការងារជាកម្មករសំណង់នៅកម្ពុជាកំពុងប្រឈមហានិភ័យខ្ពស់ ដោយថា កម្មករភាគច្រើននៅតែមិនទាន់ទទួលកិច្ចគាំពារសង្គមពេញលេញ ឬការការពារសុវត្ថិភាពនៅកន្លែងធ្វើការនោះទេ។

លោកបន្ដថា៖ «ដូចខ្ញុំលើកឡើងពីខាងដើមថា គាត់ទទួលបានកិច្ចគាំទ្រ ឬការយកចិត្តទុកដាក់ហ្នឹង នៅពេលដែលមានបញ្ហាគ្រោះថ្នាក់ហ្នឹងទេ។ បើយើងមើលជាក់ស្ដែងទាំងអស់គ្នា គ្រោះថ្នាក់គឺនៅតែមាន បញ្ហាសុខភាព សុវត្ថិភាពនៅតែជាបញ្ហាប្រឈម។ ហើយបើតាមរបាយការណ៍របស់សហព័ន្ធយើងដែលបានស្រាវជ្រាវកាលពីចុងឆ្នាំ២០១៧ មានកម្មករសំណង់ ៩១ភាគរយ ដែលគាត់មិនទាន់ទទួលបានកិច្ចគាំពារសង្គម។ មួយទៀត គឺទាក់ទងនឹងការអនុវត្តច្បាប់»។

របាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយកាលពីខែសីហា ឆ្នាំ២០១៨ ស្តីពីការ «ឆ្ពោះទៅសម្រេចសក្ដានុពលនគរូបនីយកម្ម» កត់សម្គាល់ថា ប្រទេសកម្ពុជាប្រឈមនឹងគុណភាពអន់ថយនៃសំណង់លំនៅដ្ឋាន និងកង្វះខាតហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋានក្នុងទីប្រជុំជន។ របាយការណ៍ធនាគារពិភពលោករកឃើញថា បញ្ហាសំណង់នៅកម្ពុជាបន្ដកើតឡើង ដោយសារគោលការណ៍អនុញ្ញាតឱ្យសាងសង់មុន ទើបផ្ដល់អាជ្ញាប័ណ្ណតាមក្រោយ៕
————————————————————————
ដោយពលរដ្ឋសារព័ត៌មាន លោក សេង ផៃ

អត្ថបទមុន

បទយកការណ៍៖ គ្រួសារតំណាងពលរដ្ឋតវ៉ាដីធ្លីជាមួយក្រុមហ៊ុនចិននៅខេត្តត្បូងឃ្មុំប្រឈមបញ្ហាជីវភាព

អត្ថបទបន្ទាប់

លោក ញឹក ប៊ុនឆៃ ជំរុញឱ្យអ្នកនយោបាយជជែកគ្នាដើម្បីបញ្ចៀសទណ្ឌកម្ម EBA

អត្ថបទបន្ទាប់
លោក ញឹក ប៊ុនឆៃ ជំរុញឱ្យអ្នកនយោបាយជជែកគ្នាដើម្បីបញ្ចៀសទណ្ឌកម្ម EBA

លោក ញឹក ប៊ុនឆៃ ជំរុញឱ្យអ្នកនយោបាយជជែកគ្នាដើម្បីបញ្ចៀសទណ្ឌកម្ម EBA

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង